កីឡាជាតិ
ជាតិ
ទៀង ទី​នី ចូលរួម​ជាមួយ​ស្វាយរៀង ខណៈ​បឹងកេត​នាំចូល​កីឡាករ​៤​រូប​
13, Dec 2019 , 3:31 pm        
រូបភាព
ខ្សែការពារ ទៀង ទីនី ចូលរួមជាមួយព្រះខ័នរាជស្វាយរៀង, រូបភាពពីក្លិបព្រះខ័នរាជស្វាយរៀង
ខ្សែការពារ ទៀង ទីនី ចូលរួមជាមួយព្រះខ័នរាជស្វាយរៀង, រូបភាពពីក្លិបព្រះខ័នរាជស្វាយរៀង
ដោយ:
​ខ្សែការពារ ទៀង ទី​នី បាន​ចុះកិច្ចសន្យា​លេង​ឲ្យ​ក្លិប​បាល់ទាត់​ព្រះខ័ន​រាជ​ស្វាយរៀង​សម្រាប់​រដូវ​កាល​ឆ្នាំ​២០២០-២០២១ ក្រោយ​ផុត​កិច្ចសន្យា​ជាមួយ​ក្លិប​វិសាខា​។ នេះ​បើតាម​ការប្រកាស​របស់​ក្លិប​ព្រះខ័ន​រាជ​ស្វាយរៀង​នៅលើ​ទំព័រ​ហ្វេ​ស​ប៊ុ​កនៅ​ថ្ងៃទី​១៣ ខែធ្នូ ឆ្នាំ​២០១៩​នេះ​។ ចំណែក​ក្លិប​បាល់ទាត់​បឹងកេត បាន​នាំចូល​យុវជន​មកពី​សាលា​បាត់​ទាត់​ជាតិ​បាទី​ចំនួន​៤​រូប​។​

 
​តាមរយៈ​កិច្ចសន្យា​ខាងលើ​ខ្សែការពារ ទៀង ទី​នី ត្រូវ​ជួយ​ក្លិប​បាល់ទាត់​ព្រះខ័ន​រាជ​ស្វាយរៀង​ប្រជែង​ដណ្តើម​ជើងឯក​ក្នុង​ពានរង្វាន់​លី​គ​កំពូល និង​ពានរង្វាន់​សម្តេច ហ៊ុន សែន ប្រចាំឆ្នាំ​២០២០​។ តែ​នៅ​ចំពោះមុខ ខ្សែការពារ​ចាស់វស្សា​រូបនេះ ត្រូវ​ជួយ​ក្លិប​នេះ ប្រជែង​ក្នុង​ពានរង្វាន់​លំដាប់​ទី​២​របស់​សហព័ន្ធ​កីឡាបាល់ទាត់​ទ្វីបអាស៊ី AFC Cup 2020​។ 
 
​សម្រាប់​ការប្រកួត AFC Cup ព្រះខ័ន​រាជ​ស្វាយរៀង ត្រូវ​ប្រជែង​ជាមួយ​ក្រុម  Master 7 របស់​ឡាវ នៅ​វគ្គ Playoff ដើម្បី​ដណ្តើម​កៅអី​ឡើងទៅ​វគ្គ Group Stage​។ ការប្រកួត​ធ្វើឡើង​ពីរ​ជើង ដោយ​ជើង​ទី​១​រៀបចំ​នៅ​ថ្ងៃទី​២២ ខែមករា ឆ្នាំ​២០២០ នៅ​ពហុ​កីឡដ្ឋាន​ជាតិ ខណៈ​ជើង​ទី​២​ធ្វើឡើង​នៅ​ថ្ងៃទី​២៩ មករា ឆ្នាំ​២០២០ នៅ​កីឡដ្ឋាន Lao National Stadium​។​
 
​មុន​ចូលរួម​ជាមួយ​ព្រះខ័ន​រាជ​ស្វាយរៀង កីឡាករ ទៀង ទី​នី បាន​ចំណាយពេល​៣​ឆ្នាំ​រួមរស់​ជាមួយ​ក្លិប​វិសាខា ពោលគឺ​តាំងពី​ក្លិប​នេះ​នៅ​លេង​ក្នុង​លី​គ​លំដាប់​ទី​២​។ រូបគេ បាន​ជួយ​ឲ្យ​ក្លិប​នេះ​ឈ្នះ​កៅអី​ឡើងមក​លេង​លី​គ​កំពូល​ឆ្នាំ​២០១៨ ដោយ​កាលណោះ​ពួកគេ​បញ្ចប់​ក្នុង​ចំណាត់ថ្នាក់​លេខ​៣ និង​បញ្ចប់​លេខ​២​នៅ​ឆ្នាំ​២០១៩​។ ជាមួយគ្នានេះ រូបគេ ធ្លាប់​លេង​ឲ្យ​ក្លិប​ភ្នំពេញ​ក្រោ​ន ណាហ្គា​វើ​ល និង​អង្គ​រថា​យ​ហ្គឺ​រ​ជាដើម​។​
 
​ដោយឡែក ក្លិប​បាល់ទាត់​បឹងកេត បានធ្វើ​ឲ្យ​អ្នកគាំទ្រ​កីឡាបាល់ទាត់​មាន​ភ្ញាក់ផ្អើល​យ៉ាងខ្លាំង តាមរយៈ​ការនាំ​ចូល​ខ្សែប្រយុទ្ធ​វ័យក្មេង សៀង ច​ន្ធា របស់​សាលា​បាល់ទាត់​ជាតិ​បាទី និង​មិត្ត​រួម​ក្រុម​៣​រូប​ទៀត​រួមមាន ជុង មករា​, សៅ វ៉ៃ​ហ្វី និង​អ្នកចាំទី ថា ច័ន្ទ​ឬ​ទ្ធី​។ រដូវ​កាល​ដោះដូរ​កីឡាករ​បាន​បើក​តាំងពី​ថ្ងៃទី​៩ ខែធ្នូ ឆ្នាំ​២០១៩ ហើយ​បិទ​បញ្ចប់​នៅ​ថ្ងៃទី​៧ ខែកុម្ភៈ ឆ្នាំ​២០២០៕      

Tag:
 បាល់ទាត់​
  ទៀង ទី​នី​
  ព្រះខ័ន​រាជ​ស្វាយរៀង​
  បឹងកេត
© រក្សាសិទ្ធិដោយ thmeythmey.com