ខ្សែប្រយុទ្ធវ័យក្មេង សៀង ចន្ធា ត្រូវបានជ្រើសរើសជាកីឡាករក្នុងជម្រើស១១នាក់ល្អបំផុតប្រចាំព្រឹត្តិការណ៍កីឡាស៊ីហ្គេម (SEA Games) លើកទី៣០ នៅហ្វ៊ីលីពីន ក្រោយជួយ U22 កម្ពុជាទទួលបានចំណាត់ថ្នាក់ទី៤ ក្នុងវិញ្ញសាកីឡាបាល់ទាត់បុរសជាប្រវត្តិសាស្ត្រ។
វៀតណាមបានក្លាយជាម្ចាស់ជើងឯង (មេដាយមាស) ក្នុងវិញ្ញាសាកីឡាបាល់ទាត់បុរស ពីព្រឹត្តិការណ៍កីឡាប្រចាំតំបន់អាស៊ានឆ្នាំ២០១៩ ក្រោយយកឈ្នះឥណ្ឌូណេស៊ីក្នុងវគ្គផ្តាច់ព្រ័ត្រ ៣-០។ ស្របពេលវៀតណាមក្លាយជាម្ចាស់ឈ្នះមេដាយមាសជាលើកដំបូងក្រោយរយៈពេលបីទសវត្សរ៍ ហើយកម្ពុជាក៏បង្ហាញភាពអស្ចារ្យរបស់ខ្លួនដែរនោះ ផ្ទុយទៅវិញក្រុមខ្លាំងៗដូចជាថៃ ម៉ាឡេស៊ី និងសិង្ហបុរីសុទ្ធតែធ្លាក់ត្រឹមវគ្គចែកពូល។
U22 កម្ពុជាបានឆ្លងផុតវគ្គចែកពូលដោយទទួលបានចំណាត់ថ្នាក់ទីពូល A ជាមួយពិន្ទុល្អជាងម្ចាស់ផ្ទះហ្វីលីពីន និងម៉ាឡេស៊ី។ នៅវគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រកម្ពុជាចាញ់វៀតណាម ដោយសល់ឱកាសដណ្តើមមេដាយសំរឹទ្ធជាមួយមីយ៉ាន់។
ក្នុងការប្រកួតជាមួយមីយ៉ាន់ម៉ា សៀង ចន្ធាដែលមានវ័យទើប១៧ឆ្នាំ ក៏បានបង្កើតភាពអស្ចារ្យដោយអាចស៊ុតគ្រាប់នាំមុខឲ្យកម្ពុជា ដែលជាគ្រាប់ស៊ុតលឿនបំផុតត្រឹមរយៈ១៧វិនាទីក្នុងព្រឹត្តិការណ៍នេះ និងព្រមទាំងបំបែកកំណត់ត្រាអ្នកស៊ុតលឿនបំផុតកាលពីព្រឹត្តិការណ៍មុខៗផងដែរ។
ដោយសារបានបង្ហាញទម្រង់លេងលេចធ្លោតាំងពីវគ្គសន្សំពិន្ទុ ចន្ធា ដែលទើបផ្ទេចូលក្លិបបឹងកេត ត្រូវបានជ្រើសចូលជាកីឡាករ១១ល្អបំផុតសម្រាប់តំណែងខ្សែបម្រើក្នុងព្រឹត្តិការណ៍កីឡាអាស៊ីអាគ្នេយ៍ឆ្នាំ២០១៩នេះ។
ខាងក្រោយនេះជាកីឡាករទាំង១១រូបដែលជាប់ឈ្មោះល្អបំផុត៖
- អ្នកចាំទី៖ មីយ៉ាន់ម៉ា Sann Satt Naing (មីយ៉ាន់ម៉ា)
- ខ្សែការពារបីរូប៖ Doan Van Hau (វៀតណាម), Amani Aguinaldo (ហ្វីលីពីន) និង Asnawi Bahar (ឥណ្ឌូណេស៊ី)
- ខ្សែបម្រើបួនរូប៖ សៀង ចន្ធា (កម្ពុជា), Do Hung Dung (វៀតណាម), Myat Kaung Khant (វៀតណាម), និង Saddil Ramdani (ឥណ្ឌូណេស៊ី)
- ខ្សែប្រយុទ្ធបីរូប៖ Osvaldo Haay (ឥណ្ឌូណេស៊ី), Ha Duc Chinh (វៀតណាម) និង Nguyen Tien Linh (វៀតណាម)៕