អន្តរជាតិ
ម៉ាស្សាបែបថៃ ត្រូវបានដាក់បញ្ចូលក្នុងបញ្ជីបេតិកភណ្ឌ UNESCO
× នៅថ្ងៃព្រហស្បតិ៍ ១២ ខែធ្នូ ២០១៩ ម៉ាស្សាបែបថៃ ដែលមានអាយុកាលដ៏ចំណាស់ ត្រូវបានដាក់បញ្ចូល ទៅក្នុងបញ្ជីបេតិកភណ្ឌរបស់អង្គការ UNESCO។ មានដើមកំណើតក្នុងប្រទេសឥណ្ឌា និងបានអនុវត្តក្នុងប្រទេសថៃអស់ពេលជាច្រើនសតវត្សរ៍ ការម៉ាស្សាបែបនេះ មានភាពពេញនិយមជាខ្លាំង នៅពេលសាលាបង្ហាត់បង្រៀនជំនាញនេះ បានបើកទ្វារក្នុងទសវត្សរ៍ឆ្នាំ១៩៦០ ដើម្បីទទួលសិស្សមកពីគ្រប់ទិសទីនៅជុំវិញពិភពលោក។
នៅជំនួបរបស់អង្គការ UNESCO ក្នុងរដ្ឋធានី បូហ្គោតា ប្រទេស កូឡុំប៊ី ប្រភិភូថៃម្នាក់ បានលើកឡើងថា ការដាក់បញ្ចូលម៉ាស្សាតាមបែបបុរាណថៃក្នុងបញ្ជី «បេតិកភណ្ឌវប្បធម៌អរូបី» គឺជា រឿងជាប្រវត្តិសាស្ត្រ។ លោក សង្កត់ធ្ងន់ថា៖«វាជួយលើកស្ទួយការអនុវត្តម៉ាស្សាបែបថៃនេះទាំងក្នុងស្រុក និងអន្តរជាតិ»។ នេះបើតាមទីភ្នាក់ងារព័ត៌មាន AFP។
ចាស់ទុំអ្នកចេះដឹងថៃ បានអះអាងថា សង្ឃនិងគ្រូពេទ្យ បាននាំយកវីធីសាស្ត្រនេះ មកអនុវត្តក្នុងប្រទេសថៃ តាំងពីជាង២៥០០ឆ្នាំមកម្ល៉េះ ដោយការផ្ទេរចំណេះដឹងពីគ្រូបង្គោល ទៅកាន់សិស្សក្នុងវិហារ ហើយក្រោយមកក្នុងរង្វង់គ្រួសារ។
ក្រោមការដឹកនាំរបស់ស្តេចថៃរាមាទី៣ ក្នុងសតវត្សរ៍ទី១៩ អ្នកប្រាជ្ញថៃ បានចារទុកចំណេះដឹង ទាក់ទិងនឹងការម៉ាស្សានេះ លើចម្លាក់ថ្មក្នុងវត្តព្រះជេតពន ក្នុងរាជធានីបាងកក។ សាលាបង្រៀនម៉ាស្សាបែបថៃ ដែលបានបង្ហាត់សិស្សជាង២០ម៉ឺននាក់ ដែលយកទៅអនុវត្តក្នុងប្រទេសចំនួន ១៤៥ បានបើកទទួលបង្រៀនជាលើកដំបូង ក្នុងឆ្នាំ១៩៦២។
សូមបញ្ជាក់ថា ការសិក្សាជាច្រើនបានបង្ហាញថា ម៉ាស្សាបែបប្រពៃណីថៃនេះ អាចជួយកាត់បន្ថយការឈឺចាប់ឆ្អឹងខ្នង ឈឺក្បាល គេងមិនលក់ ហើយសូម្បីតែតប់ប្រមល់។ ការអនុវត្តម៉ាស្សារបៀបនេះ គឺមានការចាប់ច្របាច់រាងកាយ និងពុតបត់បែនចុះឡើងជាដើម ហើយគេក៏ប្រើប្រាស់ប្រេង និងថ្នាំធម្មជាតិបែបបុរាណផ្សេងទៀត លាបលើរាងកាយផងដែរ៕
Tag:
ថៃ
ម៉ាស្សាប្រពៃណី
UNESCO
បេតិកភណ្ឌ
© រក្សាសិទ្ធិដោយ thmeythmey.com