លោកស្រី កែ សួនសុភី ត្រូវបានតែងតាំងឲ្យធ្វើជាប្រធានក្លិបវិសាខាជំនួសស្វាមី គឺលោក ស សុខា នៅថ្ងៃទី១៦ ខែធ្នូ ឆ្នាំ២០១៨។ លោកស្រី បានជួបរឿងរ៉ាវមិនធ្លាប់ជួបជាច្រើនក្នុងអំឡុងដឹកនាំក្លិបបាន១ឆ្នាំ។ ការឈរតែម្នាក់ឯងក្នុងវិស័យនេះវាពិតជាឯកាខ្លាំងណាស់ ដូច្នេះលោកស្រី ចង់ឃើញស្ត្រីកាន់តែច្រើនប្រឡូកក្នុងវិស័យនេះ ដើម្បីរួមគ្នាអភិវឌ្ឍន៍វិស័យកីឡាបាល់ទាត់នៅកម្ពុជាឲ្យកាន់តែរីកចម្រើន និងល្បីល្បាញទាំងថ្នាក់ជាតិនិងអន្តរជាតិ។
ក្រោយចូលកាន់តំណែងជាប្រធានក្លិបបានប្រមាណមួយឆ្នាំ លោកស្រី កែ សួនសុភី អះអាងថា លោកស្រីបានជួបរឿងរ៉ាវជាច្រើន ដែលមិនធ្លាប់កន្លងមក។ ភាពឯកាក៏កើតមានផងដែរសម្រាប់ លោកស្រី ដ្បិតចំនួនស្ត្រីប្រឡូកក្នុងវិស័យកីឡាបាល់ទាត់នៅមានចំនួនតិចតួចនៅឡើយ។ លោកស្រី ចង់ឃើញវត្តមានស្ត្រីប្រឡូកក្នុងវិស័យនេះកាន់តែច្រើន ដើម្បីលើកកម្ពស់ស្ត្រីក្នុងវិស័យកីឡាផង និងរួមចំណែកអភិវឌ្ឍន៍កីឡាបាល់ទាត់នៅកម្ពុជា។
«ខ្ញុំកំពុងរៀនពីវាបន្តិចម្តងៗខណៈដែលខ្ញុំកំពុងដឹកនាំក្លិបវិសាខា ហើយខ្ញុំជួបប្រទះបញ្ហាជាច្រើនដែលខ្ញុំមិនធ្លាប់ដឹង ដូច្នេះខ្ញុំត្រូវការស្ត្រីគ្នាឯងចូលរួមកាន់តែច្រើនក្នុងកីឡានេះ ដើម្បីជួយគាំទ្រគ្នាទៅវិញទៅមក។ ការដែលឈរម្នាក់ឯងពិតជាឯកាខ្លាំងណាស់ ខ្ញុំចង់ឲ្យស្ត្រីទាំងអស់ចូលរួមវិស័យនេះឲ្យបានច្រើន ដើម្បីឆ្ពោះទៅមុខជាមួយគ្នា»។ លោកស្រី កែ សួនសុភី រៀបរាប់ដូច្នេះក្នុងវីដេអូឃ្លីបមួយ ដែលបង្ហោះនៅលើទំព័រហ្វេសប៊ុកក្លិបបាល់ទាត់វិសាខា។
ទន្ទឹមនឹងចង់ឃើញវត្តមានស្ត្រីប្រឡូកក្នុងវិស័យកីឡាបាល់ទាត់ប្រធានក្លិបវិសាខារូបនេះ ក៏ចង់ឃើញវិស័យកីឡាបាល់ទាត់កម្ពុជាមានភាពរីកចម្រើន និងល្បីល្បាញនៅឆាកអន្តរជាតិផងដែរ។ វិសាខានឹងក្លាយជាចំណែកមួយដ៏សំខាន់ក្នុងការជួយបណ្តុះបណ្តាលធនធានកីឡាករ ក៏ដូចជាអភិវឌ្ឍន៍វិស័យកីឡាបាល់ទាត់នៅកម្ពុជា។ នេះជាការរំពឹងរបស់លោកស្រី កែ សួនសុភី។
ភរិយារបស់លោក ស សុខា រដ្ឋលេខាធិការក្រសួងអប់រំយុវជននិងកីឡារូបនេះ ចាត់ទុកក្លិបវិសាខាប្រៀបដូចជាសមាជិកគ្រួសារម្នាក់ផងដែរ។ ការចាត់ទុកបែបនេះ ព្រោះវិសាខាជាឈ្មោះកូនស្រីទី៣ ដែលជាចំណងអាពាហ៍ពិពាហ៍របស់ លោកស្រី ជាមួយលោក ស សុខា។ ទោះបីក្លិបវិសាខាបានដំណើរការតាំងពីឆ្នាំ២០១៦ក៏ដោយ តែ លោកស្រី បានប្រៀបធៀបដំណើរការរបស់ក្លិបទៅនឹងក្មេង ដែលទើបរៀនដើរដំបូង។
មហិច្ឆតារបស់លោកស្រី កែ សួនសុភី គឺចង់ឲ្យវិសាខាក្លាយជាក្លិបមានសមត្ថភាពខ្លាំងមួយនៅកម្ពុជា និងអាចប្រកួតប្រជែងនៅលើឆាកអន្តរជាតិ។ ពិសេស គឺចង់ឲ្យក្លិបនេះមានរចនាសម្ព័ន្ធគ្រប់គ្រងស្តង់ដា និងមានការទទួលស្គាល់ពីអន្តរជាតិ។
លោកស្រីបង្ហាញពីគោលបំណងនៃការបង្កើតក្លិបយ៉ាងដូច្នេះថា៖«យើងបង្កើតក្លិបនេះឡើង គឺទី១.ចង់ឲ្យវិសាខាក្លាយជាក្លិបមួយដ៏អស្ចារ្យក្នុងចំណោមក្លិបខ្លាំងៗ ទី២.ចង់ឲ្យវិស័យកីឡាបាល់ទាត់នៅកម្ពុជាមានភាពល្បីល្បាញមិនត្រឹមតែក្នុងស្រុក តែលំដាប់អន្តរជាតិ និងទី៣.គឺចង់ឲ្យយុវជនចូលរួមក្នុងវិស័យកីឡាបាល់ទាត់ឲ្យបានច្រើន ដើម្បីឲ្យគាត់ចៀសឆ្ងាយពីគ្រឿងញៀន និងអំពើខុសច្បាប់នានា ដែលនាំឲ្យប៉ះដល់ខ្លួនឯងនិងសង្គម»។
លោកស្រី កែ សួនសុភី ជាស្ត្រីទីពីរបន្ទាប់ពីលោកស្រី ពុធ ធីតា ប្រធានក្លិបបាល់ទាត់បឹងកេត ដែលបានចូលខ្លួនមកដឹកនាំក្លិបបាល់ទាត់នៅកម្ពុជា៕