អន្តរជាតិ
កូរ៉េខាងជើងថា អាមេរិកគ្មានធ្វើសម្បទានអ្វីទេសម្រាប់កិច្ចចរចានុយក្លេអ៊ែរ មេដឹកនាំកូរ៉េខាងជើងគីម ជុងអ៊ុន, រូបភាព៖ KCNA
× កូរ៉េខាងជើង នៅថ្ងៃទី១២ ខែធ្នូ បានបញ្ឈឺអាមេរិកថា ទីក្រុងវ៉ាស៊ីនតោន គ្មានធ្វលសម្បទានអ្វីទេ ជាមួយទីក្រុងព្យុងយ៉ាងក្នុងការបង្កើតកិច្ចចរចារំសាយកម្មវិធីនុយក្លេអ៊ែរជាថ្មី។ ការឌឺដងរបស់កូរ៉េខាងជើងបែបនេះ គឺបន្ទាប់ពីឯកអគ្គរដ្ឋទូតអាមេរិកនៅអង្គការសហប្រជាជាតិ លោកស្រី Kelly Craft បានលើកឡើងថា អាមេរិក និងក្រុមប្រឹក្សាសន្តិសុខ ជំរុញឲ្យកូរ៉េខាងជើងចូលតុចរចាជាថ្មី។
នាកិច្ចប្រជុំក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិនាថ្ងៃទី១១ ខែធ្នូ លោកស្រី Kelly Craft ឯកអគ្គរដ្ឋទូតអាមេរិកនៅអង្គការសហប្រជាជាតិ បានជំរុញឲ្យកូរ៉េខាងជើងចូលតុចរចាជាថ្មី។ ជាការឆ្លើយតប អ្នកនាំពាក្យក្រសួងការបរទេសកូរ៉េខាងជើង បាននិយាយថា អាមេរិកតែងនិយាយពីកិច្ចចរចារំសាយកម្មវិធីនុយក្លេអ៊ែរ ប៉ុន្តែអាមេរិក មិនមានអ្វីទាំងអស់មកធ្វើជាសម្បទាន យកមកចរចាជាមួយកូរ៉េខាងជើង។ នេះបើតាមសេចក្តីថ្លែងការណ៍ដែលចេញផ្សាយដោយទីភ្នាក់ងារព័ត៌មាន KCNA។
ក្រៅពីកិច្ចចរចាជាមួយកូរ៉េខាងជើង អាមេរិក ក៏បានលើកឡើងផងដែរ ពីលទ្ធភាពនៃការទណ្ឌកម្មលើកូរ៉េខាងជើង។ បើតាមការលើកឡើងលោកស្រី Kelly នាកិច្ចប្រជុំក្រុមប្រឹក្សាសន្តិសុខ អាមេរិក បានត្រៀមខ្លួន រួចហើយសម្រាប់ចំណាត់ការបន្ទាប់ ប្រសិនបើកូរ៉េខាងជើងនៅតែផ្គើនសាកល្បងមីស៊ីលម្តងហើយម្តងទៀត។ ជាមួយគ្នានេះដែរ លោកស្រីអគ្គរដ្ឋទូតអាមេរិករូបនេះ បានបន្ថែមទៀតថា ក្រុមប្រឹក្សាសន្តិសុខក៏បានត្រៀមខ្លួនរួចហើយដែរ ដើម្បីឆ្លើយតបទៅនឹងសកម្មភាពអរិភាពរបស់ទីក្រុងព្យុងយ៉ាង។
ជាការឆ្លើយតបទៅនឹងពាក្យព្រមានរបស់អាមេរិក អ្នកនាំពាក្យក្រសួងការបរទេសកូរ៉េខាងជើង បាននិយាយយ៉ាងដូច្នេះថា៖ «ដូចដែលកូរ៉េខាងជើងធ្លាប់លើកឡើង យើង[កូរ៉េខាងជើង] គ្មានអ្វីត្រូវបាត់បង់ច្រើនជាងនេះនោះទេ។ យើង បានត្រៀមខ្លួនរួចហើយ សម្រាប់វិធានការឆ្លើយតបទៅនឹងអ្វី ដែលអាមេរិក ជ្រើសយក»។ ក្នុងន័យនេះ កូរ៉េខាងជើង ទំនងជាចង់បញ្ឈឺដាក់អាមេរិកថា គ្មានឥទ្ធិពលអ្វីបន្តិចទេមកលើប្រទេសខ្លួន។
តាមរយៈសេចក្តីសេចក្តីថ្លែងការណ៍ក្រសួងការបរទេសដដែល កូរ៉េខាងជើងបានចាត់ទុកអាមេរិកថាជា «មនុស្សខូច» ដែលចូលលេងខ្សែលើជាមួយអ្នកដទៃ។
សូមបញ្ជាក់ថា កូរ៉េខាងជើងនៅតែរង់ចាំដល់ដំណាច់ឆ្នាំ រហូតដល់អាមេរិកទម្លាក់ចោលគោលនយោបាយបង្កសត្រូវជាមួយទីក្រុងព្យុងយ៉ាងចោល។ បានសេចក្តីថា អាមេរិកត្រូវតែធ្វើសម្បទាន ជាជាងការទាមទារពីកូរ៉េខាងជើង។ បើមិនដូច្នោះទេ កូរ៉េខាងជើង នឹងចាត់វិធានការដ៏ធំមួយទៅលើទីក្រុងវ៉ាស៊ីនតោន ប៉ុន្តែមិនបានបញ្ជាក់ច្បាស់ទេថា ជាវិធានការអ្វីនៅឡើយទេ៕
Tag:
កូរ៉េខាងជើង
អាមេរិក
© រក្សាសិទ្ធិដោយ thmeythmey.com