ជាតិ
ពោត​របស់​កសិករ ពឹង​លើ​អ្នកទិញ​ស្តុក​ក្នុងស្រុក ព្រោះ​ថៃ​បិទ​ការ​នាំចូល ដល់​ខែកុម្ភៈ ឆ្នាំ​២០២០
13, Dec 2019 , 9:19 pm        
រូបភាព
 រូបពីមន្ទីរកសិកម្មខេត្តព្រះវិហារ
រូបពីមន្ទីរកសិកម្មខេត្តព្រះវិហារ
​ភ្នំពេញ​៖ ប្រទេស​ថៃ កំពុង​បិទ​ការ​នាំចូល​ពោតក្រហម​ពី​កម្ពុជា រហូតដល់់​ខែកុម្ភៈ​ឆ្នាំ​២០២០​។ នេះ​បើតាម​លោក គឹម ហួត ប្រធាន​មន្ទីរ​ពាណិជ្ជកម្ម​ខេត្តបាត់ដំបង ដោយ​លោក​បាន​បញ្ជាក់ថា ក្នុង​រយៈពេល​នេះ តម្លៃ​ពោត​នឹង​ធ្លាក់​ថ្លៃ​នៅត្រឹម​៥០០​ទៅ​៦៥០​រៀល​ក្នុង​មួយ​គីឡូក្រាម ព្រោះ​កសិករ​ត្រូវ​ពឹង​លើ​ឈ្មួញ​ក្នុងស្រុក​។


 
​លោក គឹម ហួត អះអាងថា ហេតុដែល​ប្រទេស​ថៃ ផ្អាក​នាំចូល​ពោត​នេះ គឺ​ដោយសារ​កសិករ​ថៃ ក៏​ដល់​រដូវ​ប្រមូល​ផល​ពោត​ដែរ​។ ស្រប​នឹង​ថៃ​បិទ​ទីផ្សារ​បែបនេះ ប្រទេស​វៀតណាម និង​ក្រុមហ៊ុន​ស៊ី​ភី ក៏​កាត់បន្ថយ​ការបញ្ជាទិញ និង​ទម្លាក់​ថ្លៃ​ពោត​របស់​កសិករ​ផងដែរ ដោយ​លោក ហួត អះអាងថា វា​ជា​ចរិតលក្ខណៈ​ទីផ្សារសេរី ដែល​អ្នកទិញ​ចង់​ទទួលបាន​ទំនិញ​មាន​គុណភាព​ជាមួយនឹង​តម្លៃ​ទាប​។ លោក​បាន​បន្តថា បញ្ហា​បិទ​ទីផ្សារ និង​ធា្ល​ក់​ថ្លៃ​ពោត​នេះ ប្រជាកសិករ តែងតែ​ជួប​រាល់​ឆ្នាំ ក៏ប៉ុន្តែ​ពោត​ទាំងនោះ គឺ​មិនដែល​សល់​នៅលើ​ទីផ្សារ​ឡើយ  ព្រោះ​ឈ្មួញ​ឬ​សៃ​ឡូ បាន​ទិញ​ពោត​ទាំងនោះ​ស្តុក​ទុក​សម្រាប់​នាំទៅ​ថៃ​នៅពេលដែល​ថៃ​បើក​ការ​នាំចូល​ពោត​ពី​កម្ពុជា​វិញ​។ 
 
​ប្រធាន​មន្ទីរ​ពាណិជ្ជកម្ម រូបនេះ បាន​ប្រាប់​សារព័ត៌មាន​ThmeyThmey តាម​ទូរ​សព្ទ នា​ថ្ងៃទី​១២​ធ្នូ ថា បច្ចុប្បន្ន​អ្នកប្រមូល​ទិញ​ទាំងនោះ មិន​ហ៊ាន​ទិញ​ពោត​ពី​ក្រ​ជា​កសិករ ក្នុងតម្លៃ​ខ្ពស់​បានឡើយ ពោលគឺ តម្លៃ​៥៥០​រៀល​ក្នុង​គីឡូក្រាម ជា​ពោត​ដែល​កាច​ពី​ដើម​ភ្លាមៗ និង​៦៥០​ក្នុង​មួយ​គីឡូក្រាម ឬ​លើសពីនេះ​ជា​ពោត​ស្ងួត ដែល​អាស្រ័យទៅលើ​កម្រិត​ស្ងួត​របស់​ពោត តែ​តម្លៃ​ទាំងនោះ​កសិករ​អា​ចទ​ទួ​យកបាន​។ លោក គឹម ហួត ប្រាប់​ដូច្នេះ​ថា​៖«​មូលហេតុ​ដែល​សៃ​ឡូ មិន​ហ៊ាន​ទិញ​ពោត​ពី​កសិករ​លើស​តម្លៃ​នេះ ព្រោះ​ការទិញ​ពោត​ស្តុក​ក្នុង​រយៈពេល​ជាង​២​ខែ​នេះ នឹងធ្វើ​ឱ្យ​ពោត​ទិញ​ស្តុក​នោះ ស្រក​ទម្ងន់​ច្រើន​។ ព្រោះ​ពោត​ទុក​កាន់តែ​កាន់​យូរ ការបាត់បង់​ទម្ងន់​កាន់តែច្រើន​»​។  


រូបពីមន្ទីរកសិកម្មខេត្តព្រះវិហារ
 
​លោក គឹម ហួត បាន​បន្តថា សម្រាប់​ពោតក្រហម​ដែល​កសិករ​តាម​បណ្តា​ខេត្ត​ជាប់​ព្រំប្រទល់​ថៃ​ផលិត​បាន នៅ​ខេត្តបាត់ដំបង​នោះ និង​ខេត្ត​ផ្សេងទៀត​ដូចជា ប៉ៃលិន ឧ​ត្ត​រ​មានជ័យ បន្ទាយមានជ័យ​ជាដើម  ការប្រើប្រាស់ និង​កែច្នៃ​(​ធ្វើជា​ចំណី​សត្វ​) នៅក្នុង​ស្រុក​ប្រចាំឆ្នាំ​បាន​ត្រឹម​៣០​ភាគរយ​ប៉ុណ្ណោះ តាមរយៈ​ក្រុមហ៊ុន​ស៊ី​ភី ចំណែក​បរិមាណ ៧០​ភាគរយ​ទៀត ស្ទើរតែ​ទាំងស្រុង គឺ​នាំទៅ​ប្រទេស​ថៃ​។ បើតាម​លោក គឹម ហួត បច្ចុប្បន្ននេះ មន្ទីរ​ពាណិជ្ជកម្ម​ខេត្ត និង​អាជ្ញាធរ​ពាក់ព័ន្ធ កំពុង​ស្វែងរក​ដៃគូ​វិស័យ​ឯកជន​នានា ឱ្យ​បង្កើត​រោងចក្រ​កែច្នៃ​ពោត​ក្នុងស្រុក ដើម្បី​រក្សា​តម្លៃ និង​បង្កើត​តម្លៃ​ពោត​របស់​ប្រជាកសិករ ក្នុង​តំបន់​។​
 
​អ្នកស្រី អ៊ុំ សម្បត្តិ ជា​កសិករ​ដាំពោត​ក្រហម​មួយកន្លែង​ក្នុងស្រុក​រតនមណ្ឌល ខេត្តបាត់ដំបង បាន​លក់​ពោត​ខ្លួន​ទៅឱ្យ​សៃ​ឡូ ជា​រៀងរាល់ឆ្នាំ​។ បើតាម​កសិករ​រូបនេះ អ្នកស្រី​លក់​ពោត​បាន​តម្លៃ​៨០០-៩០០​រៀល​ក្នុង​មួយ​គីឡូក្រាម  មុនពេល​ប្រទេស​ថៃ​មិនទាន់​បិទ​ការ​នាំចូល​ពោត​ពី​កម្ពុជា តែ​តម្លៃ​នេះ​បាន​ធ្លាក់​នៅត្រឹម​៦០០-៧០០​រៀល​ក្នុង​គីឡូក្រាម បន្ទាប់ពី​ថៃ​បិទ​ទីផ្សារ​។ 
 
​កសិករ​ដែល​នៅសល់​ចម្ការពោត​២០​ហិកតា​ទៀត ដែល​នឹង​ប្រមូល​ផល នៅ​ចុង​ឆ្នាំនេះ  បាន​និយាយ​ដូច្នេះ​៖«​ពោត​ធ្លាក់​ថ្លៃ ក្នុងកំឡុងពេល​ថៃ​បិទ​ការ​នាំចូល​នេះ វា​ជា​រឿង​ធម្មតា ដែល​តែងតែ​កើត​ឡើងជា​រៀងរាល់ឆ្នាំ​។ តម្លៃ​ច​ន្លាះ​៥០០​ទៅ​៧០០​រៀល​នេះ ថ្វី​ដ្បិតថា​ឈ្មួញ​ទម្លាក់​តម្លៃ​ក៏ពិតមែន ប៉ុន្តែ​វា​ជា​តម្លៃ​មួយ ដែល​កសិករ​ដូច​ខ្ញុំ នៅ​អាច​បាន​ចំណេញ​តិចតួច​ផងដែរ​។

តម្លៃ​ក្នុង​រយៈពេល​គេ​បិទ​ទីផ្សារ​នេះ កសិករ​ដូចជា​ពួក​ខ្ញុំ​ចង់​ឬ​មិន​ចង់ គឺ​ត្រូវតែ​លក់​ឱ្យ​សៃ​ឡូ ព្រោះ​យើង​មិនអាច​រក្សា​ឬ​ស​ម្ងួ​ត​ពោត​ដែល​ប្រមូលបាន​ដោយ​ខ្លួនឯង​បានឡើយ​»៕ 

Tag:
 ពោតក្រហម​
© រក្សាសិទ្ធិដោយ thmeythmey.com