អន្តរជាតិ
«​មច្ឆា​លិង្គ​» រាប់ពាន់​ក្បាល ត្រូវ​ប្រទះឃើញ​យ៉ាង​ព្រោងព្រាត​លើ​ឆ្នេរសមុទ្រ​នៅ​អាមេរិក​
13, Dec 2019 , 9:39 pm        
រូបភាព
ដោយ: ថ្មីៗ
«​មច្ឆា​លិង្គ​» រាប់ពាន់​ក្បាល ត្រូវបាន​គេ​ប្រទះឃើញ​យ៉ាង​ព្រោងព្រាត​លើ​ឆ្នេរសមុទ្រ កាលីហ្វ័រ​នី​ញា ក្រោយពី​ព្យុះ​បាន​បោកបក់​ពួកវា​ចេញពី​រូង​ក្រោម​បាតសមុទ្រ​។ ទោះ​អាចជា​ការភ្ញាក់ផ្អើល​សម្រាប់​អ្នក​ដែល​រស់នៅ​សហរដ្ឋអាមេរិក ក៏ប៉ុន្តែ​សត្វ​ទាំងនោះ គឺជា​ម្ហូបអាហារ​ដ៏​ឈ្ងុយឆ្ងាញ់​សម្រាប់​បណ្តា​ប្រទេស​ក្នុង​តំបន់​អាស៊ី​បូព៌ា​។

 
​សត្វ​មាន​ទម្រង់​ដូច​សាច់ក្រក ដែល​គេ​ស្គាល់​ថា «​ដង្កូវ​ធាត់​» ឬ «​ម​ច្ឆាលិង្គ​» ត្រូវបាន​គេ​មើលឃើញ​លើ​ឆ្នេរសមុទ្រ Drakes ក្នុង​រដ្ឋ កាលីហ្វ័រ​ញា ព្រោះតែ​ធាតុអាកាស​មិនល្អ កាលពី​សប្តាហ៍​មុន​។ បើតាម​ការពន្យល់​រប​ស់ទស្ស​នាវ​ដ្តី​ធម្មជាតិ​មួយ សត្វ​ប្រវែង​២៥​សង់ទីម៉ែត្រ​នេះ ជាធម្មតា​រស់នៅក្នុង​រូង​រាង​ជា​អក្សរ «U» ក្រោម​ខ្សាច់ ឆ្ងាយ​ពី​ជើង​របស់​អ្នកដើរ​លេង​តាម​ឆ្នេរសមុទ្រ ក៏ប៉ុន្តែ​ព្យុះ​កាលពីពេល​ថ្មីៗ​នេះ បាន​បង្កើតជា​រលក​ធំៗ​ហើយ​បោកបក់​ស្រទាប់​រូង​របស់​វា​ចេញ​អស់ ដោយ​ធ្វើ​ឲ្យ​ពួកវា​លេច​ចេញមក​ខាងក្រៅ​ដូច្នេះ​។ 


 
​តាម​ការចុះផ្សាយ​របស់​ទស្សនា​វ​ដ្តី Bay Nature អ្នកជំនាញ​សត្វ​សមុទ្រ​ម្នាក់ បាន​ពន្យល់ថា បាតុភូត​ស្រដៀង​គ្នា​នេះ ក៏​ធ្លាប់​កើតឡើង​ពីមុនមក​ផងដែរ ក្នុង​រយៈពេល​ប៉ុន្មាន​ឆ្នាំ​ចុង​ក្រោយនេះ នៅ​ឆ្នេរសមុទ្រ​ផ្សេងៗ​ទៀត ក្នុង​សហរដ្ឋអាមេរិក​។ លោក បន្តថា សត្វ​ដែល​គ្មាន​ធ្មេញ​នេះ អាចជា​ភស្តុតាង​ផូស៊ីល​មួយ ដែល​ប៉ាន់​ស្មានថា​មាន​អាយុកាល​ជាង​៣០០​លាន​ឆ្នាំ​។  ជា​មធ្យម សត្វ​ដង្កូវ​នេះ អាចរ​ស់បាន​រយៈពេល​២៥​ឆ្នាំ​។ 
 
​មែនទែនទៅ «​មច្ឆា​លិង្គ​» ទាំងនេះ គឺជា​ម្ហូបអាហារ​ដ៏​ឈ្ងុយឆ្ងាញ់​មួយ ក្នុង​តំបន់​អាស៊ី​បូព៌ា​។ ជាទូទៅ ក្នុងប្រទេស​កូរ៉េខាងត្បូង ជប៉ុន និង​ចិន សត្វ​សមុទ្រ​«​មច្ឆា​លិង្គ​» ដែលមាន​ឈ្មោះ​ជា​ភាសា​កូរ៉េ​ថា «gaebul» នេះ ត្រូវបាន​គេ​យកទៅ​ធ្វើ​ម្ហូប​យ៉ាង​ឆ្ងាញ់​ពិសា ដោយ​ការ​អាំង ហើយ​រោយ​អំបិល ម្រេច​និង​ប្រេង​បន្ថែម​រសជាតិ​ផ្សេងៗ​ជាដើម​។ សត្វ​នេះ ត្រូវបាន​គេ​ដាក់លក់​ជា​ហូរហែ​នៅ​ទីផ្សារ​ក្នុងប្រទេស​ទាំងបី​នេះ​៕



Tag:
 សហរដ្ឋអាមេរិក​
  មច្ឆា​លិង្គ​
  សមុទ្រ​
© រក្សាសិទ្ធិដោយ thmeythmey.com