ជាតិ
ផ្លូវ​កង់​អង្គរ នឹង​ក្លាយជា​ផលិតផល​ទេសចរណ៍ នៅពេល​ខាងមុខ​
13, Dec 2019 , 9:59 pm        
រូបភាព
​សៀមរាប​៖ ផ្លូវ​កង់​ក្នុង​តំបន់​រមណីយដ្ឋាន​អង្គរ ត្រូវបាន​សាធារណជន​បង្ហាញ​ការគាំទ្រ​ជាខ្លាំង​។ បច្ចុប្បន្ន​ផ្លូវ​នេះ ស្ថិតក្នុង​គម្រោង​សាកល្បង និង​គ្រោង​ស្ថាបនា​ចាប់ពី​ដើមឆ្នាំ​២០២០​នេះ​តទៅ ដែលមាន​ចម្ងាយ​សរុប​២៣​គីឡូម៉ែត្រ កាត់​តាម​តំបន់​ប្រាសាទ​សំខាន់ៗ​ក្នុង​រមណីយដ្ឋាន​អង្គរ​។ អគ្គនាយករង​អាជ្ញាធរ​ជាតិ​អប្សរា ដែល​ទទួលបន្ទុក​កិច្ចការ​នេះ​បានបង្ហាញ​ក្ដី​រំពឹងថា ផ្លូវ​កង់​នេះ​នឹង​ក្លាយជា​ផលិតផល​ទេសចរណ៍​ថ្មី​មួយ​ប្លែក ក្រៅពី​គោលដៅ​បម្រើ​ដល់​ការធ្វើដំណើរ​របស់​ប្រជាពលរដ្ឋ ក៏ដូចជា​ភ្ញៀវទេសចរ​ហើយ​នោះ​។​

 
​ព័ត៌មាន​លម្អិត សូម​ស្ដាប់​បទ​សម្ភាស​រវាង​អ្នកសារព័ត៌មាន​ថ្មីៗ និង​លោក យិ​ត ចាន់​ដារ​ដ្ឋ ដែល​បាន​សម្ភាស​ពី​ការរៀបចំ​ផ្លូវ​កង់​នេះ​នៅក្នុង​កិច្ចប្រជុំ​បច្ចេកទេស​លើក​ទី​៣៣​នៃ​គណៈកម្មាធិការ​អន្ដរជាតិ អាយ​ស៊ី​ស៊ី​-​អង្គរ នា​ថ្ងៃទី​១០ ធ្នូ ដូចតទៅ​៖



 
​ក្រុម​អ្នកជំនាញការ​អាដហុក​នៃ​គណៈកម្មាធិការ​អន្ដរជាតិ អាយ​ស៊ី​ស៊ី​-​អង្គរ បាន​កោតសរសើរ​ទៅនឹង​គំនិត​ផ្ដួចផ្ដើម​ឱ្យមាន​ផ្លូវ​កង់​ដាច់ដោយឡែក​ពី​ផ្លូវ​ឡាន​និង​ម៉ូតូ​នៅក្នុង​រមណីយដ្ឋាន​អង្គរ​។ ផ្លូវ​កង់​នេះ​មាន​ភាពបត់បែន​តាម​ធម្ម​ជាតិ និង​បត់បែន​តាម​ដើមឈើ​តូចធំ ចាប់ពី​ចំណុច​ផ្លូវលំ​ក្បែរ​កន្លែង​ត្រួតពិនិត្យ​សំបុត្រ​ចាស់​លើផ្លូវ​ហ្សា​ល​ដឺ​ហ្គោល កាត់​តាម​ក្រោយ​អង្គរវត្ត កាត់​តាម​ប្រាសាទ​ក្រវ៉ាត់ ឆ្ពោះទៅ​ខាងកើត​ប្រាសាទបន្ទាយក្ដី កាត់​តាម​ប្រាសាទតាព្រហ្ម រហូតដល់​ស្ពាន​ប្រាសាទតាកែវ​។ ចំណែក​ផ្លូវ​វង់​ធំ ផ្លូវ​កង់​នេះ​ផ្តើម​ពី​ស្រះស្រង់ កាត់​តាម​ប្រាសាទប្រែរូប រហូតដល់​ខ្លោងទ្វារ​ដី​ឆ្នាំង​។ តាម​គម្រោង អាជ្ញាធរ​ជាតិ​អប្សរា​នឹង​ប្រើពេល​៨​ខែ​សម្រាប់​ការស្ថាបនា​ផ្លូវ​កង់​នេះ​៕ 

Tag:
 ផ្លូវ​កង់​អង្គរ​
  យិ​ត ចាន់​ដារ​ដ្ឋ​
© រក្សាសិទ្ធិដោយ thmeythmey.com