បុរស​អា​ហ្វ​ហ្គា​នី​ស្ថាន​ម្នាក់​ធ្វើដំណើរ​១២​គីឡូម៉ែត្រ​ជូន​កូនស្រី​បីនាក់​ទៅ​សាលា​រាល់ថ្ងៃ​
សង្គមអន្តរជាតិ​
អន្តរជាតិ
បុរស​អា​ហ្វ​ហ្គា​នី​ស្ថាន​ម្នាក់​ធ្វើដំណើរ​១២​គីឡូម៉ែត្រ​ជូន​កូនស្រី​បីនាក់​ទៅ​សាលា​រាល់ថ្ងៃ​
14, Dec 2019 , 7:39 am        
រូបភាព
ដោយ: ធីតា
​លោក Mia Khan ពលរដ្ឋ​រស់នៅ​ស្រុក Sharana ខេត្ត Paktika ប្រទេស​អា​ហ្វ​ហ្គា​នី​ស្ថាន ទទួលបាន​នូវ​ការគោរព​យ៉ាងខ្លាំង​ពី​សំណាក់​អ្នកប្រើប្រាស់​បណ្តាញ​សង្គម ដោយ​លោក​ធ្វើដំណើរ​ជា​រៀងរាល់ថ្ងៃ​លើ​ចម្ងាយ​ផ្លូវ​ប្រមាណ​១២​គីឡូម៉ែត្រ​ដើម្បី​ដឹក​ម៉ូតូ​ជូន​កូនស្រី​បីនាក់​ទៅ​សាលារៀន​។ នេះ​បើតាម​ការបញ្ជាក់​របស់​គណៈកម្មការ​ស៊ុយអែត​សម្រាប់​អា​ហ្វ​ហ្គា​នី​ស្ថាន  ដែលជា​អង្គការក្រៅរដ្ឋាភិបាល​ផ្តោតលើ​វិស័យ​អប់រំ​នៅ​តំបន់​ដាច់ស្រយាល​នោះ​។​

 
Nooraniya School ជា​សាលារៀន​ដែល​ដំណើរការ​ដោយ​ណៈ​កម្ម​ការ​ស៊ុយអែត​សម្រាប់​អា​ហ្វ​ហ្គា​នី​ស្ថាន ប៉ុន្តែ​មាន​ចម្ងាយ​ឆ្ងាយ​ពី​ផ្ទះ​របស់លោក Mia Khan​។ ជា​រៀងរាល់ថ្ងៃ បុរស​វ័យ​ប្រមាណ​៦០​ឆ្នាំ​រូបនេះ តែងតែ​ចំណាយពេល​ដឹក​កូនស្រី​ទាំង​បីនាក់​របស់ខ្លួន​ទៅ​សាលារៀន លើ​ចម្ងាយ​ផ្លូវ​១២​គីឡូម៉ែត្រ ហើយ​លោក​បន្ត​រង់ចាំ​នៅ​ខាងក្រៅ​ជាច្រើន​ម៉ោង​ទៀត​រហូតដល់​ពួកគេ​ចេញទៅ​ផ្ទះ​វិញ​។​
 
 
 
​លោក Khan បាន​ពន្យល់ថា ការអប់រំ​ដល់​កូនស្រី​ទាំងអស់​របស់គាត់​ពិត​ជាមាន​សារសំខាន់​ខ្លាំងណាស់ ពីព្រោះ​តំបន់​ដែល​គាត់​រស់នៅ​មិនមាន​វេជ្ជបណ្ឌិត​ជា​ស្ត្រី​នោះឡើយ​។ «​ខ្ញុំ​មិនចេះ​អក្សរ ហើយ​រស់​មួយថ្ងៃ​ពឹង​មួយថ្ងៃ ប៉ុន្តែ​ការអប់រំ​ដល់​កូនស្រី​របស់ខ្ញុំ​ពិតជា​មានតម្លៃ​ខ្លាំង​ណស​។ បំណងប្រាថ្នា​ដ៏​ធំ​បំផុត​របស់ខ្ញុំ​គឺ​ឲ្យ​កូនស្រី ទទួលបាន​ការអប់រំ​ដូចជា​កូនប្រុស​ផងដែរ​»​។ លោក​បាន​ពន្យល់​យ៉ាង​ដូច្នេះ​។​
 
Rozi កូនស្រី​ម្នាក់​ក្នុងចំណោម​៣​នាក់​របស់លោក Khan បានបញ្ជាក់​ប្រាប់​គេហទំព័រ គណៈកម្មការ​ស៊ុយអែត​សម្រាប់​អា​ហ្វ​ហ្គា​នី​ស្ថាន (Swedish Committee for Afghanistan) ថា នាង​រីករាយ​យ៉ាងខ្លាំង​ដែលមាន​ឱកាស​សិក្សា​។ «​ពេលនេះ ខ្ញុំ​រៀន​ថ្នាក់​ទី​៦ ឪពុក ហើយ​ពេលខ្លះ បងប្រុស បាន​នាំ​ពួកយើង​មក​សាលារៀន ដោយ​ម៉ូតូ​ជា​រៀងរាល់ថ្ងៃ ហើយ​ពេល​ចាំ​យក​ពួកយើង​វិញ ពេល​ចេញពី​សាលា​»​។​
 
 
 
​កាយវិការ​របស់លោក Khan ទទួលបាន​នូវ​ការគោរព​យ៉ាងខ្លាំង​ពី​អ្នកប្រើប្រាស់​បណ្តាញ​សង្គម​ហ្វេ​ស​ប៊ុ​ក ដោយ​ភាគច្រើន​ចាត់ទុក​លោក​ជា​វីរបុរស និង​ជា​បិតា​ប្រកបដោយ​ព្រហ្ម​វិហារធម៌​។ ប៉ុន្តែ​មិនមាន​ការ​ផ្តល់ព័ត៌មាន​លំអិត​នោះឡើយ​ទាក់ទង​នឹង​ក្រុមគ្រួសារ​របស់លោក Khan៕
 


Tag:
 អប់រំ​
  អា​ហ្វ​ហ្គា​នី​ស្ថាន
© រក្សាសិទ្ធិដោយ thmeythmey.com