អតីតតំណាងរាស្ត្រពីររូបនៃអតីតគណបក្សប្រឆាំង គឺលោក កង គឹមហាក់ និង ជាវ កក្តា រួមជាមួយគ្នីគ្នាមួយចំនួនទៀត បានប្រកាសពីគម្រោងបង្កើតគណបក្សថ្មី ដើម្បីប្រជែងជាមួយគណបក្សកាន់អំណាចបច្ចុប្បន្ន។
ក្នុងកិច្ចសម្ភាសជាមួយសារព័ត៌មានថ្មីៗ តាមទូរស័ព្ទ នៅព្រឹកថ្ងៃទី១៣ ខែវធ្នូ ឆ្នាំ២០១៩ លោក កង គឹមហាក់ ស្ថាបនិកម្នាក់ បានថ្លែងថា គោលបំណងសំខាន់មួយនៃការបង្កើតគណបក្សថ្មីនេះ «គឺដើម្បីប្រមូលផ្តុំកម្លាំងអ្នកប្រជាធិតេយ្យឡើងវិញ ដែលកំពុងតែបែកខ្ញែកពីគ្នា»។ លោក បញ្ជាក់ដូច្នេះថា៖«យើង មិនមែនចេះតែធ្វើទេ។ យើង បង្កើតហ្នឹង មានអ្នកចូលរួមច្រើន»។
លោក បន្តថា អ្នក ដែលត្រូវធ្វើជាប្រធានគណបក្ស រួមទាំងរចនាសម្ព័ន្ធគណបក្សទាំងមូលនោះ គឺត្រូវបានគិតគូរួចហើយ តែលោក មិនទាន់អាចប្រាប់ជាសាធារណៈនាពេលនេះបានឡើយ។ ឯឈ្មោះគណបក្ស ក៏មិនទាន់ដាក់ដែរ។ លោក បន្ថែមថា នៅពេលដែលគណបក្ស ត្រូវបានបង្កើតជាផ្លូវការ ព័ត៌មានទាំងអស់នេះ នឹងត្រូវលាតត្រដាង។
លោក និយាយថា ដំណាក់កាលនេះ ក្រុមលោក កំពុងពិភាក្សាគ្នាពីដំណើរការនៃការបង្កើតគណបក្ស តែការដាក់សំណើសុំបង្កើត ទៅក្រសួងមហាផ្ទៃ នៅមិនទាន់អាចកំណត់ពេលវេលាជាក់នោះទេ។ យ៉ាងណា លោក អាចបង្ហើបបានថា គណបក្សនេះ នឹងត្រូវបង្កើតឡើងឲ្យបានមុនការបោះឆ្នោតឃុំ-សង្កាត់ និងការបោះឆ្នោតតំណាងរាស្ត្រ នៅអាណត្តិក្រោយ។
លោក ជីវ កក្តា ជាអ្នកផ្តើមគំនិតម្នាក់ដែរនោះ ប្រាប់សារព័ត៌មានថ្មីៗថា គម្រោងបង្កើតគណបក្ស គឺកើតចេញពីឆន្ទៈរបស់ពួកលោកផ្ទាល់ ដោយគ្មានអ្នកណានៅពីក្រោយឡើយ។ លោក យល់ថា មិនមែនជារឿងថ្មីឡើយ ដែលក្រុមលោក រងការចោទប្រកាន់ថា អ្នកមានអំណាច នៅពីក្រោយនៃការបង្កើតគណបក្ស។
លោក លើកទឡ្ហីករណ៍ថា កាលពីលោក កឹម សុខា បង្កើតគណបក្សសិទ្ធិមនុស្ស ក៏ត្រូវគេលាបពណ៌ដែរថា គណបក្សកាន់អំណាចនៅពីក្រោយ។ លោក អំពាវនាវដូច្នេះថា៖«គួរលុបបំបាត់ទៅ ការលាបពណ៌គ្នាហ្នឹង»។
នៅថ្ងៃទី១២ ខែធ្នូ ពួកលោក បានចេញសេចក្តីប្រកាសព័ត៌មានអំពីគម្រោងបង្កើតគណបក្សថ្មីនេះ។ ក្រៅពីលោក កង គឹមហាក់ និង លោក ជីវ កក្តា នៅមានមន្ត្រីអតីតគណបក្សប្រឆាំង៦នាក់ទៀត ដែលចុះហត្ថលេខាលើសេចក្តីប្រកាសព័ត៌មាននោះ។
ពួកលោក បានសរសេរក្នុងសេចក្តីប្រកាសព័ត៌មាន ដូច្នេះថា៖«...បន្ទាប់ពីបានចុះជួបសកម្មជននៅតាមខេត្តជាច្រើនអស់រយៈពេលជិតមួយឆ្នាំនេះ យើងខ្ញុំ ត្រៀមរៀបចំបង្កើតគណបក្សថ្មីមួយ ដែលជាគណបក្សបន្តវេនពីគណបក្សប្រឆាំងមុនៗ...»។
ពួកលោក សរសេរទៀតថា៖«គណបក្សថ្មីនេះ ជាយន្តការនយោបាយមួយ សម្រាប់ចរចាជាមួយគណបក្សអំណាច ដើម្បីទាមទារសិទ្ធិសេរីភាពរបស់លោក កឹម សុខា ការពារផលប្រយោជន៍របស់បងប្អូនកម្មករ-កម្មការិនីរាប់លាននាក់ និង ដោះស្រាយបញ្ហាធំៗពាក់ព័ន្ធនឹងប្រទេសជាតិទាំងមូល»។ តាមរយៈសេចក្តីប្រកាសព័ត៌មាន ពួកលោក បានអំពាវនាវឲ្យមជ្ឈដ្ឋានទូទៅ ចូលរួមជាមួយគណបក្សរបស់ពួកលោក។
លោក កង គឹមហាក់ និង លោក ជីវ កក្តា ស្ថិតក្នុងចំណោមថ្នាក់ដឹកនាំទាំង១១៨នាក់ នៃអតីតគណបក្សប្រឆាំង ដែលត្រូវបានបិទសិទ្ធិមិនឲ្យធ្វើនយោបាយរយៈពេល៥ឆ្នាំ។ តែក្រោយមកលោកទាំងពីរ រួមទាំងអ្នកមួយចំនួនទៀត ដូចជាលោក គង់ គាំ លោក គង់ បូរ៉ា និង លោក រៀល ខេមរិន្ទ ជាដើម បានសុំសិទ្ធិធ្វើនយោបាយពីរដ្ឋាភិបាលវិញ។
មកដល់ពេលនេះ មានគណបក្សថ្មី៣ហើយ ដែលបែកខ្ញែកចេញពីអតីតគណបក្សសង្គ្រោះជាតិ។ លោក គង់ គាំ ជួយជ្រោមជ្រែងកូនប្រុសពៅរបស់លោក គឺលោក គង់ មុនីកា បង្កើតគណពក្សឆន្ទៈខ្មែរ លោក រៀល ខេមរិន្ទ បង្កើតគណបក្សខ្មែរអភិរក្សនិយម ហើយលោក កង គឹមហាក់ និង លោក ជីវ កក្តា ត្រៀមបង្កើតគណបក្សមួយដែរ នាពេលខាងមុខ។
អ្នកខ្លះ វាយតម្លៃថា អតីតគណបក្សប្រឆាំង បានបែងបាក់គ្នាហើយ ខណៈលោក សម រង្ស៊ី នៅតែនិយាយជាដដែលៗថា អតីតគណបក្សប្រឆាំង នៅតែរឹងមាំ ហើយលោក នៅតែប្រើសារនយោបាយថា លោក និង លោក កឹម សុខា គឺជាមនុស្សតែមួយ៕