ជាតិ
សង្គមជាតិ
កូរ៉េដំឡើងស្ថានីយឧតុនិយម និងឧបករណ៍តាមដានអាកាសធាតុស្វ័យប្រវត្តិដល់កម្ពុជា លោក លឹម គានហោ រដ្ឋមន្រ្តីក្រសួងធនធានទឹក និងឧតុនិយម(ឆ្វេង) និង លោក Jongseok KIM ប្រធានរដ្ឋបាលឧតុនិយម នៃសាធារណរដ្ឋកូរ៉េ នាកិច្ចប្រជុំពិភាក្សាការងារ កាលពីថ្ងៃទី៩ ខែធ្នូ ឆ្នាំ២០១៩។(រូបភាពពីទំព័រហ្វេសប៊ុកក្រសួងធនធានទឹក និងឧតុនិយម)
×
ភ្នំពេញ៖ រដ្ឋបាលឧតុនិយមនៃសាធារណរដ្ឋកូរ៉េ នឹងដំឡើងស្ថានីយឧតុនិយមស្វ័យប្រវត្តិ និងឧបករណ៍ពិនិត្យ និងតាមដានធាតុអាកាសនៅតាមបណ្តាខេត្តនីមួយៗ ចំនួន២៧កន្លែង។ ជំនួយដែលផ្តល់ឲ្យកម្ពុជានេះត្រូវបានលើកឡើងដោយ Jongseok Kim ប្រធានរដ្ឋបាលឧតុនិយមនៃសាធារណរដ្ឋកូរ៉េ និង លោក លឹម គានហោ រដ្ឋមន្ត្រីក្រសួងធនធានទឹក និងឧតុនិយម ដែលបានចុះហត្ថលេខារួមគ្នា កាលពីថ្ងៃទី៩ ខែឆ្នូ។
លោក លឹម គានហោ រដ្ឋមន្ត្រីក្រសួងធនធានទឹក និងឧតុនិយម បានលើកឡើងថា ការដំឡើងស្ថានីយឧតុនិយម និងគ្រឿងឧបករណ៍សម្រាប់តាមដានអាកាសធាតុនេះ នឹងផ្តល់ភាពងាយស្រួលដល់ការទទួលបានទិន្នន័យព័ត៌មានឲ្យកាន់តែជាក់លាក់ និងទាន់ពេលវេលាអំពីគ្រោះធម្មជាតិដែលកើតមាននៅកម្ពុជា។ ជាពិសេសសម្រាប់ធ្វើការស្រាវជ្រាវធាតុអាកាស ដើម្បីប្រើប្រាស់លើវិស័យផ្សេងៗ។ នេះបើតាមការផ្សាយរបស់ក្រសួងធនធានទឹក និងឧតុនិយម។
ការផ្សាយព័ត៌មានរបស់ក្រសួងធនធានទឹក និងឧតុនិយម ដែលបានស្រង់សម្តីលោក លឹម គានហោ បានបញ្ជាក់ថា កូរ៉េក៏នឹងបញ្ជូនអ្នកបច្ចេកទេសរបស់កូរ៉េ មកជួយបណ្តុះបណ្តាល និងពង្រឹងសមត្ថភាពដល់មន្ត្រីឧតុនិយមកម្ពុជាផងដែរ។
ក្នុងកិច្ចចុះហត្ថលេខាផ្តល់ជំនួយដល់កម្ពុជានេះ កូរ៉េក៏បានសន្យាថា នឹងបន្តពង្រឹងកិច្ចសហការលើវិស័យឧតុនិយមនៅកម្ពុជា តាមរយៈការផ្តល់ជំនួយផ្សេងៗ និងបង្កើតជាកិច្ចពិភាក្សាអំពីផ្កាយរណបឧតុនិយមថ្មី GK-2A របស់កូរ៉េក្នុងការប្រើប្រាស់ វិភាគ និងតាមដានអាកាសធាតុនៅកម្ពុជា៕
Tag:
កូរ៉េ
ដំឡើង
ឧបករណ៍
អាកាសធាតុ
© រក្សាសិទ្ធិដោយ thmeythmey.com