អន្តរជាតិ
​​​​ន​យោ​​បាយ​​អន្តរ​ជាតិ​
ប្រធានាធិបតី​ឥណ្ឌូណេស៊ី ទាត់​ចោលការ​ចោទថា លោក​ព្យាយាម​បង្កើត​សន្តិ​វង្ស​នយោបាយ​
14, Dec 2019 , 10:40 am        
រូបភាព
 ​ប្រធានាធិបតី​ឥណ្ឌូណេស៊ី ចូ​កូ វី​ដូ​ដូ នៅ​ថ្ងៃទី​១២ ខែធ្នូ បាន​ទាត់ចោល​ការចោទប្រកាន់​លើ​រូបលោក​ថា ព្យាយាម​ចាក់​ឬ​ស​គ្រួសារ​ក្នុង​ឆាកនយោបាយ បន្ទាប់ពី​កូនប្រុស​បង្កើត និង​កូនប្រសារ​ប្រុស​របស់លោក​ដាក់ពាក្យ​ធ្វើជា​បេក្ខជន​អភិបាលក្រុង​សម្រាប់​ការបោះឆ្នោត​តំបន់​នៅ​ឆ្នាំក្រោយ​។ សម្រាប់​លោក វី​ដូ​ដូ ការ​ប្រឡូក​ចូល​នយោបាយ​របស់​កូនៗ គឺជា​ការសម្រេចចិត្តរ​បស់​ពួកគេ​ផ្ទាល់ ហើយ​លទ្ធផល​ទៅជា​យ៉ាងណា ក៏​អាស្រ័យ​លើ​ការសម្រេចចិត្ត​របស់​ប្រជាជន​ឥណ្ឌូណេស៊ី​តែប៉ុណ្ណោះ​។

 
​មុខមាត់ និង​កេ​រិ៍្ត​ឈ្មោះ​ស្អាតស្អំ មិន​ពាក់ព័ន្ធ​អ្នកនយោបាយ​ជាន់ខ្ពស់​ជំនាន់​មុន​របស់លោក ចូ​កូ វី​ដូ​ដូ ប្រធានាធិបតី​ឥណ្ឌូណេស៊ី កំពុង​រង​ការសង្ស័យ​ខ្លាំង គ្រា​ដែល​សមាជិកគ្រួសារ​រប​ស់លោក​ចូលប្រឡូក​ក្នុង​ឆាកនយោបាយ​។ កូនប្រុស​ច្បង​របស់លោក​ឈ្មោះ Gibran Rakabuming Raka បាន​ចុះឈ្មោះ​ជា​បេក្ខជន​អភិបាល​ទីក្រុង Solo ខណៈ​កូនប្រសារ​ប្រុស​ឈ្មោះ Bobby Nasution ប្រជែង​កៅអី​អភិបាលក្រុង Medan ក្នុងការ​បោះឆ្នោត​ថ្នាក់​តំបន់​នៅ​ឆ្នាំ​២០២០ ។​
 
​ដោយសារ​បញ្ហា​នេះ លោក វី​ដូ​ដូ ដែលជា​ធ្លាប់ជា​អតីត​អភិបាលក្រុង Solo ដែរនោះ ក៏ត្រូវ​បាន​ចោទសួរ​ពី​គោលបំណង​នៅ​ពីក្រោយ​រឿងរ៉ាវ​ក្ដៅគគុក​នេះ រហូត​មាន​ពាក្យ​រិះគន់ថា លោក​កំពុង​ព្យាយាម​បង្កើត​វង្ស​ត្រកូល​នយោបាយ​ដូច​អ្នកនយោបាយ​ជំនាន់​មុន​ដែលមាន​សមាជិកគ្រួសារ​ត្រួតត្រា​ឆាកនយោបាយ​ឥណ្ឌូណេស៊ី​មិនចេះ​ដាច់​។ លោក វី​ដូ​ដូ ដែលមាន​អតីត​ភាពជា​អ្នកលក់​គ្រឿង​សង្ហា​រឹម​នោះ ត្រូវបាន​មើលឃើញថា ជា​មនុស្ស​នៅក្រៅ​រង្វង់​អ្នកនយោបាយ​ជាន់ខ្ពស់ ឬ​យោធា​ដ៏​មាន​ឥទ្ធិពល​។​
 
«​នោះ​ជាការ​ប្រកួតប្រជែង​។ អ្នក​អាច​ចាញ់ ឬ​ឈ្នះ​ក្នុងការ​ប្រកួត ហើយ​វា​អាស្រ័យ​លើ​ប្រជាជន​ដែលមាន​សិទ្ធ​សម្រេចចិត្ត​។​» នេះ​ជាការ​លើកឡើង​របស់លោក វី​ដូ​ដូ ដែល​ស្បថ​ចូលកាន់​តំណែង​ប្រធានាធិបតី​ឥណ្ឌូណេស៊ី​មិនទាន់បាន​ពីរ​ខែ​ស្រួលបួល​ផង​នោះ ហើយ​ផ្សាយ​ដោយ​ទីភ្នាក់ងារ​ព័ត៌មាន​Reuters ។ ទោះ​នេះ​ជាការ​សម្រេចចិត្ត​របស់​កូនៗ​ក្ដី មានមតិ​ខ្លះ​លើកឡើងថា លោក វី​ដូ​ដូ ក៏​ទំនងជា​បាន​បើកភ្លើង​បៃតង​ផងដែរ​។​
 
​គ្រួសារ​នយោបាយ សឹងតែ​ក្លាយជា​វប្បធម៌​របស់​ឥណ្ឌូណេស៊ី ដោយ​មេដឹកនាំ​ជំនាន់​មុន តែង​បណ្ដុះ​កូនៗ​របស់ខ្លួន​ឲ្យ​ធ្វើ​នយោបាយ​ដែរ​។ ជាក់ស្ដែង គ្រួសារ​ប្រធានាធិបតី​ទីមួយ​របស់​ឥណ្ឌូណេស៊ី គឺ​ត្រកូល​ស៊ូ​កា​ណូ នៅតែ​ជា​កម្លាំង​នយោបាយ​ដ៏​សំខាន់​ក្នុងប្រទេស​ប្រជាធិបតេយ្យ​ដ៏​ធំ​របស់​ពិភពលោក​។ កូនស្រី​លោក ស៊ូ​កា​ណូ គឺ​អ្នកស្រី  Megawati Sukarnoputri ជា​ប្រធានាធិបតី​ទី​ប្រាំ ហើយ​បច្ចុប្បន្ន​ជា​ប្រធាន​បក្ស​កាន់អំណាច​។ ប្រធានសភា​សព្វថ្ងៃ អ្នកស្រី Puan Maharani ជា​កូនស្រី​បង្កើត​អ្នកស្រី Megawati ទៅទៀត​។ 
 
​ចំណែកឯ​អតីត​ប្រធានាធិបតី Susilo Bambang Yudhoyono ក៏មាន​កូនប្រុស​ប្រឡូក​ក្នុង​ឆាកនយោបាយ​ដែរ​។ កាលពី​ខែតុលា លោក Susilo ដែលជា​ប្រធាន​បក្ស​ប្រជាធិបតេយ្យ​នោះ បានតែងតាំង​កូនប្រុស​ច្បង​ឈ្មោះ Agus Harimurti Yudhoyono ជា​អនុប្រធាន​បក្ស​ផងដែរ​។ 
 
 
 
 
 

Tag:
 ឥណ្ឌូណេស៊ី​
  ចូ​កូ វី​ដូ​ដូ​
© រក្សាសិទ្ធិដោយ thmeythmey.com