តៀម​កាហ្វេ​ថ្មីៗ​៖ គ្រាន់​តែមាន​តួនាទី​ធំ ចង់តែ​ឲ្យ​គេ​គ្រប់គ្នា​គោរព កោតក្រែង គ្រប់កន្លែង​
ពីនេះ ពីនោះ / មិនយល់...!
តៀម​កាហ្វេ​ថ្មីៗ​៖ គ្រាន់​តែមាន​តួនាទី​ធំ ចង់តែ​ឲ្យ​គេ​គ្រប់គ្នា​គោរព កោតក្រែង គ្រប់កន្លែង​
14, Dec 2019 , 3:59 pm        
រូបភាព
ដោយ: ថ្មីៗ

​អា​សំណាង​ដេក​មិន​លក់​យប់មិញ​។ វា​បាន​ភ្ញាក់​ពី​ព្រលឹម ហើយ​មក​អង្គុយចាំ​ក្លើ​សុធីរ​នៅ​ហាង​កាហ្វេ​។​
 
​អា​សុធីរ​៖ មានរឿង​អី​អ្ហា មុខស្អុយ​ប៉ែ​?
 
​អា​សំណាង​៖ ល្ងាច​មិញ អញ​តំណាង​ក្រសួង​ចូលរួម​កម្មវិធី​បិទ​សិក្ខាសាលា​មួយ​។ អញ​ដើរ​ចូលក្នុង​កម្មវិធី តែ​ដូច​គ្មាន​អ្នកណា​ស្គាល់​អញ គ្មាន​អ្នកណា​មក​រាក់ទាក់​នឹង​អញ ក្រៅពី​អ្នករៀបចំ​កម្មវិធី​ពីរ​បីនាក់​នោះ​សោះ​។​
 
​អា​សុធីរ​៖ មនុស្ស​ភាគច្រើន​យល់ច្រឡំ​ថា ធ្វើ​ធំ​នៅ​កន្លែង​មួយ គឺ​ធំ​នៅ​គ្រប់កន្លែង ហើយ​ចង់​ឲ្យ​អ្នកផ្សេង​ត្រូវគោរព និង​ខ្លាច​ពួកគាត់​គ្រប់ៗ​គ្នា គ្រប់កន្លែង គ្រប់ពេល​។ អ្ហែង​ធ្វើ​ធំ​នៅ​ក្រសួង​របស់​អ្ហែង អ្ហែង​គឺជា​មេ​នៅតែ​ក្រសួង​របស់​អ្ហែង​តែមួយគត់​។ ខ​១ ធ្វើយ៉ាងណា​ឲ្យ​មន្ត្រី​ថ្នាក់ក្រោម​របស់​អ្ហែង គោរព​អ្ហែង​ឲ្យ​បាន​គ្រប់គ្នា​សិន​ទៅ​។ ខ​ពីរ បើ​ចង់បាន​ការគោរព និង​ការទទួលស្គាល់​ពី​សាធារណៈ ត្រូវធ្វើ​ការងារ​ជា​ប្រយោជន៍​ដល់​សាធារណៈ​។ ឲ្យ​ប្រយោជន៍​ទៅ​គេ គេ​នឹង​គោរព​កោតខ្លាច​អ្ហែង​។​
 
​អា​សំណាង​៖ ចុះ​អ្ហែង​? អ្ហែង​គោរព​កោតខ្លាច​អ្នកណា​?
 
​អា​សុធីរ​៖ អញ​មិនបាច់​ប្រៀបធៀប​ទៅណា​ឆ្ងាយ​នោះទេ​។ ពេលខ្លះ អញ​ត្រូវគោរព​កោតខ្លាច មីង​អ្នក​នៅ​ជាមួយ​គ្រួសារ​អញ ដែល​គាត់​ជួយ​ដាំបាយ មើល​ការខុសត្រូវ​បញ្ហា​ក្នុងផ្ទះ​។ អញ​ឲ្យ​ប្រាក់ខែ​គាត់​មែន ប៉ុន្តែ​អញ​នៅតែ​ខ្លាច ថា​គាត់​ឈប់​នៅ​ជាមួយ ព្រោះ​គាត់​ជា​មនុស្ស​ល្អ ហើយ​ជួយ​សម្រួល​បន្ទុក​កិច្ចការ​គ្រួសារ​អញ​បាន​ច្រើន​។​
 
​អា​សំណាង​៖ ចុះ​អញ ចេញ​លុយ​កាហ្វេ​ឲ្យ​អ្ហែង​រាល់​ព្រឹក អ្ហែង​ខ្លាច​អញ ឬ​អត់​?
 
​អា​សុធីរ​៖ ខ្លាច​ហើយ បាន​សុខចិត្ត​ចំណាយពេល​កំដរ​អ្ហែង​រាល់​ព្រឹក ផ្តល់​គំនិត និង​ឆ្លើយ​សំណួរ​របស់​អ្ហែង​រាល់ថ្ងៃ​ហ្នឹង​!
 

© រក្សាសិទ្ធិដោយ thmeythmey.com
អត្ថបទពេញនិយម