អន្តរជាតិ
​​​​ន​យោ​​បាយ​​អន្តរ​ជាតិ​
កូរ៉េខាងជើង ប្រកាស​ពី​ការធ្វើ​តេស្ត​ដ៏​សំខាន់​មួយទៀត​នៅ​ទីតាំង​បាញ់​ផ្កាយរណប Sohae
14, Dec 2019 , 4:30 pm        
រូបភាព
ប្រមុខដឹកនាំកូរ៉េខាងជើង គីម ជុងអ៊ុន អំឡុងពេលចុះត្រួតពិនិត្យអង្គភាពទ័ពនាពេលកន្លងមក។ រូបភាព KCNA
ប្រមុខដឹកនាំកូរ៉េខាងជើង គីម ជុងអ៊ុន អំឡុងពេលចុះត្រួតពិនិត្យអង្គភាពទ័ពនាពេលកន្លងមក។ រូបភាព KCNA
​ទីក្រុង​ព្យុងយ៉ាង នៅ​ថ្ងៃទី​១៤ ខែធ្នូ បានប្រកាស​ពី​ការសាកល្បង​ដ៏​សំខាន់​មួយ​នៅឯ​មជ្ឈមណ្ឌល​បាញ់​ផ្កាយរណប Sohae ជាទី​ដែល​លោក គីម ជុង​អ៊ុន ប្រកាស​បិទ​កាលពី​ឆ្នាំមុន​។ ទីភ្នាក់ងារ​ព័ត៌មាន​កូរ៉េខាងជើង KCNA ដែល​ប្រកាស​ពី​ការសាកល្បង​នេះ មិនបាន​ព័ត៌មាន​លម្អិត​អ្វី​ឡើយ តែ​បញ្ជាក់ថា ការសាកល្បង​នេះ នឹង​ជំរុញ​សមត្ថភាព​នុយក្លេអ៊ែរ​របស់​កូរ៉េខាងជើង​។ ការសាកល្បង​នេះ ធ្វើឡើង​ស្របពេល​ដែល​ឱសានវាទ​របស់​កូរ៉េខាងជើង​ខិត​កាន់តែ​កៀក​។​

 
​ទីភ្នាក់ងារ​ព័ត៌មាន​រដ្ឋ​កូរ៉េខាងជើង kCNA ផ្សាយ​ថា ការសាកល្បង​ដ៏​សំខាន់​មួយ បានធ្វើ​ឡើង​ដោយ​ជោគជ័យ​នៅ​ម៉ោងជាង​១០ យប់​ថ្ងៃទី​១៣ ខែធ្នូ នៅឯ​ទីតាំង​បាញ់​ផ្កាយរណប Sohae ដែល​ត្រូវបាន​ស្គាល់​ជាទូទៅ​ជាមួយ​ឈ្មោះ Dongchang-ri ។ កូរ៉េខាងជើង មិនបាន​បញ្ជាក់​ពី​ព័ត៌មាន​អ្វី​ផ្សេង​ទាក់ទង​នឹង​ការសាកល្បង​នេះឡើយ​។​
 
​ប៉ុន្តែ​អ្នកនាំពាក្យ​ម្នាក់​នៃ​បណ្ឌិត្យសភា​វិ​ទ្យ​សាស្ត្រ​ការពារជាតិ ដែលជា​ស្ថាប័ន​ទទួលបន្ទុក​ការបាញ់​នេះ ត្រូវបាន KCNA ស្រង់​សម្ដី​ថា ការស្រាវជ្រាវ​ជោគជ័យ​នេះ នឹងត្រូវ​យកទៅអនុវត្ត​ដើម្បី​ពង្រឹងសមត្ថភាព​យុទ្ធសាស្ត្រ​នុយក្លេអ៊ែរ​របស់​កូរ៉េខាងជើង​ផ្ទាល់​។ 
 
​នេះ​ជាការ​សាកល្បង​លើក​ទី​ពីរ​នៅឯ​ទីតាំង Sohae នេះ ក្រោយ​ការធ្វើ​តេស្ត​ម្ដង​ហើយ​កាលពីដើម​ធ្នូ​នេះ ខណៈ​ទីតាំង​នេះ​ត្រូវបាន​ប្រមុខ​ដឹកនាំ​កូរ៉េខាងជើង គីម ជុង​អ៊ុន ប្រកាស​បិទទ្វារ​ចោល​អំឡុងពេល​ជំនួប​មេដឹកនាំ​អន្តរ​កូរ៉េ​កាលពី​ឆ្នាំ​២០១៨ ។ អ្វី​គួរ​ឲ្យ​កត់សម្គាល់ ការសាកល្បង​នេះ ធ្វើឡើង​មួយថ្ងៃ​ក្រោយ​អាមេរិក​ប្រកាស​នៅ​ថ្ងៃទី​១២ ខែធ្នូ ថា ខ្លួន​បាន​បាញ់​សាកល្បង​មី​ស៊ី​ល​បាលី​ស្ទិ​ក​ចម្ងាយ​មធ្យម​នៅ​មហាសមុទ្រ​ប៉ាស៊ីហ្វិក​។  
 
​ការសាកល្បង​នេះ ទំនងជា​សារ​ព្រមាន​របស់​ក្រុង​ព្យុងយ៉ាង​ទៅកាន់​ទីក្រុង​វ៉ាស៊ីនតោន ដែល​មិនទាន់​ធ្វើ​សម្បទាន​អ្វី​ដើម្បី​បើក​ការចរចា​រំសាយ​នុយក្លេអ៊ែរ​ឡើងវិញ​។ ក្រុង​ព្យុងយ៉ាង បាន​ទុកពេល​ត្រឹម​ដំណាច់ឆ្នាំ​២០១៩ ឲ្យ​ក្រុង​វ៉ាស៊ីនតោន​យក​លក្ខខណ្ឌ​ថ្មី​មក​ចរចា​ជាមួយ​ខ្លួន​។ បើ​ផុត​ឱសានវាទ​នេះ របប​កុម្មុយនីស្ត​មួយ​នេះ បាន​ព្រមាន​ហើយ​ថា នឹងធ្វើ​ឲ្យ​អាមេរិក​ជួប​បញ្ហា​ធំ​។ កូរ៉េខាងជើង ក៏បាន​សួរ​ទៅ​អាមេរិក​ថា ចង់បាន​កាដូ​អ្វី​នៅ​ថ្ងៃបុណ្យ​គ្រិស្ត​ម៉ាស​ខាងមុខ​នេះដែរ​។​
 
​ជាមួយនឹង​ការសាកល្បង​ផ្ទួនៗ​បែបនេះ មានការ​បារម្ភ​ថា កូរ៉េខាងជើង​កំពុង​ត្រៀម​បាញ់​គ្រាប់​រ៉ុក្កែត​ចម្ងាយ​ឆ្ងាយ ឬក៏​មី​ស៊ី​ល​បាលី​ស្ទិ​ក​ផង​ក៏បាន​ថា​។ តាម​ការសន្យា​របស់លោក គីម កូរ៉េខាងជើង មិនបាន​សាកល្បង​នុយក្លេអ៊ែរ ឬ​មី​ស៊ី​ល​បាលី​ស្ទិ​ក​អ្វី​ឡើយ​ក្នុង​ឆ្នាំ​២០១៩ នេះ ប៉ុន្តែ​ការបង្កើន​ការសាកល្បង​បែបនេះ ទំនងជា​សញ្ញា​ថា នៅ​ឆ្នាំ​២០២០ កូរ៉េខាងជើង​អាច​វិល​ទៅរក​សកម្មភាព​ដូច​មុន​ឆ្នាំ​២០១៨ វិញ​មិន​ខាន​៕ 
 

Tag:
 កូរ៉េខាងជើង​
  អាមេរិក
© រក្សាសិទ្ធិដោយ thmeythmey.com