ONE Championship
កីឡាជាតិ
ជាតិ
បុរស​ក្នុង​ដួងចិត្ត​របស់ Rodtang មុន​ក្លាយជា​ម្ចាស់​ខ្សែក្រវាត់​ពិភពលោក​
14, Dec 2019 , 7:59 pm        
រូបភាព
ដោយ: ថ្មីៗ
​អត្ថបទ​៖ ស៊ី​ធី​
Rodtang Jitmuangnon រហស្សនាម «The Iron Man» កំពុងតែ​ទទួលបាន​ការចាប់អារម្មណ៍​និង​ជោគជ័យ​យ៉ាងខ្លាំង​មួយរយៈ​ចុងក្រោយ​នេះ​។ រូបគេ​ជា​ម្ចាស់​ខ្សែក្រវាត់ ONE Flyweight Muay Thai World Champion  ពេល​ឈ្នះ Jonathan Haggerty កាល​ខែសីហា​។ បន្ទាប់មក រូបគេ​ការពារ​ខ្សែក្រវាត់​បានសម្រេច​លើក​ទី​១ ក្រោយ​ឈ្នះ​កីឡាករ​ប្រេ​ស៊ី​ល Walter Goncalves  នៅក្នុង​កម្មវិធី ONE:CENTURY កាល​ខែតុលា​កន្លងទៅ​។


​យ៉ាងណាក្ដី រូបគេ​នៅតែ​មិន​ភ្លេច​ឡើយ​ចំពោះ​បុរស​នៅក្នុង​ដួងចិត្ត​របស់ខ្លួន​ដែល​បាន​ណែនាំ​ផ្លូវ​រហូត​ទទួលបាន​ជោគជ័យ​យ៉ាងដូច​ច្នេះ​។ បុរស​ដែល​គេ​មិនអាច​បំភ្លេចបាន​នោះ គឺ សព​របស់លោក  Huan បន្ទាប់ពី​រូបលោក​តម្រង់ផ្លូវ និង​ណែនាំ​រឿង​ល្អៗ​មុន​ឈានដល់​កម្រិត​ពិភពលោក​នាពេល​បច្ចុប្បន្ន​។ ជើង​ខ្លាំង​វ័យ ២២​ឆ្នាំ រូបនេះ​បញ្ជាក់ថា បើ​គ្មាន​លោក Huan ទេ ក៏​រូបគេ​មិនអាច​ឈរជើង​ដល់​សព្វថ្ងៃ​នេះដែរ​។ 
 
 

​នៅពេល Rodtang នៅ​ក្មេងខ្ចី រូបគេ​ទទួលបាន​បទពិសោធន៍​មិនអាច​បំភ្លេចបាន​ពេល​ប្រកួត​នៅ​ភូមិតូច​មួយ​ស្ថិត​ភាគខាងត្បូង​ប្រទេស​ថៃ​។ នាពេលនោះ​លោក Huan ជា​ម្ចាស់​ក្លិប Jitmuangnon Gym​។ Rodtang បាន​រៀបរាប់ថា​៖«​លោក Huan ជា​មិត្ត​ជិតស្និទ្ធ​ម្នាក់​របស់​ម្ចាស់​ក្លិប​របស់ខ្ញុំ​នៅ Phatthalung​។ គាត់​ទៅ​ក្លិប​មើល​ការហ្វឹកហាត់​របស់ខ្ញុំ និង ឃ្លាំមើល​ខ្ញុំ​កាល​ខ្ញុំ​នៅ​ក្មេង​។ គាត់​[Huan] គិតថា​ខ្ញុំ​មាន​ទេពកោសល្យ ហើយ សួរ​ប៉ា​របស់ខ្ញុំ​ថា​តើ​អាចមក​ហ្វឹកហាត់​នៅ​បាងកក​បានទេ​នៅ​ក្លិប Jitmuangnon »​។ 
 
​ពីរ​បី​ឆ្នាំ​ក្រោយមក​ទើប “The Iron Man” ធ្វើដំណើរ​យ៉ាង​ឆ្ងាយ​ផ្លាស់​មក​រាជធានី​បាងកក និង អភិវឌ្ឍ​អាជីព​ឲ្យ​កាន់តែ​ល្អ​ឡើង​។ គេ​ទៅ​ហ្វឹកហាត់​នៅ​ក្លិប​ប្រដាល់ Jitmuangnon Gym នា​រាជធានី​បាងកក ហើយ​ត្រូវបាន​គេ​នាំគ្នា​មើល​អ៊ូអរ​ក្រោម​ក្រសែភ្នែក​កូនសិស្ស​មាន​ទេពកោសល្យ​ជាច្រើន​។ គ្រូបង្វឹក Huan បានធ្វើ​ឲ្យ​រូបគេ​ក្លាយជា​តារា​ល្បី​ម្នាក់​ក្នុងចំណោម​កីឡាករ​ជាច្រើន​នៅ​ប្រទេស​ថៃ​។  «The Iron Man» បន្តថា ៖« គាត់​បង្ហាត់​ខ្ញុំ​គ្រប់បែបយ៉ាង និង​យកចិត្តទុកដាក់​លើ​ខ្ញុំ​ដូចជា​កូន​អីចឹង​។ ពួកយើង​ដូច​ឳ​ពុក​និង​កូន​។ គាត់​ចំណាយពេល​បង្ហាត់​ខ្ញុំ​យ៉ាងច្រើន​តាំងពី​ក្បាច់គុន​មិនចេះ​នឿយហត់ និង ចរិតលក្ខណៈ​»​។ 
 
​ម្ចាស់​ក្លិប​ខាងលើ បាន​ជួយ Rodtang ឲ្យ​ក្លាយជា​កីឡាករ​ល្អ​បំផុត​ម្នាក់​ក្នុង​អាជីព​នៅ​សង្វៀន​កម្រិត​ខ្ពស់បំផុត​នៅ​ប្រទេស​ថៃ និង ឈ្នះ​ខ្សែក្រវាត់​នៅ​សង្វៀន​លំដាប់​ពិភពលោក ONE Championship​។ 

  
 
​ទោះជា​មានរឿង​ជាច្រើន​កើង​ឡើង​ក្ដី ក៏ «The Iron Man» មិនអាច​បំភ្លេច​នូវ​គុណូបការៈ​របស់លោក Huan បានទេ​។ ទោះជា​ស្ថិតក្នុង​ស្ថានភាព​បែបណា​ក៏ដោយ ក៏​លោក Huan តែងតែ​គាំទ្រ​ផ្ដល់​កម្លាំងចិត្ត​និង​ស្មារតី​ដល់ Rodtang រហូតមក​ដែរ​។ គ្រូបង្វឹក និង​ជា​ម្ចាស់​ក្លិប​រូបនេះ ធ្វើ​ឲ្យ Rodtang ឈ្នះ​ខ្សែក្រវាត់ Omnoi Stadium Muay Thai World Champion ពីរ​សម័យកាល និង ឈ្នះ​ខ្សែក្រវាត់​កម្រិត​ពិភពលោក ONE ខាងលើ​។ 
 
​ប៉ុន្តែ​រឿង​ដ៏​សោកសៅ​គឺ ពេល Huan ទទួលមរណភាព​កាល​ខែ មីនា ឆ្នាំ ២០១៨​។ នេះ​ជា​រឿង​រន្ធត់ និង​ជាការ​បាត់បង់​បុរស​សំខាន់​ម្នាក់​ក្នុង​ពិភព​ក្បាច់គុន​ថៃ​។ វា​ជា​រឿង​មួយ​មិនគួរ​កើត​និង​បង្កើត​ភាពស្រពិចស្រពិល​ជាច្រើន​នៅ​ក្លិប Jitmuangnon Gym​។ Rodtang បាន​រំលឹក​យ៉ាង​កម្សត់​ថា​៖«​អ្វីៗ​គ្រប់យ៉ាង​ត្រូវ​បញ្ឈប់​ពេល​គាត់​ស្លាប់​។ គាត់​ដូចជា​ឳ​ពុក​របស់ខ្ញុំ​។ គាត់​បង្រៀន​ខ្ញុំ​គ្រប់បែបយ៉ាង​។ ខ្ញុំ​តក់ស្លុត​ពេល​គាត់​លាចាក​លោក​។ ខ្ញុំ​ស្ទើរ​មិន​ជឿ​នឹង​ភ្នែក​។ យើង​មិនដឹងថា​មាន​អ្វី​កើតឡើង​នៅ​ក្លិប​នោះទេ​។ វា​មាន​ភាពចលាចល​មួយ​ជាច្រើន ប៉ុន្តែ​យើង​មាន​គោលដៅ​ត្រូវ​រក្សា​កេរ្តិ៍ឈ្មោះ​របស់គាត់​»​។
 
​បែបណាក៏ដោយ​ចាប់ពីពេលនោះ​មក Rodtang ត្រូវ​មើលថែ​ខ្លួនឯង ហើយ​ជា​ពេលវេលា​ដ៏​លំបាក​មួយ​ដែល​បាន​ឆ្លងកាត់​។ Rodtang បញ្ជាក់ថា លោក Huan បាន​កត់ត្រា​ការប្រកួត​របស់គេ​រាល់​លើក ដូច្នេះ​រូបគេ​ត្រូវតែ​ដាក់​គោលដៅ​យកឈ្នះ​គ្រប់ការ​ប្រកួត​ដើម្បី​ជាការ​រំលឹក​ដល់​គ្រូបង្វឹក Huan​។ 
 
​ពេលវេលា​កន្លងទៅ​ប៉ុន្តែ  Rodtang មិន​បំភ្លេច​លោក Huan ឡើយ​ព្រោះ​លោក​បាន​ជ្រោមជ្រែង​រូបគេ​ឲ្យ​ខ្ពស់ត្រដែត​ក្នុង​អាជីព​ប្រដាល់​មួយ​នេះ​។ Rodtang នៅតែ​រំលឹក​ដល់​លោក Huan បែបនេះ​៖«​ពេល​ឡើង​វ៉ៃ​ខ្ញុំ​តែ​រំលឹក​អំពី​គាត់​។ ខ្ញុំ​មាន​ខ្សែ​រំ​សាកសព​របស់គាត់ ហើយ​ខ្ញុំ​រក្សាទុក​ជាមួយ​ខ្ញុំ​គ្រប់ពេលវេលា​។ មុនពេល​ប្រកួត ខ្ញុំ​នឹក​ដល់​គាត់ រំលឹក​ដល់​គាត់​ឲ្យ​គាំទ្រ​រូបខ្ញុំ និង​ការពារ​ខ្ញុំ​»​។ បុរស​រហស្សនាម​មនុស្ស​ដែក នៅតែ​បន្តដំណើរ​និង​រក្សា​កេរ្តិ៍ឈ្មោះ​ក្លិប Jitmuangnon Gym ដើម្បី​ជាការ​រំលឹក​ដល់​គ្រូបង្វឹក និង​អតីត​ម្ចាស់​ក្លិប Jitmuangnon Gym ជា​រៀងរហូត​។ 
 
​ជាមួយគ្នា​នោះ​លោកស្រី Mare Ae ដែលជា​ប្រពន្ធ​របស់លោក Huan បាន​បន្ត​កេរដំណែល​របស់​ប្ដី និង​ធ្វើការ​លើ​វិស័យ​ក្បាច់គុន​ត​ទៅមុខទៀត​។ លោកស្រី Mare Ae បាន​គាំទ្រ​ដល់ Rodtang ដូច​ប្ដី​របស់​លោកស្រី​ដែរ​។ 
 
Rodtang បន្ថែមថា ៖«​លោក Huan មាន​មោទនភាព​ចំពោះ​ខ្ញុំ​។ គាត់​ជួយ​ខ្ញុំ​តាំងពី​គ្មានអ្វីៗ​ទាំងអស់​។ ដូច្នេះ​ខ្ញុំ​ត្រូវធ្វើ​អ្វីៗ និង​ប្រកួត​យក​ខ្សែក្រវាត់​ដើម្បី​គាត់​។ មាន​រូបគាត់​ទើប​ខ្ញុំ​មាន​អ្វីៗ​គ្រប់បែបយ៉ាង​នៅពេលនេះ​»​។ 
 
​កុំ​ភ្លេច​ទស្សនា កម្មវិធី​បន្ទាប់​របស់​ស្ថាប័ន ONE Championship សូម​ទស្សនា ONE: A NEW TOMORROW នៅ​ថ្ងៃទី ១០ ខែ មករា ចាប់ពី​វេលា​ម៉ោង ៧ ល្ងាច​តទៅ​ដែលមាន​ផ្សាយ​ផ្ទាល់​តាមរយៈ Facebook, Twitter, YouTube,​និង  ONE Super App៕ 
 
 

 

© រក្សាសិទ្ធិដោយ thmeythmey.com