ជាតិ
សង្គមជាតិ
លោក សូ យ៉ាន​៖«​ខ្ញុំ​លក់​មាន់​អាំង​២០​ឆ្នាំ​នៅមុខ​អង្គរ មិនដែល​លក់​មិនសូវ​ដាច់​ដូច​ប៉ុន្មាន​ខែ​នេះ​ទេ​»
14, Dec 2019 , 8:59 pm        
រូបភាព
​សៀមរាប​៖ មាន់​អាំង​ប្រឡាក់​គ្រឿង​មាន​រសជាតិ​ឆ្ងាញ់​ជាប់មាត់​អ្នក​អតិថិជន នៅមុខ​ប្រាសាទអង្គរវត្ត មានឈ្មោះ​បោះ​សម្លេង​ល្បី មិន​ចាញ់​មាន់​អាំង​នៅ​ផ្សារ​ពួក ក្នុង​ខេត្តសៀមរាប​នោះទេ​។ ប៉ុន្តែ លោក សូ យ៉ាន អ្នកលក់​មួយ​អាំង​នៅមុខ​អង្គរវត្ត​ប្រមាណ​២០​ឆ្នាំ បាន​រអ៊ូ ថា ក្នុង​រយៈពេល​៣-៤​ខែ​ចុងក្រោយ​នៃ​ឆ្នាំ​២០១៩ នេះ បែរជា​មិនសូវមាន​ភ្ញៀវ​មក​ចូល​ទិញ​មាន់​អាំង​ពិសា​របស់គាត់ ដូច​ឆ្នាំមុនៗ​ទៅវិញ​។ ការលក់​មិនសូវ​ដាច់​នេះ បានធ្វើ​ឲ្យ​អាជីវក​រវ័យ​៥២​ឆ្នាំ រូបនេះ បាត់បង់​ចំណូល​ជាង​ពាក់កណ្តាល​ដែលជា​ទូទៅ ក្នុង​មួយខែ លោក យ៉ាន លក់បាន​ចំណូល​២០០​ទៅ​៣០០​ដុល្លារ​។

 

​ស្ថិតនៅក្នុង​តូប​លក់​មាន់​អាំង​មួយកន្លែង នៅមុខ​អង្គរវត្ត លោក សូ យ៉ាន អង្គុយ​លើ​កៅ​ទាប​ដោយ​ដៃ​ទាំងពីរ​កំពុងកាន់​មាន់​ដែល​ប្រឡាក់​គ្រឿង​រួច យកមក​កៀប​នឹង​តង្កៀប​ឫស្សី​ដែលមាន​ក្នុង​ចានដែក ម្តង​មួយៗ ដាក់​អាំង​នៅ​នឹង​មុខ​តូប​របស់ខ្លួន​។ អ្នកលក់​មាន់​អាំង​នៅមុខ​អង្គរវត្ត​រូបនេះ រអ៊ូ​ថា​ដូច្នេះ​ថា ៖«​កន្លងមក ខ្ញុំ អាច​លក់​មាន់​អាំង​អស់​២០-៣០​ក្បាល​ក្នុង​មួយថ្ងៃ ព្រមទាំង​ទទួលបាន​ប្រាក់ចំណេញ​ប្រចាំខែ​ពី​២០០​ទៅ​៣០០​ដុល្លារ​។ ប៉ុន្តែ​ក្នុង​រយៈពេល​៣​ខែ​ចុង​ក្រោយនេះ ពោល​ខែកញ្ញា ដល់​ខែវិច្ឆិកា ខ្ញុំ​អាច​ទទួលបាន​ប្រាក់ចំណេញ​ពី​ការលក់​មាន់​អាំង​នេះ បាន​ត្រឹម​១០០​ដុល្លារ ប៉ុណ្ណោះ ក្នុង​មួយខែ​»​។​
 
 
 
​បើតាម​លោក សូ យ៉ាន  ការលក់​ធ្លាក់​ប្រាក់ចំណេញ​ប្រចាំខែ​ដែល​មិន​ធា្ល​ប់​ជួប​កន្លងមកនេះ គឺ​ដោយសារ​តំបន់​អង្គរវត្ត មិនសូវមាន​ភ្ញៀវទេសចរ មក​ទស្សនា មិន​ថា​ភ្ញៀវ​បរទេស ឬ​ភ្ញៀវ​ខ្មែរ​នោះទេ ហើយ​សម្រាប់​ភ្ញៀវ​ដែល​និយម​មក​ទទួលទាន​មាន់​អាំង​នៅមុខ​អង្គរវត្ត​នេះ ភាគច្រើន គឺជា​ភ្ញៀវ​ខ្មែរ​។ 
 
​ជាមួយគ្នានេះ លោក សូ យ៉ាន បាន​បន្ថែមថា មួយ​អាំង​មួយ​ក្បាល មានតម្លៃ​ពី​៣០០០០​ទៅ​៥០០០០​រៀល ដែល​អាស្រ័យទៅលើ​ទម្ងន់​មាន់​តែម្តង​។ ក្រៅពី​លក់​មាន់​អាំង លោក សូ យ៉ាន ក៏មាន​លក់​នូវ​កង្កែប​អាំង ប្រហុក​អាំង ត្រីអាំង និង​សម្លរ​ខ្មែរ​បែប​ស្រុកស្រែ​ជាច្រើន​មុខ ផងដែរ​។ 
 
 
 
​លោក សូ យ៉ាន នឹង​លែង​ប្រកប​របរ​លក់​មាន់​អាំង និង​ម្ហូបអាហារ នៅមុខ​អង្គរ​នេះ​ទៀត​នៅ​ឆ្នាំក្រោយ ប៉ុន្តែ​លោក​ឈប់​លក់​នេះ មិនមែន​ដោយសារ​លក់​មិនសូវ​ដាច់​នោះទេ គឺ​អាជីវករ​មាន​វ័យ​៥២​ឆ្នាំ រូបនេះ ផ្ទេរ​មុខរបរ​ដែលមាន​អាយុ​២០​ឆ្នាំ​មកហើយ​នោះ​ទៅឱ្យ​កូន​របស់លោក​បន្ត​ម្តង​៕







Tag:
 មាន់​អាំង​មុខ​អង្គរវត្ត
© រក្សាសិទ្ធិដោយ thmeythmey.com