ជាតិ
សង្គមជាតិ
រថយន្តរាប់សិបម៉ឺនគ្រឿងនៅលើដងផ្លូវ ត្រូវមកត្រួតពិនិត្យបច្ចេកទេស ដើម្បីកាត់បន្ថយគ្រោះថ្នាក់ចរាចរណ៍ រូបពីក្រសួងសាធារណការ និងដឹកជញ្ជូន
× ភ្នំពេញ៖ រដ្ឋមន្ត្រីក្រសួងសាធារណការ និងដឹកជញ្ជូន លោក ស៊ុន ចាន់ថុល អំពាវឲ្យសាធារណជន យករថយន្តរបស់ខ្លួន មកត្រួតពិនិត្យលក្ខណៈបច្ចេកទេសយានយន្ត (ឆៀក) ឲ្យបានគ្រប់គ្នា ខណៈរថយន្តដល់ទៅ ៣០ ម៉ឺនគ្រឿងឯណោះដែលអស់សុពលភាពឆៀកមុនៗ និងត្រូវធ្វើឆៀកឡើងវិញ។ លោក ស៊ុន ចាន់ថុល បានប្រាប់ឲ្យម្ចាស់យានយន្តដែលមិនទាន់មកធ្វើឆៀក ឬឆៀកចាស់អស់សុពលភាព ត្រូវមករកសេវាកម្មឆៀកនេះ ដើម្បីចៀសវាងការពិន័យ និងចូលរួមកាត់បន្ថយគ្រោះថ្នាក់។
ក្នុងពិធីសម្ពោធមណ្ឌលត្រួតពិនិត្យលក្ខណៈបច្ចេកទេសយានយន្ត ខណ្ឌឫស្សីកែវ រាជធានីភ្នំពេញ នៅថ្ងៃទី១២ខែធ្នូ លោក ស៊ុន ចាន់ថុល បានប្រាប់ឲ្យម្ចាស់យានយន្តដែលមិនទាន់មកធ្វើឆៀក ឬឆៀកចាស់អស់សុពលភាព ត្រូវមករកសេវាកម្មឆៀកនេះ ដើម្បីចៀសវាងការពិន័យ និងចូលរួមកាត់បន្ថយគ្រោះថ្នាក់។ លោកថ្លែងដូច្នេះថា៖«មកដល់ពេលនេះ បើយើងមើលស្ថិតិតាមប្រព័ន្ធទិន្នន័យរបស់ក្រសួងសាធារណការ និងដឹកជញ្ជូន នៅ៣០ម៉ឺនគ្រឿងទៀត ដែលហួសសុពលភាព ហើយមិនទាន់បានមកឆៀកនៅឡើយទេ»។ លោកទេសរដ្ឋមន្ត្រីបន្តបែបនេះទៀតថា៖«ហើយរថយន្តដែលផុតសុពលភាព សូមអញ្ជើញយកឡានមកឆៀកឲ្យបានទាន់ពេលវេលា ដើម្បីកុំឲ្យមានការផាកពិន័យ និងចូលរួមជាមួយរដ្ឋាភិបាលក្នុងការកាត់បន្ថយគ្រោះថ្នាក់ចរាចរណ៍»។
ប្រសាសន៍លោក ស៊ុន ចាន់ថុល ក្នុងពិធីសម្ពោធមណ្ឌលត្រួតពិនិត្យលក្ខណៈបច្ចេកទេសយានយន្ត ខណ្ឌឫស្សីកែវ រាជធានីភ្នំពេញ នៅថ្ងៃទី១២ខែធ្នូ៖
បើតាមលោក ស៊ុន ចាន់ថុល សព្វថ្ងៃកម្ពុជាមានមណ្ឌលត្រួតពិនិត្យលក្ខណៈយានយន្តចំនួន ១៥ កន្លែង ដែលធ្វើប្រតិបត្តិការដោយក្រុមហ៊ុនឯកជន។ ក្នុងនោះ ៦ ទីតាំងនៅភ្នំពេញ និង ៩ទីតាំងផ្សេងទៀតនៅតាមបណ្ដាខេត្ត ដូចជាខេត្តបាត់ដំបង សៀមរាប ព្រះសីហនុ កំពង់ស្ពឺ កំពង់ឆ្នាំង ក្រចេះ រតនគិរី ស្វាយរៀង និងខេត្តព្រះវិហារ។ ក្រៅពីនេះ ក្រុមហ៊ុនមានរថយន្តឆៀកចល័តចំនួន៤គ្រឿង សម្រាប់ផ្ដល់សេវាតាមបណ្ដាខេត្ត ដែលអត់ទាន់មានមណ្ឌលឆៀក ។
នៅក្នុងឆ្នាំ២០១៧ បរិមាណឆៀកយានយន្តមានចំនួន ២២៩,៤៤៤ គ្រឿង ឆ្នាំ២០១៨ មានចំនួន ៣១៨,៣៩៤គ្រឿង ឆ្នាំ២០១៩ មានចំនួន ៣១៦,៩៥៨ គ្រឿង និងយានយន្តអស់សុពលភាពត្រូវយកមកឆៀកឡើងវិញមានចំនួន ៣០២,៨៤០គ្រឿង។ ដោយឡែករថយន្តដែលបានចុះបញ្ជីនៅទូទាំងប្រទេស គិតត្រឹមថ្ងៃទី៣០ ខែវិច្ឆិកា ឆ្នាំ២០១៩ មានចំនួន ៧៩០,៣៤២ គ្រឿង។ នេះបើយោងតាមតួលេខពីក្រសួងសាធារណការ និងដឹកជញ្ជូន៕
Tag:
ស៊ុន ចាន់ថុល
រថយន្ត
ឆៀក
© រក្សាសិទ្ធិដោយ thmeythmey.com