ជាតិ
សង្គមជាតិ
មជ្ឈមណ្ឌលជាតិផ្ដល់ឈាម ផ្គត់ផ្គង់ឈាមជាង២០០ប្លោកក្នុងមួយថ្ងៃ ដល់មន្ទីរពេទ្យនៅរាជធានីភ្នំពេញ
× ភ្នំពេញ៖ ក្នុង១ថ្ងៃ មជ្ឈមណ្ឌលជាតិផ្ដល់ឈាម ដែលជាទីកន្លែងស្តុកឈាម បានផ្គត់ផ្គង់ឈាមប្រមាណ ២០០ប្លោក ទៅកាន់មន្ទីរពេទ្យនានាក្នុងរាជធានីភ្នំពេញ។ នេះជាការបញ្ជាក់របស់លោកវេជ្ជបណ្ឌិត សុខ ប៉ូ ប្រធានមជ្ឈមណ្ឌលជាតិផ្ដល់ឈាម។
ក្នុងកម្មវិធីបរិច្ចាគឈាម ដែលរៀបចំដោយក្រុមហ៊ុន Star Auto Cambodia លោកវេជ្ជបណ្ឌិត សុខ ប៉ូ ប្រធានមជ្ឈមណ្ឌលជាតិផ្ដល់ឈាម បានបញ្ជាក់ថា៖ «មជ្ឈមណ្ឌលបានគ្រប់គ្រងការផ្ដល់ឈាមសម្រាប់មន្ទីរពេទ្យមានភាពល្អប្រសើរ។ បច្ចុប្បន្ននេះ មជ្ឈមណ្ឌលធានាបាននូវការផ្គត់ផ្គង់ឈាមទៅមន្ទីរពេទ្យទាំងអស់ក្នុងរាជធានីភ្នំពេញ ក្នុងរង្វង់២០០ប្លោកក្នុងមួយថ្ងៃ និងថ្ងៃខ្លះត្រូវការដល់៣០០ប្លោកក៏មាន»។
បើតាមលោកវេជ្ជបណ្ឌិត ដោយសារតែតម្រូវការឈាមមានការកើនឡើង មជ្ឈមណ្ឌលជាតិផ្ដល់ឈាម នឹងខិតខំបន្ថែមទៀត ដើម្បីធ្វើយ៉ាងណាស្វះស្វែងរកការបរិច្ចាគឈាមដោយស្ម័គ្រចិត្ត សម្រាប់ផ្គត់ផ្គង់ទៅកាន់មន្ទីរពេទ្យទាំងអស់។ លោកវេជ្ជបណ្ឌិតរូបនេះ លើកឡើងថា ការបរិច្ចាគឈាមដោយស្ម័គ្រចិត្ត គឺជាកាយវិការមនុស្សធម៌ដ៏ល្អ ជាពិសេស ឈាមដែលបានមកពីការបរិច្ចាគនេះ ជាឈាមមានគុណភាពល្អ។
លោកវេជ្ជបណ្ឌិត សុខ ប៉ូ អះអាងពីអត្ថប្រយោជន៍នៃការបរិច្ចាគឈាមយ៉ាងដូច្នេះ៖ «ការបរិច្ចាគឈាមមានអត្ថប្រយោជន៍សម្រាប់សុខភាព គឺការបរិច្ចាគឈាមម្ដង ទទួលបានការពិនិត្យពិគ្រោះសុខភាពម្ដង។ ការបរិច្ចាគឈាម ជួយកាត់បន្ថយកំហាប់ឈាម និងការលើសឈាមជាតិដែលធ្វើឲ្យផលប៉ះពាល់ដល់ថ្លើម និងលំពែង ជាពិសេសកាត់បន្ថយនូវហានិភ័យនៃជំងឺមហារីក»។ ប្រធានមជ្ឈមណ្ឌលជាតិផ្ដល់ឈាមរូបនេះ បន្តថា ការបរិច្ចាគឈាម ក៏ធ្វើឲ្យប្រសើរឡើងនូវសុខភាពបេះដូង បន្ថយការឡើងទម្ងន់ ជំងឺដាច់សរសៃឈាមក្នុងខួរក្បាលផងដែរ។
លោកវេជ្ជបណ្ឌិត សុខ ប៉ូ ក៏បានអំពាវនាវដល់ប្រជាពលរដ្ឋ ចូលរួមការបរិច្ចាគឈាមដោយស្ម័គ្រចិត្តឲ្យបានច្រើនកុះករ ដើម្បីធ្វើយ៉ាងណាឲ្យមានការកើនឡើងដល់ ៥០ភាគរយនៃការផ្គត់ផ្គង់ឈាម។ លោកវេជ្ជបណ្ឌិត បន្តថា ការបរិច្ចាគឈាម នឹងកាន់តែប្រសើរឡើង នៅពេលដែលយុវជនយល់ដឹងពីការបរិច្ចាគឈាម។
សូមបញ្ជាក់ថា នៅថ្ងៃទី១៤ ធ្នូ ក្រុមហ៊ុន ស្តារ អូតូ ខេមបូឌា និងដៃគូសារព័ត៌មានផ្លូវការ គឺសារព័ត៌អេឡិចត្រូនិកថ្មីៗ ហ្វ្រេសញ៉ូវ និងវិទ្យុប្រជាជនដើម្បីប្រជាជន 91មេហ្គាហឺត សហការជាមួយមជ្ឈមណ្ឌលជាតិផ្តល់ឈាម និងសមាគមន៍អ្នកផ្តល់ឈាមកម្ពុជាទាំងអស់ បានរួមគ្នាបង្កើតកម្មវិធីបរិច្ចាគឈាមសប្បុរសធម៌ ក្រោមប្រធានបទ «ផ្តល់ឈាម ផ្តល់ក្តីស្រឡាញ់ និងសង្គ្រោះជីវិតមនុស្សដោយគ្មានការរើសអើង»៕
Tag:
ឈាម
សុខភាព
មជ្ឈមណ្ឌលជាតិផ្ដល់ឈាម
© រក្សាសិទ្ធិដោយ thmeythmey.com