ជាតិ
សង្គមជាតិ
មជ្ឈមណ្ឌល​ជាតិ​ផ្ដល់​ឈាម ផ្គត់ផ្គង់​ឈាម​ជាង​២០០​ប្លោក​ក្នុង​មួយថ្ងៃ ដល់​មន្ទីរពេទ្យ​នៅ​រាជធានី​ភ្នំពេញ​
14, Dec 2019 , 5:59 pm        
រូបភាព
​ភ្នំពេញ​៖ ក្នុង​១​ថ្ងៃ មជ្ឈមណ្ឌល​ជាតិ​ផ្ដល់​ឈាម ដែលជា​ទីកន្លែង​ស្តុក​ឈាម បាន​ផ្គត់ផ្គង់​ឈាម​ប្រមាណ ២០០​ប្លោក ទៅកាន់​មន្ទីរពេទ្យ​នានា​ក្នុង​រាជធានី​ភ្នំពេញ​។ នេះ​ជាការ​បញ្ជាក់​របស់លោក​វេជ្ជបណ្ឌិត សុខ ប៉ូ ប្រធាន​មជ្ឈមណ្ឌល​ជាតិ​ផ្ដល់​ឈាម​។​


​ក្នុង​កម្មវិធី​បរិច្ចាគ​ឈាម ដែល​រៀបចំ​ដោយ​ក្រុមហ៊ុន Star Auto Cambodia លោក​វេជ្ជបណ្ឌិត សុខ ប៉ូ ប្រធាន​មជ្ឈមណ្ឌល​ជាតិ​ផ្ដល់​ឈាម បាន​បញ្ជាក់ថា​៖ «​មជ្ឈមណ្ឌល​បាន​គ្រប់គ្រង​ការផ្ដល់​ឈាម​សម្រាប់​មន្ទីរពេទ្យ​មាន​ភាពល្អប្រសើរ​។ បច្ចុប្បន្ននេះ មជ្ឈមណ្ឌល​ធានាបាន​នូវ​ការផ្គត់ផ្គង់​ឈាម​ទៅ​មន្ទីរពេទ្យ​ទាំងអស់​ក្នុង​រាជធានី​ភ្នំពេញ ក្នុង​រង្វង់​២០០​ប្លោក​ក្នុង​មួយថ្ងៃ និង​ថ្ងៃ​ខ្លះ​ត្រូវការ​ដល់​៣០០​ប្លោក​ក៏មាន​»​។​

  
 
​បើតាម​លោក​វេជ្ជបណ្ឌិត ដោយសារតែ​តម្រូវការ​ឈាមមាន​ការកើនឡើង មជ្ឈមណ្ឌល​ជាតិ​ផ្ដល់​ឈាម នឹង​ខិតខំ​បន្ថែមទៀត ដើម្បី​ធ្វើយ៉ាងណា​ស្វះ​ស្វែងរក​ការបរិច្ចាគ​ឈាម​ដោយ​ស្ម័គ្រចិត្ត សម្រាប់​ផ្គត់ផ្គង់​ទៅកាន់​មន្ទីរពេទ្យ​ទាំងអស់​។ លោក​វេជ្ជបណ្ឌិត​រូបនេះ លើកឡើងថា ការបរិច្ចាគ​ឈាម​ដោយ​ស្ម័គ្រចិត្ត គឺជា​កាយវិការ​មនុស្ស​ធម៌​ដ៏​ល្អ ជាពិសេស ឈាម​ដែល​បានមកពី​ការបរិច្ចាគ​នេះ ជា​ឈាម​មានគុណ​ភាពល្អ​។ 

  
 
​លោក​វេជ្ជបណ្ឌិត សុខ ប៉ូ អះអាង​ពី​អត្ថប្រយោជន៍​នៃ​ការបរិច្ចាគ​ឈាម​យ៉ាង​ដូច្នេះ​៖ «​ការបរិច្ចាគ​ឈាមមាន​អត្ថប្រយោជន៍​សម្រាប់​សុខភាព គឺ​ការបរិច្ចាគ​ឈាម​ម្ដង ទទួលបាន​ការពិនិត្យ​ពិគ្រោះ​សុខភាព​ម្ដង​។ ការបរិច្ចាគ​ឈាម ជួយ​កាត់បន្ថយ​កំហាប់​ឈាម និង​ការ​លើសឈាម​ជាតិ​ដែល​ធ្វើ​ឲ្យ​ផលប៉ះពាល់​ដល់​ថ្លើម និង​លំពែង ជាពិសេស​កាត់បន្ថយ​នូវ​ហានិភ័យ​នៃ​ជំងឺមហារីក​»​។ ប្រធាន​មជ្ឈមណ្ឌល​ជាតិ​ផ្ដល់​ឈាម​រូបនេះ បន្តថា ការបរិច្ចាគ​ឈាម ក៏​ធ្វើ​ឲ្យ​ប្រសើរឡើង​នូវ​សុខភាព​បេះដូង បន្ថយ​ការឡើង​ទម្ងន់ ជំងឺ​ដាច់​សរសៃឈាម​ក្នុង​ខួរក្បាល​ផងដែរ​។ 
​លោក​វេជ្ជបណ្ឌិត សុខ ប៉ូ ក៏បាន​អំពាវនាវ​ដល់​ប្រជាពលរដ្ឋ ចូលរួម​ការបរិច្ចាគ​ឈាម​ដោយ​ស្ម័គ្រចិត្ត​ឲ្យ​បាន​ច្រើន​កុះករ ដើម្បី​ធ្វើយ៉ាងណា​ឲ្យ​មានការ​កើនឡើង​ដល់ ៥០​ភាគរយ​នៃ​ការផ្គត់ផ្គង់​ឈាម​។ លោក​វេជ្ជបណ្ឌិត បន្តថា ការបរិច្ចាគ​ឈាម នឹង​កាន់តែ​ប្រសើរឡើង នៅពេលដែល​យុវជន​យល់ដឹង​ពី​ការបរិច្ចាគ​ឈាម​។ 

  
 
​សូមបញ្ជាក់ថា នៅ​ថ្ងៃទី​១៤ ធ្នូ ក្រុមហ៊ុន ស្តារ អូ​តូ ខេ​ម​បូ​ឌា និង​ដៃគូ​សារព័ត៌មាន​ផ្លូវការ គឺ​សារព័ត៌​អេឡិចត្រូនិក​ថ្មីៗ ហ្វ្រេស​ញ៉ូ​វ និង​វិទ្យុ​ប្រជាជន​ដើម្បី​ប្រជាជន 91​មេ​ហ្គា​ហឺត សហការ​ជាមួយ​មជ្ឈមណ្ឌល​ជាតិ​ផ្តល់​ឈាម និង​សមាគមន៍​អ្នកផ្តល់​ឈាម​កម្ពុជា​ទាំងអស់ បានរួម​គ្នា​បង្កើត​កម្ម​វិធី​បរិច្ចាគ​ឈាម​សប្បុរសធម៌ ក្រោម​ប្រធានបទ «​ផ្តល់​ឈាម ផ្តល់​ក្តី​ស្រឡាញ់ និង​សង្គ្រោះ​ជីវិត​មនុស្ស​ដោយ​គ្មាន​ការរើសអើង​»៕





 

 

 

Tag:
 ឈាម​
  សុខភាព​
  មជ្ឈមណ្ឌល​ជាតិ​ផ្ដល់​ឈាម​
© រក្សាសិទ្ធិដោយ thmeythmey.com