អន្តរជាតិ
​​​​ន​យោ​​បាយ​​អន្តរ​ជាតិ​
អតីត​មេដឹកនាំ​ផ្ដាច់ការ​ស៊ូដង់ អាល់​-​បា​សៀ ត្រូវ​កាត់ទោស​ឲ្យ​ជាប់ឃុំ​ពីរ​ឆ្នាំ​ពីបទ​ពុករលួយ​
15, Dec 2019 , 10:06 am        
រូបភាព
​អតីត​មេដឹកនាំ​ផ្ដាច់ការ​ស៊ូដង់ អូ​ម៉ា អាល់​-​បា​សៀ នៅ​ថ្ងៃទី​១៤ ខែធ្នូ ត្រូវបាន​តុលាការ​កាត់ទោស​ឲ្យ​ជាប់ឃុំ​ក្នុង​មន្ទីរឃុំឃាំង​រយៈពេល​ពី​រ​ឆ្នាំ​ទាក់ទង​ករណី​ពុករលួយ​។ ការសម្រេចចិត្ត​មិន​ដាក់​អតីត​ប្រធានាធិបតី​រូបនេះ​ក្នុង​ពន្ធនាគារ ធ្វើឡើង​ដោយមាន​ការពិចារណា​លើ​អាយុ​របស់លោក​ផ្ទាល់​។ លើសពីនោះ តុលាការ​ស៊ូដង់ ក៏​បញ្ជា​ឲ្យ​ដកហូត​លុយ​រាប់លាន​ដុល្លារ​ដែល​ត្រូវបាន​រកឃើញ​ក្នុងផ្ទះ​លោក អាល់​-​បា​សៀ ផងដែរ​។

 
«​ជនជាប់ចោទ អូ​ម៉ា អាល់​-​បា​សៀ ត្រូវបញ្ជូន​ទៅកាន់​មណ្ឌល​កែប្រែ​សម្រាប់​រយៈពេល​ពីរ​ឆ្នាំ​។ លុយ​បរទេស និង​លុយ​ស៊ូដង់​ទាំង​អម្បាលម៉ាន​ដែល​ត្រូវបាន​រឹបអូស ត្រូវបាន​ដក​ទុក​ទាំងអស់​។​» នេះ​ជាការ​ប្រកាស​របស់​ចៅក្រម Al-Sadiq Abdelrahman ប្រធាន​អង្គជំនំជម្រះ​ក្នុង​សវនាការ​ថ្ងៃទី​១៤ ខ​ធ្នូ ដែលជា​ការកាត់ក្ដី​លើកទីមួយ​ប្រឆាំង​អតីត​មេដឹកនាំ​ផ្ដាច់ការ​ស៊ូដង់​ដែល​ដឹកនាំ​ប្រទេស​៣០​ឆ្នាំ​រហូតដល់​ការធ្វើ​រដ្ឋប្រហារ​នៅ​ខែមេសា ឆ្នាំនេះ​។​
 
​ពាក់ព័ន្ធ​មូលហេតុ​មិន​បញ្ជូន​លោក អាល់​-​បា​សៀ ទៅ​ពន្ធនាគារ ប្រធាន​អង្គជំនំជម្រះ​ដដែល​បញ្ជាក់ថា អាយុ​របស់​អតីត​ប្រធានាធិបតី​រូបនេះ ជា​កត្តា​ចម្បង​។ សព្វថ្ងៃ​លោក អាល់​-​បា​សៀ មាន​វ័យ​៧៥​ឆ្នាំ​ហើយ​។ 
 
​ការកាត់ទោស​អតីត​មេដឹកនាំ​ផ្ដាច់ការ​រូបនេះ ត្រូវបាន​មើលឃើញថា ជាការ​ប៉ុន​ប៉ុង​របស់​យោធា និង​ក្រុម​ស៊ីវិល​ដែល​កំពុង​ចែក​អំណាច​ដឹកនាំ​ប្រទេស​ក្នុងការ​បោសសម្អាត​កេរដំណែល​របស់លោក អាល់​-​បា​សៀ ដែល​ដឹកនាំ​ស៊ូដង់​រាប់សិប​ឆ្នាំ​។ លោក អាល់​-​បា​សៀ ផ្ទាល់ ក៏​កំពុង​ស្ថិតក្នុង​បញ្ជី​តាម​ចាប់ខ្លួន​របស់​តុលាការ​ឧក្រិដ្ឋកម្ម​អន្តរជាតិ​ពាក់ព័ន្ធ​បទល្មើស​ប្រល័យពូជសាសន៍ ឧក្រិដ្ឋកម្ម​សង្គ្រាម និង​ឧក្រិដ្ឋកម្ម​ប្រឆាំង​មនុស្សជាតិ​នៅ​តំបន់​ដា​ហ្វួ​រ​។ 
 
​សន្តិសុខ​នៅ​ជុំវិញ​តុលាការ ត្រូវបាន​ពង្រឹង​យ៉ាងខ្លាំង ខណៈ​អ្នកគាំទ្រ​លោក អាល់​-​បា​សៀ ប្រមាណ​៣០០០​នាក់ នាំគ្នា​តវ៉ា​។ នេះ​បើតាម​ការផ្សាយ​របស់​ទីភ្នាក់ងារ​ព័ត៌មាន Reuters ។ ចំណែក​មេធាវី​របស់លោក ក៏​ប្រកាស​ដែរ​ថា លោក​នឹង​ប្ដឹង​ជំទាស់​ការកាត់ក្ដី​នេះ​។ លោក Ahmed Ibrahim al-Tahir មេធាវី​លោក អាល់​-​បា​សៀ និយាយថា ការកាត់ក្ដី ជា​រឿង​នយោបាយ ប៉ុន្តែ​លោក​នឹង​នៅតែ​ជឿជាក់​លើ​ប្រព័ន្ធយុត្តិធម៌​ស៊ូដង់​។​
 
​សូម​រំឭកថា លោក អាល់​-​បា​សៀ ត្រូវបាន​យោធា​ស៊ូដង់​ទម្លាក់​ពី​អំណាច​ក្នុង​រដ្ឋប្រហារ​មិន​បង្ហូរឈាម​មួយ​កាលពី​ខែមេសា​កន្លងទៅ ស្របពេល​មាន​បាតុកម្ម​ប្រឆាំង​ការដឹកនាំ​របស់លោក​ដែល​ផ្ទុះឡើង​តាំងពី​ខែធ្នូ ឆ្នាំ​២០១៨ ។ ក្រោយ​អស់អំណាច ក្រុម​យោធា​កាន់អំណាច ក៏​ឃុំខ្លួន​អតីត​មេដឹកនាំ​រូបនេះ​ក្នុង​ពន្ធនាគារ ខណៈ​បើក​ការចរចា​ជាមួយ​ក្រុមបាតុករ​ស៊ីវិល​ដើម្បី​ចែករំលែក​អំណាច​។ សព្វថ្ងៃ ក្រុម​យោធា​កំពុង​ដឹកនាំ​ប្រទេស មុននឹង​ដល់​វេន​ក្រុម​ស៊ីវិល​វិញ​ម្ដង​៕ 
 

Tag:
 ស៊ូដង់​
  អូ​ម៉ា អាល់​-​បា​សៀ
© រក្សាសិទ្ធិដោយ thmeythmey.com