អត្ថបទពាណិជ្ជកម្ម
ប្រា​សាក់ សម្ពោធ​អគារ​បណ្ណាល័យ ៤ ខ្នង​ព្រម​គ្នា​ក្នុង​ថ្ងៃ​តែមួយ នៅ​ខេត្តកំពង់ធំ​
15, Dec 2019 , 11:16 am        
រូបភាព
ដោយ: ថ្មីៗ
ខេត្តកំពង់ធំ​៖ ក្នុង​ការបន្ត​ចូលរួម​ជំរុញ​វប្បធម៌​អាន របស់​សិស្សានុសិស្ស  និង​អភិវឌ្ឍ​ធនធានមនុស្ស​នៅ​កម្ពុជា អគារ​បណ្ណាល័យ​ស្តង់ដារ​ចំនួន ៤ ខ្នង ដែល​បាន​សាងសង់ និង​បំពាក់​សៀវភៅ​និង​បរិក្ខារ​រួចរាល់ ដោយ​ប្រើ​មូលនិធិ​នៃ​គ្រឹះស្ថាន​មីក្រូហិរញ្ញវត្ថុ ប្រា​សាក់ ត្រូវ​បានដាក់​សម្ពោធ​ឱ្យប្រើ​ប្រាស់​ជា​ផ្លូវការ កាលពី​រសៀល​ថ្ងៃទី ១៣ ខែធ្នូ ឆ្នាំ​២០១៩​។ ពិធី​នេះ មានការ​ចូលរួម​ជា​អធិបតីភាព​ដ៏​ខ្ពង់ខ្ពស់ លោក ជា ចាន់តូ អគ្គទេសាភិបាល ធនាគារជាតិ​នៃ​កម្ពុជា​។
​ពិធី​សម្ពោធ​នេះ ប្រារព្ធ​ធ្វើឡើង​នៅក្នុង​បរិវេណ​វិទ្យាល័យ​កំពង់ថ្ម ក្នុងស្រុក​សន្ទុក ខេត្តកំពង់ធំ ដើម្បី​ជា​និមិត្តរូប នៃ​ការដាក់ឱ្យ​ប្រើប្រាស់​ជា​ផ្លូវការ អគារ​បណ្ណាល័យ​ទាំង ៤ ខ្នង ដែល​ស្ថិតនៅ​ទីតាំង​សាលា​ផ្សេងគ្នា​រួមមាន បណ្ណាល័យ​នៅ​វិទ្យាល័យ កំពង់ថ្ម , វិទ្យាល័យ ហ៊ុន សែន សណ្តាន់ , វិទ្យាល័យ ហ៊ុន សែន រុងរឿង និង​វិទ្យាល័យ ជា ស៊ីម ប្រឡាយ ដែល​ស្ថិតនៅ​ទឹកដី​ខេត្តកំពង់ធំ ជាមួយនឹង​សម្ភារ បរិក្ខារ​បណ្ណាល័យ​យ៉ាងច្រើន និង​សៀវភៅអាន​ប្រមាណ​ជា ១២,០០០​ក្បាល​។

  
 
​ចូលរួម​ជា​គណៈអធិបតី​ក្នុង​ពិធី​នេះដែរ រួមមាន លោក ព្រឹម រដ្ឋា អភិបាលរង​ខេត្តកំពង់ធំ​, លោក ឃឹម សារិន តំណាង​ក្រសួង​អប់រំ យុវជន និង​កីឡា​, លោក តាន់ ប៊ុន​ហុង ប្រធាន​មន្ទីរអប់រំ យុវជន និង​កីឡា​ខេត្តកំពង់ធំ​, លោក ទឹម រតនា  នាយក​សាខា​ធនាគារជាតិ​នៃ​កម្ពុជា ប្រចាំខេត្ត​កំពង់ធំ និង​លោក ស៊ីម សេនា​ជាតិ ប្រធាន​នាយក​ប្រតិបត្តិ​នៃ​គ្រឹះស្ថាន​មីក្រូហិរញ្ញវត្ថុ ប្រា​សាក់ ព្រមទាំង លោក​អភិបាលស្រុក​សន្ទុក ស្រុក​ស្ទោង និង​ស្រុក​សណ្ដាន់ អាជ្ញាធរ​ដែនដី លោកគ្រូ អ្នកគ្រូ សិស្សានុសិស្ស និង​ប្រជាជន​ប្រមាណ​ជា ១,៥០០​នាក់​។​
 
​លោក ឃឹម សារិន តំណាង​ក្រសួង​អប់រំ យុវជន និង​កីឡា បាន​កោតសរសើរ និង​ថ្លែងអំណរគុណ​យ៉ាង​ជ្រាលជ្រៅ ចំពោះ​ប្រា​សាក់ ដែល​បាន​កសាង​អគារ​បណ្ណាល័យ​ជាច្រើន ដល់​រហូតដល់ ៤១​ខ្នង នៅ​ទូទាំងប្រទេស ដើម្បី​រួមចំណែក​លើកស្ទួយ​វិស័យ​អប់រំ និង​ធនធានមនុស្ស​នៅ​កម្ពុជា​។ ប្រា​សាក់​បាន​ឆ្លើយតប​ត្រូវ​នឹង​តម្រូវការ​របស់​ក្រសួង ដែល​ត្រូវការ​អគារ​បណ្ណាល័យ​ស្ដង់ដារ​ដាច់ដោយឡែក នៅតាម​សាលារៀន​នានា ដែល​បំពាក់​ដោយ​សៀវភៅ និង​សម្ភារ​បរិក្ខារ​គ្រប់គ្រាន់ ដែល​កាលពីមុន​សាលារៀន ត្រូវយក​បន្ទប់​នៃ​អគារសិក្សា ឬ​អគារ​ទីចាត់ការ​មួយផ្នែក មក​ធ្វើជាបណ្ណាល័យ ដែលមាន​លក្ខណៈ​តូចចង្អៀត​មិន​អំណោយផល​ដល់​ការអាន​។​
 
 
 
​លោក ព្រឹម រដ្ឋា អភិបាលរង​ខេត្តកំពង់ធំ ក៏បាន​មានប្រសាសន៍​ថ្លែងអំណរគុណ ចំពោះ​ប្រា​សាក់​ដែល​បានផ្ដល់​ជា​អគារ​បណ្ណាល័យ​រហូតដល់ ៧ ខ្នង ដល់​ទឹកដី​ខេត្តកំពង់ធំ​។ លោក​សង្ឃឹមថា​សិស្សានុសិស្ស​ទាំងអស់ នៅតាម​បណ្ដា​សាលារៀន​ទាំងនេះ នឹង​ខិតខំ​រៀនសូត្រ បង្កើន​សមត្ថភាព និង​ចំណេះ​ដឹងខ្លួន តាមរយៈ​ការចូល​អាន​នៅក្នុង​បណ្ណាល័យ ក៏ដូចជា​ការខ្ចី​សៀវភៅ យកទៅ​អាន​នៅផ្ទះ ហើយ​លោក ព្រឹម រដ្ឋា ក៏បាន​អំពាវនាវ​ឱ្យ​សិស្សានុសិស្ស ត្រូវ​ចេះ​ចូលរួម​ថែរក្សា បណ្ណាល័យ​នេះ បានល្អ​គង់វង្ស​រហូត​ទៅ​។​
 
​មានប្រសាសន៍​សំណេះសំណាល​នៅក្នុង​ពិធី​នេះ លោក ជា ចាន់តូ អគ្គទេសាភិបាល​ធនាគា​រ​ជាតិ​នៃ​កម្ពុជា បាន​ថ្លែងអំណរគុណ​យ៉ាង​ជ្រាលជ្រៅ ចំពោះ​ប្រា​សាក់ ដែល​បានផ្តល់​សមិទ្ធផល អគារ​បណ្ណាល័យ​ទាំងនេះ ដែលជា​ផ្នែក​មួយ​យ៉ាងសំខាន់​ក្នុងការ​អប់រំ ព្រោះ​ការអភិវឌ្ឍ​ប្រទេសជាតិ គឺ​ផ្អែកទៅលើ​ការ​អភិ​ឌ្ឍ​ធនធានមនុស្ស​ជា​ចាំបាច់​។ លោក ជា ចាន់តូ បន្តថា វិស័យ​មីក្រូហិរញ្ញវត្ថុ​អាច​រីកចម្រើន​ទៅបាន អាស្រ័យ​លើ​ចំណេះដឹង​របស់​អតិថិជន ជាពិសេស​ចំណេះដឹង​ផ្នែក​ហិរញ្ញវត្ថុ និង​ចំណេះដឹង​ផ្នែក​ជំនួញ​ជួញដូរ ដោយ​ពួកគាត់​ត្រូវ​ចេះ​គិត ចេះ​ពិចារណា ចេះ​ប្រក​បរបរ និង​ចេះ​ប្រើប្រាស់​កម្ចី​ឱ្យបាន​ត្រឹមត្រូវ​ទើប​ទទួលបាន​ជោគជ័យ​និង​រីកចម្រើន​។ លោក ជា ចាន់តូ បន្ត​ដូច្នេះ​៖«​ពេល​អតិថិជន​ទទួលបាន​បាន​ជោគជ័យ នោះ​ទើប​ស្ថាប័ន​មីក្រូហិរញ្ញវត្ថុ ទទួលបាន​ជោគជ័យ​ដែរ​។ ហេតុនេះ យើង​ត្រូវខិតខំ​ក្រេប​យកចំណេះ​ដឹង តាមរយៈ​ការ​ស្ដាប់ គិត សួរ និង​សរសេរ (​សុ ចិ បុ លិ​) ព្រមទាំង​ការអាន​ផងដែរ​។ ដូចនេះ​សិស្សានុសិស្ស អាច​ស្រាវជ្រាវ និង​បង្កើន​ចំណេះដឹង​បន្ថែម តាមរយៈ​បណ្ណាល័យ​នេះ​»​។​
 
 
 
​លោក ជា ចាន់តូ ក៏បាន​លើកឡើង​ផងដែរ​ថា សមិទ្ធផល​ដែល​បាន​កើតឡើង​នៅពេលនេះ គឺ​កើតឡើង​ដោយសារ​សុខសន្តិភាព និង​ស្ថិរភាព​នយោបាយ នៅ​ប្រទេស​កម្ពុជា​ដែល​ផ្ដល់ឱកាស​ឱ្យ​យើង​បាន​រៀនសូត្រ និង​ប្រកប​របរ​ទទួលទាន​ចិញ្ចឹមជីវិត បាន​ដោយ​សុខដុមរមនា​។ លោក ចាន់តូ បាន​ផ្ដាំផ្ញើ​សិស្សានុសិស្ស​ទាំងអស់ ត្រូវខិតខំ​រៀនសូត្រ ពង្រឹងសមត្ថភាព និង​ត្រូវ​ស្រលាញ់​ចូលចិត្ត​ការអាន ដើម្បី​អនាគត​ដ៏​ភ្លឺស្វាង​។​
 
​អំពី​ប្រា​សាក់ និង​គម្រោង​បណ្ណាល័យ​ប្រា​សាក់​
​ប្រា​សាក់ ជា​គ្រឹះស្ថាន​មីក្រូហិរញ្ញវត្ថុ​លំដាប់​ទីមួយ ក្នុង​វិស័យ​មីក្រូហិរញ្ញវត្ថុ និង​ជា​ស្ថាប័ន​មួយ ក្នុងចំណោម​ធនាគារ​ធំៗ ទាំង ៥ នៅ​កម្ពុជា ដោយ​ផ្តល់​សេវា​ហិរញ្ញវត្ថុ​ជូន​ដល់​អតិថិជន រួមមាន​៖ សេវា​ឥណទាន ប្រាក់​បញ្ញើ​សន្សំ ទូទាត់​វិក្កយបត្រ​ទឹក ទូទាត់​វិក្កយបត្រ​ភ្លើង សេវា​ហិរញ្ញវត្ថុ​ឌីជីថល ផ្ទេរប្រាក់ ដក​ប្រាក់ តាម​ម៉ាស៊ីន​អេ​ធី​អឹម​ប្រា​សាក់ ទោះជា​គ្មាន​ប័ណ្ណ​អេ​ធី​អឹម ប្តូរប្រាក់ ទិញ​កាត​ទូរស័ព្ទ បើកប្រាក់​បៀវត្ស សេវា​ទូទាត់​រហ័ស អេ​ធី​អឹម សេវា​ធនាគារ​ចល័ត ម៉ាស៊ីន​ឆូត​កាត ម៉ាស៊ីន​ដាក់​ប្រាក់ សេវា​ខេ​ម​បូ​ឌា​ន​ស៊ែរ​ស្វ៊ី​ច (CSS) សេវា​ទូទាត់​ប្រព័ន្ធ​បាគង និង​សេវា​ហិរញ្ញវត្ថុ​ដទៃ​ផ្សេងៗ​ទៀត ជាមួយនឹង​បណ្តាញ​ការិយាល័យ​ជិត ២០០​ទីតាំង ព្រមទាំង​បុគ្គលិក​ជិត ៩,០០០​នាក់​។​

  
 
​ស្របតាម​ទស្សនវិស័យ និង​បេសកកម្ម​របស់ខ្លួន ក៏ដូចជា​ដើម្បី​ថ្លែងអំណរគុណ​ចំពោះ​អតិថិជន​ដែល​បាន​គាំទ្រ​និង​ប្រើប្រាស់​ផលិតផល​និង​សេវា​របស់​ប្រា​សាក់​នាពេល​កន្លងមក ប្រា​សាក់​បាន​បង្កើត​និង​ចូលរួម​កម្មវិធី​សង្គម​ជាច្រើន ដូចជា កម្មវិធី​ជំនួយ​សង្គ្រោះបន្ទាន់​សម្រាប់​គាំពារ​អតិថិជន​ដែល​ទទួលរង​ផលប៉ះពាល់​ពី​គ្រោះមហន្តរាយធម្មជាតិ​និង​គ្រោះថ្នាក់​ផ្សេងៗ កម្មវិធី​មនុស្សធម៌ និង​ការឧបត្ថម្ភ​សកម្មភាព​សង្គម​នានា ជាពិសេស​នោះ​គឺ​ការចូលរួមចំណែក​បណ្ដុះ​វប្បធម៌​អាន តាមរយៈ «​គម្រោង​បណ្ណាល័យ​ប្រា​សាក់​»​។ 
 
​សម្រាប់​អគារ​បណ្ណាល័យ​នៅ​វិទ្យាល័យ​ទាំង ៤ នេះ​ស្ថិត​ក្នុងចំណោម​អគារ​បណ្ណាល័យ​ទាំងអស់ ៤១ ខ្នង ដែល​ប្រា​សាក់​បាន​សាងសង់​ជូន​បណ្ដា​សាលារៀន​នានា​នៅ​ទូទាំង​កម្ពុជា​។ ប្រា​សាក់​មិន​ត្រឹមតែ​ផ្ដល់​តួ​អគារ​ប​ណ្ណា ល័យ​ប៉ុណ្ណោះ​ទេ គឺ​ថែមទាំង​ឧបត្ថម្ភ​ការបំពាក់​ធនធាន​សម្ភា​រៈឯក​សារ និង​ការបណ្ដុះបណ្ដាល​បណ្ណារក្ស​ថែម​ទៀតផង​ដើម្បីឱ្យ​បណ្ណាល័យ​នេះ​ដំណើរការបាន​ដោយ​រលូន ក្រោម​កិច្ចសហការ​ពី​នាយកដ្ឋាន​អភិវឌ្ឍ​កម្មវិធីសិក្សា នៃ​ក្រសួង​អប់រំ យុវជន និង​កីឡា​។ 

  
 
​អគារ​បណ្ណាល័យ​នេះ ជា​និមិត្តរូប​មិនចេះ​រីងស្ងួត និង​មិនចេះ​សាបសូន្យ​នៃ​ទំនាក់ទំនង និង​ការយកចិត្តទុកដាក់​ចំពោះ​គ្នា​ទៅវិញទៅមក រវាង​គ្រឹះស្ថាន​មីក្រូហិរញ្ញវត្ថុ ប្រា​សាក់ និង​អតិថិជន ក៏ដូចជា​ប្រជាជន​ក្នុង​សហគមន៍​ទាំងមូល ហើយ​បណ្ណាល័យ​នេះ​ក៏​ជា​កេរ​មរតក​របស់​ប្រា​សាក់​សម្រាប់​ទុក​ជូន​សិស្សានុសិស្ស​ដែលជា​កូនចៅ​របស់​ប្រជាពលរដ្ឋ​ក្នុង​សហគមន៍​ទាំង​បច្ចុប្បន្ន និង​អនាគត​៕
 
(​អត្ថបទ​ពាណិជ្ជកម្ម​)
​ 

 

© រក្សាសិទ្ធិដោយ thmeythmey.com