ជាតិ
សង្គមជាតិ
NGO មន្ត្រីរដ្ឋាភិបាល និងអ្នកសារព័ត៌មាន ធ្វើទស្សនកិច្ចនៅហ្វីលីពីន ដើម្បីសិក្សាពីការគ្រប់គ្រងធនធានធម្មជាតិ និងសិទ្ធិជនជាតិដើមភាគតិច
× ហ្វីលីពីន៖ តំណាងមន្ត្រីរដ្ឋាភិបាល អង្គការក្រៅរដ្ឋាភិបាល និងក្រុមអ្នកសារព័ត៌មាន បានទៅទស្សនកិច្ចនៅប្រទេសហ្វីលីពីន ដើម្បីឈ្វេងយល់ពីការគ្រប់គ្រងធនធានធម្មជាតិ និងសិទ្ធិជនជាតិដើមភាគតិច។ ដំណើរទស្សនកិច្ចនេះ មានរយៈពេល៥ថ្ងៃ ចាប់ពីថ្ងៃទី៩ដល់ ១៣ ធ្នូ ដែលរៀបចំដោយ វេទិការនៃអង្គការមិនមែនរដ្ឋាភិបាលស្ដីពីកម្ពុជា(NGO Forum on Cambodia)។
ក្នុងដំណើរទស្សនកិច្ចនៅប្រទេសហ្វីលីពីននេះ ក្រុមប្រតិភូកម្ពុជា ត្រូវបានអញ្ជើញទៅទស្សនានិងសិក្សាស្វែងយល់ពីសហគមន៍ជនជាតិដើមភាគតិចនៅស្រុក សាន់តាហ្វេ ខេត្តNueva Vizcaya បន្ទាន់មកឆ្ពោះទៅមន្ទីរបរិស្ថានដែលគ្រប់គ្រងតំបន់៣ ទទួលបន្ទុក៧ខេត្ត និងនៅថ្ងៃចុងក្រោយមានការជួបជាមួយតំណាងរដ្ឋាភិបាលហ្វីលីពីន។ ដំណើរទស្សនកិច្ចសិក្សាទៅប្រទេសហ្វីលីពីន ដើម្បីសិក្សាស្វែងយល់ពី អភិបាលកិច្ចល្អក្នុងការគ្រប់គ្រងធនធានធម្មជាតិ ការគ្រប់គ្រងដីធ្លី ជាពិសេសកិច្ចខិតខំប្រឹងប្រែងរបស់អង្គការក្រៅរដ្ឋាភិបាល រួមទាំងរដ្ឋាភិបាលហ្វីលីពីន ក្នុងការលើកកម្ពស់សិទ្ធិនិងជីវភាពជនជាតិដើមភាគតិច។
អ្វីដែលវេទិកានៃអង្គការមិនមែនរដ្ឋាភិបាលស្ដីពីកម្ពុជា(NGO Forum on Cambodia) ចង់បាន ក្រោយពីដំណើរទស្សនកិច្ចនេះ គឺសង្ឃឹមថាក្រសួងពាក់ព័ន្ធនានានៅកម្ពុជា អាចចាប់ដៃជាមួយអង្គការសង្គមស៊ីវិលផ្សេងៗ ដែលធ្វើការទៅលើសិទ្ធិដីធ្លី ធនធានធម្មជាតិ សិទ្ធិលំនៅស្ថាន និងសិទ្ធិជនជាតិដើមភាគតិចជាដើមនោះយ៉ាងជិតស្និទ្ធ ក្នុងន័យអភិវឌ្ឍន៍ប្រទេសប្រកបដោយចិរភាព។
ដំណើរទស្សនកិច្ចដែលរៀបចំដោយវេទិការនៃអង្គការមិនមែនរដ្ឋាភិបាលស្ដីពីកម្ពុជា(NGO Forum on Cambodia) មានការចូលរួមពី តំណាងក្រសួងមហាផ្ទៃ ,ក្រសួងអភិវឌ្ឍន៍ជនបទ ,ក្រសួងកិច្ចការនារី, ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់, តំណាងពីមន្ទីរបរិស្ថាន និងរដ្ឋបាលសាលាខេត្ត រួមទាំងសមាជិកបណ្ដាញព្រៃឈើ (IPFN) ,បណ្ដាញឡារីននៃវេទិកាអង្គការមិនមែនរដ្ឋាភិបាល ដែលធ្វើការផ្ដោតទៅលើសិទ្ធិលំនៅស្ថាននិងសិទ្ធិដីធ្លី និងតំណាងអង្គការក្រៅរដ្ឋាភិបាលមួយចំនួនទៀត ហើយសរុប២៣រូប៕
Tag:
ហ្វីលីពីន
ធនធានធម្មជាតិ
ជនជាតិដើមភាគតិច
អភិបាលកិច្ចល្អ
© រក្សាសិទ្ធិដោយ thmeythmey.com