នាថ្ងៃទី១៤ ខែធ្នូ ឆ្នាំ២០១៩ ក្រុមហ៊ុន ហ្គោលដេន អេហ្វអិកស៍ លីង ឃែភីថល បានចូលរួមក្នុងសិក្ខាសាលាតាមបណ្ដាខេត្ត នៅខេត្តត្បូងឃ្មុំ ដែលបានរៀបចំឡើងក្រោមប្រធានបទ «អ្វីជាការជួញដូរឧបករណ៍និស្សន្ទ៖ ការត្រៀមខ្លួន ការវិនិយោគ និងការយល់ដឹងពាក់ព័ន្ធ?»។ ការចូលរួមលើកនេះ គឺជាលើកទី១២ក្នុងឆ្នាំ២០១៩ និងជាលើកទី១៧ បើគិតចាប់ពីការកើតឡើង នៃសិក្ខាសាលាតាមបណ្ដាខេត្តក្នុងឆ្នាំ២០១៨មក។
គោលបំណងសំខាន់នៃការចូលរួមក្នុងសិក្ខាសាលានេះ របស់ក្រុមហ៊ុន ហ្គោលដេន អេហ្វអិកស៍ លីង ឃែភីថលនេះ គឺដើម្បីចែករំលែកចំណេះដឹង ជំនាញ បទពិសោធន៍ ក៏ដូចជាគន្លឹះល្អៗសម្រាប់ការវិនិយោគ ដល់សាធារណជននៅគ្រប់ខេត្តក្រុងទាំងអស់ នៃព្រះរាជាណាចក្រកម្ពុជា។
លោក ជា បុល្លិកា អនុប្រធាននាយកដ្ឋានត្រួតពិនិត្យអន្តរការីមូលបត្រ នៃគណៈកម្មការមូលបត្រកម្ពុជា បានផ្ដល់មតិស្វាគមន៍ក្នុងសិក្ខាសាលានៅខេត្តត្បូងឃ្មុំនេះ ហើយបានបង្ហាញពីស្ថានភាពបច្ចុប្បន្ន នៃទីផ្សារឧបករណ៍និស្សន្ទនៅក្នុងប្រទេសកម្ពុជា ក៏ដូចជាគោលជំហរ របស់គណៈកម្មការមូលបត្រកម្ពុជា ក្នុងការពង្រីកការអភិវឌ្ឍទីផ្សារឧបករណ៍និស្សន្ទបន្ថែមទៀត។ លោក បុល្លិកា ក៏បានលើកទឹកចិត្តឱ្យវិនិយោគិន បង្កើនចំណេះដឹង និងត្រៀមខ្លួនរួចរាល់សម្រាប់ការវិនិយោគ លើឧបករណ៍និស្សន្ទ ដើម្បីរួមចំណែកក្នុងការអភិវឌ្ឍសេដ្ឋកិច្ចជាតិ។
បន្ទាប់មក លោក ចេង ប៊ុណ្ណារ៉ា អភិបាលរងខេត្តត្បូងឃ្មុំ បានផ្ដល់កិត្តិយស ប្រកាសបើកកម្មវិធីសិក្ខាសាលាជាផ្លូវការ និងបានលើកឡើងពីសក្ដានុពលនៃខេត្តរបស់លោក និងការយកចិត្តទុកដាក់ របស់រាជរដ្ឋាភិបាលកម្ពុជា ក្នុងការអភិវឌ្ឍគ្រប់វិស័យ ជាពិសេសវិស័យសេដ្ឋកិច្ច ដែលស្ដែងឱ្យឃើញតាមរយៈ ការធ្វើកំណែទម្រង់សេដ្ឋកិច្ច ដែលជួយឱ្យកម្ពុជា បាន និងកំពុងមានកំណើនសេដ្ឋកិច្ច នៅក្នុងរង្វង់ ៧% ក្នុងមួយឆ្នាំ។ តាមរយៈសិក្ខាសាលានេះ លោក ចេង ប៊ុណ្ណារ៉ា ក៏រំពឹងថា សិក្ខាកាម នឹងទទួលបានចំណេះដឹងផ្នែកហិរញ្ញវត្ថុបន្ថែម ជាពិសេស លើទីផ្សារឧបករណ៍និស្សន្ទ។
ក្នុងនាមជាវាគ្មិនកិត្តិយស លោក ឡុង សំណាង ប្រធានផ្នែកប្រឹក្សាយោបល់ហិរញ្ញវត្ថុ នៃក្រុមហ៊ុន ហ្គោលដេន អេហ្វអិកស៍ លីង ឃែភីថល បានធ្វើបទបង្ហាញ ដើម្បីឱ្យសិក្ខាកាមងាយយល់និងទទួលបានចំណេះដឹង អំពីការវិនិយោគលើផលិតផលឧបករណ៍និស្សន្ទ ការទប់ស្កាត់ និងការកាត់បន្ថយហានិភ័យ ពីការវិនិយោគ និងយុទ្ធសាស្ត្រល្អៗ ដើម្បីទាញយកផលគាប់ប្រសើរពីការវិនិយោគ។ ក្រោមការដឹកនាំរបស់គណៈកម្មការមូលបត្រកម្ពុជា លោក សំណាង ក៏បានបង្ហាញពីការប្ដេជ្ញារបស់ក្រុមហ៊ុន ក្នុងការបន្តរួមអភិវឌ្ឍទីផ្សារឧបករណ៍និស្សន្ទនៅកម្ពុជា ឱ្យល្អប្រសើរ ដូចប្រទេសរីកចម្រើនផ្សេងទៀតផងដែរ។
ចាប់តាំងពីឆ្នាំ២០១៨មក ក្រុមហ៊ុន ហ្គោលដេន អេហ្វអិកស៍ លីង ឃែភីថល បានចូលរួមសិក្ខាសាលាតាមបណ្ដាខេត្ត នៅខេត្តព្រះសីហនុ ខេត្តកំពង់ចាម ខេត្តសៀមរាប ខេត្តបន្ទាយមានជ័យ ខេត្តបាត់ដំបង ខេត្តតាកែវ ខេត្តកំពត ខេត្តកែប ខេត្តកំពង់ឆ្នាំង ខេត្តពោធិ៍សាត់ ខេត្តប៉ៃលិន ខេត្តកណ្ដាល ខេត្តព្រៃវែង ខេត្តស្វាយរៀង ខេត្តកំពង់ស្ពឺ និងខេត្តកោះកុងរួចមកហើយ ហើយក្រុមហ៊ុន នឹងបន្តដំណើរនិងចែករំលែកចំណេះ ជំនាញ វិនិយោគដល់សាធារណជន នៅគ្រប់ខេត្តក្រុងទាំងអស់នៃព្រះរាជាណាចក្រកម្ពុជា។
*ប្រសិនបើលោកអ្នកចង់ដឹងព័ត៌មានបន្ថែម ឬចុះឈ្មោះចូលរួមសិក្ខាសាលាតាមបណ្ដាខេត្តនេះ សូមទំនាក់ទំនងមកក្រុមហ៊ុនយើងខ្ញុំ តាមរយៈគេហទំព័រ
www.goldenfxlink.com ឬទំព័រហ្វេសប៊ុក Golden FX Link Capital Co., Ltd. ឬទូរស័ព្ទមកលេខ 023 22 6666៕
(អត្ថបទពាណិជ្ជកម្ម)