អន្តរជាតិ
នយោបាយអន្តរជាតិ
សិង្ហបុរី ប្រើច្បាប់ប្រឆាំងព័ត៌មានក្លែងក្លាយបញ្ជាឲ្យបក្សប្រឆាំងកែប្រែការផ្សព្វផ្សាយមិនពិតតាមបណ្តាញសង្គម
× រដ្ឋាភិបាលសិង្ហបុរី នៅថ្ងៃ១៤ ធ្នូ បានចេញបញ្ជាឲ្យគណបក្សប្រឆាំងមួយចេញផ្សាយកែតម្រូវលើការផ្សព្វផ្សាយតាមបណ្តាញសង្គម និងអត្ថបទដែលចុះផ្សាយតាមគេទំព័រពាក់ព័ន្ធបញ្ហាអត្រានៃអ្នកមានការងារធ្វើរបស់ប្រទេស ។ បទបញ្ជានេះ ធ្វើឡើងក្រោមអំណាចច្បាប់ប្រឆាំងនឹងព័ត៌មានមិនពិត ដែលប្រទេសតូចជាងគេក្នុងតំបន់មួយនេះ ទើបតែដាក់ប្រើប្រាស់។
គិតចាប់ពីច្បាប់ប្រឆាំងព័ត៌មានមិនពិតចូលជាធរមានមក នេះគឺជាករណីទីបីហើយ ដែលរដ្ឋាភិបាលសិង្ហបុរី បានយកច្បាប់នេះដើម្បីឆ្លើយតប និងចាត់វិធានការទៅនឹងព័ត៌មាន និងការផ្សព្វផ្សាយនានាតាមប្រព័ន្ធអនឡាញ ជាពិសេសក្នុងបណ្តាញសង្គម ដែលរដ្ឋាភិបាលយល់ឃើញថាជាព័ត៌មានក្លែងក្លាយ។ នេះបើយោងតាមការចុះផ្សាយរបស់សារព័ត៌មាន Bangkok Post។
តាមប្រភពព័ត៌មានដដែល រដ្ឋាភិបាល បានដាក់បញ្ជាឲ្យបក្សប្រជាធិបតេយ្យ ដែលជាបក្សប្រឆាំងមួយរបស់ប្រទេស ចេញអត្ថបទកែតម្រូវឡើងវិញ ទៅលើការចុះផ្សាយរបស់ខ្លួននៅលើបណ្តាញហ្វេសប៊ុក និងគេហទំព័រអំពីទីផ្សារការងាររបស់ប្រទេស ដែលលើកឡើងថា អត្រានៃអ្នកវិជ្ជាជីវៈ អ្នកគ្រប់គ្រង និងអ្នកបច្ចេកទេស កំពុងតែបាត់បង់ការងារជាបន្តបន្ទាប់។
តាមការអះអាងរបស់រដ្ឋមន្ត្រីការងារសិង្ហបុរី ការចុះផ្សាយបែបនេះ បានធ្វើឲ្យមានការយល់ច្រលំពីស្ថិតិពិតប្រាកដ ពោលគឺខុសពីការពិត។ តាមរដ្ឋមន្ត្រីជំនាញ គិតចាប់ពីឆ្នាំ២០១៥មក អត្រានៃការអ្នកមានការងារធ្វើជាពិសេសអ្នកជំនាញ និងបច្ចេកទេស មានការកើនឡើងបន្តបន្ទាប់នោះទេ។
សម្រាប់មជ្ឈដ្ឋានខាងក្រៅ វិធានការបែបនេះ គឺជាផ្នែកមួយនៃការរឹតត្បិតសិទ្ធិ និងសេរីភាព នៃការបញ្ចេញមតិ។ កន្លងមក ក្រោមច្បាប់ប្រឆាំងនឹងព័ត៌មានមិនពិត និងការបំភ្លើសព័ត៌មាន រដ្ឋាភិបាលសិង្ហបុរី បានមានវិធានលើអ្នកបំពានដោយផ្ទាល់ផង និងដោយប្រយោលផង។ ដោយប្រយោលនោះគឺក្នុងករណីមុន រដ្ឋាភិបាល បានស្នើទៅកាន់ក្រុមហ៊ុនហ្វេសប៊ុកឲ្យជូនដំណឹងព្រមានដល់អ្នកប្រើប្រាស់របស់ខ្លួនដែលនិយាយរឿងមិនពិតពីសិង្ហបុរី ដែលជាផ្នែកមួយប៉ះពាល់ដល់កេរ្តិ៍ឈ្មោះប្រទេស។
តាមពិតទៅ មិនមានប្រទេសនៅក្នុងតំបន់ច្រើននោះទេ ដែលមានច្បាប់ប្រឆាំងនឹងព័ត៌មានមិនពិតបែបនេះ។ ថ្មីៗនេះអ្នកជិតខាងសិង្ហបុរីតែម្តង គឺម៉ាឡេស៊ី ទើបតែបានមោឃភាពច្បាប់ប្រភេទនេះ ដែលបានអនុម័តក្នុងអាណត្តិរដ្ឋាភិបាលមុន ដោយយល់ឃើញថា ច្បាប់ប្រភេទនេះ មិនមានចាំបាច់ និងប៉ះពាល់ដល់សិទ្ធិពលរដ្ឋ។
ក៏ប៉ុន្តែយ៉ាងណា រដ្ឋាភិបាលសិង្ហបុរី បានបញ្ជាក់ជាច្រើនដងរួចហើយពីគោលបំណងនៃការបង្កើតច្បាប់នេះឡើង។ នោះគឺ ដោយសារតែសិង្ហបុរី គឺជាមជ្ឈមណ្ឌលហិរញ្ញវត្ថុដ៏សំខាន់ មានប្រជាជនចម្រុះរស់នៅ ដែលងាយនឹងរងការវាយប្រហារ និងបង្កភាពច្របូកច្របល់ តាមរយៈការបំភ្លៃព័ត៌មានជាដើម៕
Tag:
សិង្ហបុរី
ព័ត៌មានក្លែងក្លាយ
© រក្សាសិទ្ធិដោយ thmeythmey.com