ជាតិ
សង្គមជាតិ
ប្រេងស្លឹកគ្រៃរបស់លោក កែវ យឿន កំពុងមានទីផ្សារល្អ
× សៀមរាប៖ លោក កែវ យឿន ជាកសិករមួយរូបដែលបាននិងកំពុងទទួលផលពីការផលិតប្រេងស្លឹកគ្រៃ។ ទីផ្សារប្រេងស្លឹកគ្រៃហាក់មានតម្លៃល្អនាពេលចុងក្រោយនេះ ដែលអាចឱ្យលោក យឿន រកចំណូលបានក្នុងមួយខែជិត៣ពាន់ដុល្លារពីការផលិតប្រេងស្លឹកគ្រៃជាលក្ខណៈគ្រួសារ។
គ្រួសារលោក យឿន មានឆ្នាំងផលិតប្រេងស្លឹកគ្រៃមួយ ដែលអាចដាក់ស្លឹកគ្រៃបានចំណុះ ៨០០គីឡូក្រាម។ រាល់ថ្ងៃលោក យឿន ចម្រាញ់តែមួយឆ្នាំងប៉ុណ្ណោះ ដោយប្រើពេល៤ម៉ោងដើម្បីចម្រាញ់ផលិតជាប្រេងបានជាងមួយលីត្រ។
តាមពិតទៅ លោក យឿន មានរបរផលិតប្រេងដោយខ្លួនឯងនេះ តាំងពីឆ្នាំ១៩៨២មក ដែលកាលណោះ លោកផលិតប្រភេទប្រេងស្មាច់ ដែលឈ្មួញដើរប្រមូលទិញលក់ តាមព្រំដែនវៀតណាម។ លោក យឿន មានស្រុកកំណើតនៅខេត្តស្វាយរៀង និងបានមករស់នៅធ្វើចម្ការនៅស្រុកបន្ទាយស្រី ខេត្តសៀមរាប ប្រមាណ៦ឆ្នាំមកហើយ បន្ទាប់ពីត្រឡប់មកពីធ្វើការនៅប្រទេសថៃ។ នៅស្រុកបន្ទាយស្រីដំបូង គ្រួសារមួយនេះ មានរបរធ្វើចម្ការ និងដាំស្លឹកគ្រៃសម្រាប់លក់នៅទីផ្សារទូទៅ។ ការដាំស្លឹកគ្រៃនៅពេលនោះមិនមានចំណូលច្រើនទេ ដោយសារតម្លៃថោកនិងពេលខ្លះបង្ខំទុកចម្ការស្លឹកគ្រៃចោលក៏មានព្រោះគ្មានឈ្មួញទិញ។
ក្រោយចូលរួមជាមួយសហគមន៍ផលិតប្រេងស្លឹកគ្រៃដែលចងក្រងដោយអង្គការកសិកម្មបានជាងមួយឆ្នាំមក លោក យឿន ក៏សម្រេចចេញមកចម្រាញ់ប្រេងជាលក្ខណៈគ្រួសារវិញ។ សព្វថ្ងៃ លោកយកចិត្តទុកដាក់លើការងារនេះជាខ្លាំង ដោយក្នុងមួយថ្ងៃលោកផលិតប្រេងស្លឹកគ្រៃនេះបានជាងមួយលីត្រសម្រាប់ផ្គត់ផ្គង់ឱ្យអតិថិជន។ អតិថិជនដែលបញ្ជាទិញប្រេងស្លឹកគ្រៃ គឺមានទាំងក្នុងនិងក្រៅស្រុក ហើយក្នុងមួយខែលោកអាចលក់បានជិត៣ពាន់ដុល្លារ។
បន្ទាប់ពីប្រេងស្លឹកគ្រៃមានការគាំទ្រច្រើនមក ការដាំំដុះស្លឹកគ្រៃរបស់កសិករនៅស្រុកបន្ទាយស្រីក៏មានទីផ្សារល្អដែរ។ លោក យឿន បានប្រមូលទិញស្លឹកគ្រៃពីកសិករក្នុងភូមិដែលលោកទិញក្នុងតម្លៃចាប់ពី២០០រៀលទៅ៥០០រៀលក្នុងមួយគីឡូក្រាម។
គួររម្លឹកថា លោក យឿន ចេះកែច្នៃផលិតប្រេងស្លឹកគ្រៃនេះនៅសម័យខ្មែរក្រហម ដែលកាលនោះលោកអាយុ១៤ឆ្នាំ និងជាអ្នកជួយចាស់ៗរកថ្នាំមកផលិតជាប្រេងស្មាច់ ប្រេងខ្យល់ និងថ្នាំ។ លោកមិនបានរៀនទេ តែលោកនៅចាំពីបច្ចេកទេសធ្វើប្រេងពេលនោះ ទើបសាកល្បងផលិតប្រេងស្លឹកគ្រៃរហូតបានជោគជ័យ។ ទៅថ្ងៃខាងមុខ លោកចង់ឱ្យមានការវិនិយោគពង្រីកអាជីវកម្មមួយនេះឱ្យបានធំ សម្រាប់ការផ្គត់ផ្គង់ទាំងក្នុងស្រុកនិងការនាំចេញទៅខាងស្រុកផង៕
Tag:
ប្រេងស្លឹកគ្រៃ
កែវ យឿន
បន្ទាយស្រី
© រក្សាសិទ្ធិដោយ thmeythmey.com