ជាតិ
សង្គមជាតិ
លោក ហ៊ុន ម៉ា​នី បង្កើត​មជ្ឈមណ្ឌល​កម្ពុ​ជា​៤.0
15, Dec 2019 , 3:20 pm        
រូបភាព
 ប្រធាន​សហភាព​សហព័ន្ធ​យុវជន​កម្ពុជា លោក ហ៊ុន ម៉ា​នី បាន​សរសេរ​នៅលើ​គណនី​Twitter របស់លោក​នៅ​រសៀល​ថ្ងៃអាទិត្យ​នេះ ដោយ​បង្ហើប​អំពី​ដំណើរ​ការបង្កើត​មជ្ឈមណ្ឌល​កម្ពុជា​៤.០​។​

 
​មជ្ឈមណ្ឌល​កម្ពុជា​៤.០ នឹង​លេច​ជា​រូបរាង​ឡើង​នៅ​កម្ពុជា​ក្នុងពេល​ឆាប់ៗ​នេះ​។ នេះ​បើតាម​យោងតាម​គណនី Twitter របស់លោក ហ៊ុន ម៉ា​នី​។​ «​យើង​កំពុង​ស្ថិតនៅក្នុង​ដំណើរការ​នៃ​ការសាងសង់​មជ្ឈមណ្ឌល​ថ្មី​មួយ​ដែលមាន​ឈ្មោះថា មជ្ឈមណ្ឌល​កម្ពុជា​៤.០»​។ នេះ​ជា​សារ​របស់លោក ហ៊ុន ម៉ា​នី​។​
 
​ប្រធាន​សហភាព​សហព័ន្ធ​យុវជន​កម្ពុជា​បាន​សរសេរ​សារ​នេះ ក្រោយពី​លោក​បានផ្តល់​កិច្ច​សម្ភាស​ពិសេស​ដល់​ទូរទស្សន៍​PNN ដោយ​លោក​បាន​បង្ហើ​ថា មជ្ឈមណ្ឌល​នេះ​ត្រូវបាន​ចុះឈ្មោះ​នៅ​ក្រសួងមហាផ្ទៃ ហើយ​ថា​នៅពេលនេះ​ក្រុមការងារ​របស់លោក​កំពុងធ្វើការ​លើ​ការ​រចនា​ប្លង់​អគារ និង​ការងារ​ពាក់ព័ន្ធ​នានា​ទៀត​។​
 
​នៅក្នុង​កិច្ច​សម្ភាស​នោះ លោក ហ៊ុន ម៉ា​នី បានបញ្ជាក់​យ៉ាង​ដូច្នេះ​៖«​យើង​មាន​ទីតាំង​ហើយ យើង​នឹង​ឈានទៅ​អភិវឌ្ឍ​មជ្ឈមណ្ឌល​នេះ​តែម្តង ក្នុង​គោលបំណង​តែមួយគត់ គឺ​ចូល​រួមជាមួយ​រដ្ឋាភិបាល​ដើម្បី​មាន​មជ្ឈមណ្ឌល​មួយ​ដែល​ប្រមូលផ្តុំ​អ្នកជំនាញ​ផ្សេងៗ ដើម្បី​ស្វែងយល់​បន្ថែម​នៅលើ​ទីតាំង (​មជ្ឈមណ្ឌល​) នោះ​តែម្តង​»​។​
 
​លោក ហ៊ុន ម៉ា​នី ដែលជា​ប្រធាន​គណៈកម្មកា​ទី​៧​នៃ​រដ្ឋសភា​បានបង្ហាញ​ការយកចិត្តទុកដាក់​ខ្លាំង​ទៅលើ​បដិវត្ត​ឧស្សាហកម្ម​ជំនា​ន់ទី​៤ ហើយ​បាន​គាំទ្រ​ដល់​សកម្មភាព​រៀបចំ​សិក្ខាសាលា និង​កិច្ចពិភាក្សា​នានា​ដែល​ទាក់ទង​នឹង​វត្តមាន​នៃ​បច្ចេកវិទ្យា​៤.០​នេះ​។​
 
​ក្នុងពេល​កន្លងមក មជ្ឈមណ្ឌល​អភិវឌ្ឍ​កម្ពុជា​បានរៀបចំ​វេទិកា​ពិភាក្សា​២​ដង​រួចមកហើយ ដោយមាន​ការចូលរួម​ពី​មន្ត្រី​រដ្ឋាភិបាល អ្នកដឹកនាំ​វិស័យ​ឯកជន ដើម្បី​និយាយ​អំពី​ការត្រៀមខ្លួន កាលានុវត្តភាព និង​ការ​ប្រឈម​របស់​កម្ពុជា​។​
 
 

© រក្សាសិទ្ធិដោយ thmeythmey.com