កីឡាជាតិ
ជាតិ
លោក ហ៊ុន ម៉ានី រំពឹងថាកីឡដ្ឋានកំពង់ស្ពឺ នឹងជួយអភិវឌ្ឍបាល់ទាត់ និងបង្កើនធនធានកីឡាករ
× កំពង់ស្ពឺ៖ នៅក្នុងរយៈពេលដ៏ខ្លីខាងមុខ ខេត្តកំពង់ស្ពឺ នឹងមានទីលានបាល់ទាត់លំដាប់អន្តរជាតិ ដែលអាចរៀបចំការប្រកួតទាំងថ្នាក់ជាតិ និងអន្តរជាតិ។ លោក ហ៊ុន ម៉ានី តំណាងរាស្ត្រប្រចាំមណ្ឌលខេត្តកំពង់ស្ពឺ ដែលធ្វើជាអធិបតីក្នុងពិធីបញ្ចុះបឋមសិលាកសាងកីឡដ្ឋានខេត្តកំពង់ស្ពឺ នៅថ្ងៃទី១៥ ខែធ្នូ នេះរំពឹងថា កីឡដ្ឋាននេះ នឹងជួយរួមចំណែកអភិវឌ្ឍន៍វិស័យកីឡាបាល់ទាត់កម្ពុជាក៏ដូចជាខេត្តកំពង់ស្ពឺឲ្យកាន់តែរីកចម្រើន។ ពិសេស ជួយបណ្តុះបណ្តាលយុវជន ឲ្យក្លាយជាកីឡាករបាល់ទាត់អាជីពកាន់តែច្រើន។ លោក ក៏សង្ឃឹមផងដែរថា កីឡាករមកពីខេត្តកំពង់ស្ពឺ នឹងមានវត្តមានកាន់តែច្រើនក្នុងក្រុមជម្រើសជាតិកម្ពុជា។
«ក្រុមកីឡាករជម្រើសជាតិក្នុងព្រឹត្តិការណ៍កីឡាស៊ីហ្គេមចុងក្រោយនេះ គឺសម្រេចបានភាពជោគជ័យដ៏ធំ។ ទោះបីមានអ្នកខ្លះរិះគន់ តែយើងត្រូវទទួលស្គាល់ការពិតថា កីឡាករយើងទាំងអស់គ្នាពិតជាមានការខិតខំប្រឹងប្រែង និងលះបង់ចេញពីបេះដូង។ ក្នុងនោះពួកខ្ញុំក៏មានមោទកភាពដែរ ដែលមានជម្រើសជាតិពីរនាក់(ទេស សម្បត្តិ, កាន់ ពិសាល)ចេញពីខេត្តកំពង់ស្ពឺ»។ នេះជាការលើកឡើងរបស់លោក ហ៊ុន ម៉ានី ក្នុងបទសម្ភាសជាមួយអ្នកសារព័ត៌មានក្រោយបញ្ចុះបឋមសិលាសាងសង់។
ប្រធានសហភាពសហព័ន្ធយុវជនកម្ពុជារួបនេះបានបង្ហាញសុទិដ្ឋិនិយមខ្ពស់ចំពោះកីឡដ្ឋាននេះក្នុងការរួមចំណែកអភិវឌ្ឍន៍កីឡាបាល់ទាត់នៅកម្ពុជា ជាពិសេសខេត្តកំពង់ស្ពឺ។ លោកបង្ហាញក្តីរំពឹងដូច្នេះថា៖«ខ្ញុំសង្ឃឹមថា កីឡដ្ឋាននេះ នឹងចូលរួមមួយផ្នែកក្នុងការអភិវឌ្ឍន៍ក្នុងវិស័យកីឡាបាល់ទាត់ជាមួយសហព័ន្ធកីឡាបាល់ទាត់ ពិសេសជួយបណ្តុះបណ្តាលធនធានបន្ថែម ដើម្បីឲ្យក្លាយជាកីឡាករជម្រើសជាតិ ដែលចេញពីខេត្តកំពង់ស្ពឺ។ លើសពីនេះយើងសង្ឃឹមថា យើងនឹងអាចចូលរួមក្នុងផ្នែកណាមួយក្នុងការត្រៀមធនធានរបស់យើងនៅក្នុងកីឡាស៊ីហ្គេមឆ្នាំ២០២៣ ដែលកម្ពុជាធ្វើជាម្ចាស់ផ្ទះ»។
ប្រធានគណៈកម្មការទី៧នៃរដ្ឋសភារួបនេះសង្កត់ធ្ងន់ថា កីឡដ្ឋាននេះគឺមិនមែនជារបស់លោក ឬបុគ្គលណាមួយនោះទេ ពោលគឺជារបស់ប្រជាពលរដ្ឋក្នុងខេត្តកំពង់ស្ពឺទាំងមូល ព្រោះសមិទ្ធផលនេះកើតឡើងពីការរួមចំណែករបស់ប្រជាពលរដ្ឋ។
ត្រង់ចំណុចនេះលោកបានលើកឡើងថា៖«ខ្ញុំគ្រាន់តែជាមួយផ្នែកតួចក្នុងការចូលរួមជាមួយអាជ្ញាធរដែនដី ដើម្បីតម្រង់ទិសក្នុងការអភិវឌ្ឍន៍ខេត្តប៉ុណ្ណោះ។ ខ្ញុំសូមបញ្ជាក់ថា គ្រប់ស្នាដៃទាំងអស់មិនមែនរបស់ឯកឧត្តម ហ៊ុន ម៉ានី ឬរបស់ក្រុមការងារទេ ខ្ញុំចង់ឲ្យពួកគាត់(ប្រជាពលរដ្ឋ)ដឹងថា សមិទ្ធផលទាំងនេះជារបស់ពួកគាត់»។
កីឡដ្ឋានខេត្តកំពង់ស្ពឺសាងសង់លើផ្ទៃដីប្រមាណ៤ហិកតា ស្ថិតនៅក្នុងភូមិតាម៉ុល សង្កាត់ច្បារមន ក្រុងច្បារមន ខេត្តកំពង់ស្ពឺ។ កីឡដ្ឋានដែលបានចុះបឋមសិលាសាងសង់នៅថ្ងៃទី១៥ ខែធ្នូ មួយនេះ នឹងក្លាយជាមូលដ្ឋានហ្វឹកហាត់ និងប្រកួតរបស់ក្លិបបាល់ទាត់ណាហ្គាវើល។ ដ្បិតកីឡដ្ឋាននេះទទួលបានការឧបត្ថម្ភចំនួន២លានដុល្លារពីគម្រោងណាហ្គាវើលបេះដូងសប្បុរស៕
© រក្សាសិទ្ធិដោយ thmeythmey.com