ភ្នំពេញ៖ អង្គការបណ្តុះបណ្តាលថ្នាក់មូលដ្ឋាន ហៅកាត់ថា OBT បង្កើតដោយកូនខ្មែរ ដែលមានការិយាល័យនៅសហគមន៍ជីរោទិ៍ ក្នុងស្រុកត្បូងឃ្មុំ បង្រៀនភាសាបរទេស, កុំព្យូទ័រ និងជំនាញវិជ្ជាជីវៈ ដល់សិស្ស ដោយតម្រូវឲ្យសិស្សយកសំរាមប្លាស្ទិកជំនួសការបង់ប្រាក់ចូលរៀន។ បច្ចុប្បន្ន OBT កំពុងបង្រៀនសិស្សចំនួន២៨៣នាក់ ដែលភាគច្រើនជាសិស្សក្រីក្ររស់នៅក្នុងសហគមន៍ជីរោទិ៍។ លោក ឃុន ស៊ីវ ជំនួយការប្រធានអង្គការ OBT បានប្រាប់សារព័ត៌មានថ្មីៗថា សំរាមប្លាស្ទិកដែលសិស្សបង់ជំនួសថវិកា ដើម្បីចូលរៀននោះ អង្គការបានយកទៅចម្រាញ់ជាប្រេងម៉ាស៊ូត និងច្នៃជាឥដ្ឋបរិស្ថាន។ ក្រៅពីផ្តល់ចំណេះដឹងខាងលើ លោក ស៊ីវ បានឲ្យដឹងទៀតថា OBT ថែមទាំងបណ្តុះគំនិតដល់សិស្សឲ្យចេះស្រឡាញ់បរិស្ថាន, យល់ដឹងពីផលប៉ះពាល់របស់សំរាមប្លាស្ទិក និងចូលរួមកាត់បន្ថយប្រើប្រាស់ប្លាស្ទិកជាដើម។
នៅក្នុងវេទិកាអេកូទេសចរណ៍លើកទី១ កាលពីថ្ងៃទី១៩ វិច្ឆិកា ឆ្នាំ២០១៩ ដែលរៀបចំធ្វើនៅហ្គ្រែនភ្នំពេញ លោក ឃុន ស៊ីវ បានប្រាប់សារព័ត៌មានថ្មីៗថា អង្គការ OBT មានទិសដៅផ្ដោតលើការអប់រំ និងបរិស្ថានដោយមិនយកកម្រៃពីសិស្សឡើយ។ ប៉ុន្ដែ ក្នុងមួយថ្ងៃសិស្សត្រូវយកសំរាមប្លាស្ទិកតាមលទ្ធភាពដែលពួកគេអាចរកបាន មកបង់ឲ្យអង្គការដើម្បីបានចូលរៀន។ ការណ៍ដែលតម្រូវឲ្យសិស្សធ្វើយ៉ាងដូច្នេះ ទើបតែចាប់ផ្តើមកាលពីចុងឆ្នាំ២០១៨ ប៉ុណ្ណោះ។
«អត់មានកំណត់ចំនួនប្លាស្ទិកទេ ដោយសារយើងអត់ចង់ដាក់សម្ពាធលើពួកគាត់(សិស្ស)ទេ។ អីចឹងយើងពន្យល់វិញ ធ្វើយ៉ាងម៉េចដើម្បីបណ្ដុះគំនិតខាងក្នុងរបស់គាត់ ឲ្យគាត់យកតាមលទ្ធភាពរបស់គាត់ ដើរមកតាមផ្លូវមានប្លាស្ទិក១០យក១០មក, បើរើសបានប្លាស្ទិក២០យក២០មក ហើយបើគាត់អាចរើសបានច្រើនយកច្រើនមក»។ នេះជាសេចក្តីពន្យល់របស់លោក ឃុន ស៊ីវ ជំនួយការប្រធានអង្គការ OBT ពីការត្រូវឲ្យសិស្សយកសំរាមប្លាស្ទិកមកបង់ថ្លៃចូលរៀន ជំនួសការបង់ជាសាច់ប្រាក់ មុននឹងលោក ស៊ីវ ពន្យល់បន្ថែមយ៉ាងដូច្នេះ៖«ចំពោះសម្រាប់នៅផ្ទះរបស់គាត់ក៏អីចឹងដែរ អត់ឲ្យគាត់ដុតប្លាស្ទិកទេ ព្រោះវាប៉ះពាល់ដល់ខ្យល់, ចោលក្នុងទឹកប៉ះពាល់ក្នុងទឹក, កាលណាកប់ក្នុងដីវាប៉ះពាល់ដល់គុណភាពដី អីចឹងនៅផ្ទះគាត់មានប៉ុន្មានឲ្យគាត់យកមក»។
អង្គការដែលបានប្រតិបត្តិការកម្មវិធីអប់រំរបស់ខ្លួនអស់រយៈ១២ឆ្នាំមកហើយនោះ បច្ចុប្បន្នមានសិស្សចំនួន ២៨៣នាក់ កំពុងសិក្សាដោយយកសំរាមប្លាស្ទិកមកបង់ថ្លៃចូលរៀន។ សិស្សដែលមករៀនជាមួយអង្គការ OBT ភាគច្រើនជាអ្នករស់នៅក្នុងក្នុងសហគមន៍ជីរោទិ៍ នៃស្រុកត្បូងឃ្មុំ ខេត្តត្បូងឃ្មុំ។ បើតាមលោក ឃុន ស៊ីវ កម្មវិធីបណ្តុះបណ្តាលជំនាញភាសាអង់គ្លេស បារាំង និងកុំព្យូទ័រ ដូចជា Word Excel Power Point គឺផ្តោតសំខាន់សម្រាប់សិស្សថ្នាក់បឋមសិក្សាដល់ថ្នាក់វិទ្យាល័យ។
លោក ស៊ីវ បានឲ្យដឹងទៀតថា អង្គការ OBT ក៏មានកម្មវិធីបង្រៀនជំនាញវិជ្ជាជីវៈដែលមានរយៈពេល១ឆ្នាំ ទាក់ទងនឹងការិយាល័យជួរមុខ និងជំនាញរៀបចំបន្ទប់ជាដើម សម្រាប់យុវជនដែលបោះបង់ការសិក្សា ដើម្បីឲ្យពួកគេចាប់យកជំនាញវិជ្ជាជីវៈមួយច្បាស់លាស់។ មិនត្រឹមតែប៉ុណ្ណោះ អង្គការ OBT ក៏បានបង្កើតកម្មវិធីសិក្សារយៈពេលខ្លីដោយផ្តោតលើជំនាញរៀបចំផែនការធ្វើអាជីវកម្ម សម្រាប់សិស្សនិស្សិតដែលខ្វះលិទ្ធភាពផងដែរ។ ការបណ្តុះបណ្តាលលើមុខជំនាញទាំងអស់នេះ អង្គការមិនបានតម្រូវឲ្យសិស្សបង់ប្រាក់ទេ តែតម្រូវឲ្យសិស្សយកសំរាមប្លាស្ទិកជាថ្នូរនឹងប្រាក់ ដើម្បីទទួលបានការសិក្សា។
ចំណាយសម្រាប់ទ្រទ្រង់សកម្មភាពរបស់អង្គការ គឺបានជំនួយពីប្រទេសបារាំង, សប្បុរសធម៌, ថវិកាដែលភ្ញៀវទេសចរណ៍មកកម្សាន្តនៅសហគមន៍ជីរោទិ៍, ការលក់ទឹកឃ្មុំ, ប្រេងឆាឈូករ័ត្ន និងការលក់ប្រេងម៉ាស៊ូតដែលចម្រាញ់ចេញពីសំរាមប្លាស្ទិកជាដើម។ នេះបើតាមការបញ្ជាក់របស់លោក ឃុន ស៊ីវ ជំនួយការប្រធានអង្គការ OBT ។ លោក ឃុន ស៊ីវ ក៏បានឲ្យដឹងដែរថា ទៅថ្ងៃអនាគតអង្គការគ្រោងរៀបចំកម្មវិធីសិក្សាឲ្យត្រូវនឹងកម្មវិធីសិក្សារបស់រដ្ឋ តែមានបន្ថែមការសិក្សាពីការធ្វើសមាធិ, ជំនាញសិល្បៈនិងតន្ត្រីផងដែរ៕