ជាតិ
សម្ដេច ហ៊ុន សែន បន្ទោស​មន្ទីរពេទ្យ​ឯកជន​
16, Dec 2019 , 10:06 am        
រូបភាព
​ភ្នំពេញ​៖ សម្ដេចនាយក​រដ្ឋមន្ត្រី ហ៊ុន សែន បន្ទោស​ពេទ្យ​ឯកជន​មួយចំនួន ដែល​ខ្វះ​លទ្ធភាព​ព្យាបាល​អ្នកជំងឺ ហើយ​ធ្វើឱ្យប៉ះពាល់​ដល់​មុខមាត់​មន្ទីរពេទ្យ​រដ្ឋ​។ សម្ដេច ហ៊ុន សែន ថ្លែង​ពី​បញ្ហា​របស់​មន្ទីរពេទ្យ​បែបនេះ នៅក្នុង​ពិធី​ប្រគល់​សញ្ញាបត្រ​និស្សិត​ពេទ្យ​ជាង​២០០០​នាក់ នៅ​ព្រឹក​ថ្ងៃទី​១៦ ធ្នូ​។​

 
​ថ្លែង​ពី​បញ្ហា​មន្ទីរពេទ្យ​នេះ នាយករដ្ឋមន្ត្រី ហ៊ុន សែន បាន​សង្កត់ធ្ងន់ថា មន្ទីរពេទ្យ​ឯកជន កំពុង​ប្រជែង​ជាមួយ​មន្ទីរពេទ្យ​រដ្ឋ ក្នុងការ​ដណ្ដើមយក​អ្នកជំងឺ​ទៅ​ព្យាបាល​។ សម្រាប់​សម្ដេច ហ៊ុន សែន ការដណ្ដើម​អ្នកជំងឺ​ទៅ​ព្យាបាល​នេះ វា​ជា​រឿង​វិជ្ជមាន​មួយ​ហើយ ប៉ុន្តែ​វា​ក៏​បន្សល់ទុក​នូវ​ផល​អវិជ្ជមាន​ដែរ​។ រឿង​អវិជ្ជមាន​ដែល​សម្ដេច លើកឡើង​នោះ គឺ​ទាក់ទង​នឹង​លទ្ធភាព​ព្យាបាល​អ្នកជំងឺ​។ ក្នុងន័យនេះ ប្រមុខ​រដ្ឋាភិបាល បាន​សង្កេតឃើញថា មន្ទីរពេទ្យ​ឯកជន​ខ្លះ ដឹងថា​ខ្លួន​គ្មាន​លទ្ធភាព​ព្យាបាល​អ្នកជំងឺ​ហើយ ប៉ុន្តែ​ទុកឱ្យ​អ្នកជំងឺ​នៅ​សម្រាក​ព្យាបាល​មន្ទីរពេទ្យ​ខ្លួន​សិន ទាំង​ចំណាយ​អស់​ថវិកា​ជាច្រើន រហូតដល់​អ្នកជំងឺ​ឈឺ​ធ្ងន់ ទើប​បញ្ជូនទៅ​មន្ទីរពេទ្យ​រដ្ឋ​។​

សូមស្ដាប់សំឡេង៖
 
​ត្រង់ចំណុច​នេះ សម្ដេច ហ៊ុន សែន បាន​សង្កត់ធ្ងន់ថា នៅពេល​អ្នកជំងឺ​ដែល​ឈឺ​ធ្ងន់​ហើយ ទើប​បញ្ជូនទៅ​មន្ទីរពេទ្យ​រដ្ឋ​នោះ គឺ​ភាគច្រើន​ដល់​ដំណាក់កាល​ចុងក្រោយ ហើយ​ស្លាប់​នៅ​មន្ទីរពេទ្យ​រដ្ឋ​តែម្ដង​។ «​សូមឱ្យ​(​មន្ទីរពេទ្យ​ឯកជន​)​មានការ​ទទួលខុសត្រូវ​ពី​ដើម​ដល់​ចប់​។ កុំ​ឱ្យដល់​ថ្នាក់​សង្គ្រោះ​លែង​បាន​ហើយ មន្ទីរពេទ្យ​ឯកជន បញ្ជូន​(​អ្នកជំងឺ​)​ទៅ​មន្ទីរពេទ្យ​រដ្ឋ ដល់​តែ​ងាប់ ងាប់​នៅឯ​មន្ទីរពេទ្យ​រដ្ឋ ។ បើ​និយាយឱ្យចំ មន្ទីរពេទ្យ​ឯកជន​ដណ្ដើម​អ្នកជំងឺ​យកទៅ​មើល ដល់ពេល​សង្គ្រោះ​លែង​បាន បញ្ជូនទៅ​មន្ទីរពេទ្យ​រដ្ឋ ហើយ​ថា ទើប​អាច​រស់ តែ​ពេលទៅដល់​ងាប់​នៅ​មន្ទីរពេទ្យ (​ពលរដ្ឋ​)​ជេរ​រដ្ឋ​បណ្ដោយ​។ ហើយ​ពេទ្យ​ដែល​ធ្ងន់ធ្ងរ​ជាងគេ​គឺ​កាល់ម៉ែត​តែម្ដង ព្រោះ​មន្ទីរពេទ្យ​ឯកជន​ដទៃ ដោះស្រាយ​បញ្ហា​(​អ្នកជំងឺ​)​មិន​ចេញ គេ​ថា​បញ្ជូនទៅ​កាល់ម៉ែត​សង្គ្រោះបាន ដល់​ទៅ​កាល់ម៉ែត​ងាប់​បណ្ដោយ​»។ នេះ​ជាការ​បញ្ជាក់​របស់​សម្ដេច ហ៊ុន សែន ដែល​បញ្ជា​ឱ្យមាន​ការគ្រប់គ្រង​លើ​គ្លីនិក​ឯកជន​ឱ្យ​ច្បាស់​លើ​បញ្ហា​ព្យាបាល​អ្នកជំងឺ​នេះ ព្រោះ​វា​ជា​មូលហេតុ​ដែលនាំឱ្យ​ពលរដ្ឋ​តែងតែ​បន្ទោស​ដល់​មន្ទីរពេទ្យរ​ដ្ឋ​ដែរ​។​
 
​ក្រៅពី​បញ្ហា​ព្យាបាល​អ្នកជំងឺ ការយកចិត្តទុកដាក់​ថែទាំ និង​ការគោរព​វិជ្ជាជីវៈ និង​ក្រមសីលធម៌​គ្រូពេទ្យ ក៏ត្រូវ​អនុវត្ត​ឱ្យបាន​ខ្ជាប់​ខ្ជួន​ដែរ​។ នេះ​ជាការ​បញ្ជាក់​របស់លោក​នាយករដ្ឋមន្ត្រី​៕
 

Tag:
 ហ៊ុន សែន​
  មន្ទីរពេទ្យ​
  សុខាភិបាល​
© រក្សាសិទ្ធិដោយ thmeythmey.com