ពីនេះ ពីនោះ
ព័ត៍មានសុខភាព
គួរ​អាន​! អាហារ​សម្បូរ​កាបូ​អ៊ី​ដ្រា​ត​អ្វីខ្លះ​ល្អ​ចំពោះ​សុខភាព​?
10, Apr 2020 , 8:59 pm        
រូបភាព
ដោយ: ថ្មីៗ
​ទោះបី​ជាការ​ទទួលទាន​កាបូ​អ៊ី​ដ្រា​ត​ច្រើនពេក​អាច​ជះឥទ្ធិពល​គួរឱ្យ​ព្រួយបារម្ភ​ចំពោះ​សុខភាព ប៉ុន្តែ​ក៏​មិនមែន​មានន័យថា​អ្នក​ត្រូវ​ឈប់​ទទួលទាន​អាហារ​មាន​ផ្ទុក​កាបូ​អ៊ី​ដ្រា​ត​ឡើយ​! 
​ហើយ​ភាគច្រើន​នៃ​ពួកយើង​ប្រហែលជា​មិន​ធ្លាប់​ដឹង​ទេ​ថា​អាហារ​អ្វីខ្លះ​ជា​ប្រភព​ដ៏​ប្រសើរ​នៃ​កាបូ​អ៊ី​ដ្រា​ត​!



ប៉ុន្តែ​ថ្ងៃនេះយើង នឹង​បង្ហាញ​ឱ្យដឹងពី​អាហារ​សម្បូរ​កាបូ​អ៊ី​ដ្រា​ត​ដែល​ល្អ​ចំពោះ​សុខភាព ៖
 
១. ដំឡូង​ផ្អែម​
 
​ក្រៅពី​កាបូ​អ៊ី​ដ្រា​ត ដំឡូង​ផ្អែម​មាន​ផ្ទុក​សម្បូរ​ទៅដោយ​សារធាតុចិញ្ចឹម​ដែល​ល្អ​ចំពោះ​សុខភាព​។ ដំឡូង​ផ្អែម​ក៏​ជា​ប្រភព​ដ៏​ប្រសើរ​នៃ​វីតាមីន C ដែល​រាងកាយ​ត្រូវការ​ចាំបាច់​ដើម្បី​ពង្រឹង​ប្រព័ន្ធ​ភាពស៊ាំ​និង​សុខភាព​ស្បែក​។ លើសពីនេះទៅទៀត​ដំឡូង​ផ្អែម​ក៏មាន​ផ្ទុក​សារធាតុ beta-carotene ដែល​ល្អ​ចំពោះ​សុខភាព​ភ្នែក​ផងដែរ​។​
 
២. មើម​ឆៃថាវ​ក្រហម​
 
​កុំ​ភ្លេច​រួមបញ្ចូល​មើម​ឆៃថាវ​ក្រហម​ក្នុង​របប​អាហារ​ប្រចាំថ្ងៃ​ដើម្បី​រក្សាបាន​នូវ​សុខភាព​ល្អប្រសើរ​។ មើម​ឆៃថាវ​ក្រហម​មាន​ផ្ទុក​សារធាតុ nitrates ដែល​ក្លាយជា nitric oxide ពេល​ចូលដល់​ក្នុង​រាងកាយ​។ ហើយ nitric oxide មាន​ប្រសិទ្ធភាព​បញ្ចុះ​សម្ពាធ​ឈាម​ទប់ស្កាត់​ហានិភ័យ​នៃ​ជំងឺ​គាំងបេះដូង និង​ជំងឺ​ដាច់់​ស​សៃ​ឈាម​ក្នុង​ខួរក្បាល​។​
 
៣. សណ្ដែក​ពពួក Legumes
 
​សណ្ដែក​ពពួក legumes រួមមាន​សណ្ដែកដី សណ្ដែកខៀវ និង​សណ្ដែកក្រហម​ជាដើម​ក្រៅពី​មាន​ផ្ទុក​សម្បូរ​ទៅដោយ​កាបូ​អ៊ី​ដ្រា​ត វា​ក៏​ជា​ប្រភព​ដ៏​ល្អ​បំផុត​នៃ​ជាតិ​ស​សៃ​ផងដែរ​។ ហើយ​ជាតិ​ស​សៃ​ជួយ​ទប់ស្កាត់​បញ្ហា​ទល់លាមក សម្រក​ទម្ងន់ បញ្ចុះ​ជាតិ​ស្ករ​ក្នុង​ឈាម ជំងឺ​បេះដូង និង​ជំងឺមហារីក​ពោះវៀនធំ​។ ម្យ៉ាងវិញទៀត​សណ្ដែក​ពពួក legumes ក៏មាន​ផ្ទុក​សម្បូរ​ទៅដោយ​ប្រូតេអ៊ីន​ដែល​ចាំបាច់​សម្រាប់​សុខភាព​សាច់ដុំ ការផលិត​អ័រម៉ូន និង​រក្សា​សុខភាព​ស្បែក ក្រចក ក៏ដូចជា​សក់​រឹងមាំ​។​
 
៤. ផ្លែ​ចេក​
 
​ក្រៅពី​កាបូ​អ៊ី​ដ្រា​ត ផ្លែ​ចេក​មាន​ផ្ទុក​សម្បូរ​ទៅដោយ​ប៉ូ​តា​ស្យូ​ម​ដែល​ជួយ​បញ្ចុះ​សម្ពាធ​ឈាម​។ លើសពីនេះទៅទៀត​ការទទួល​ទាន​ចេក​ក៏​អាច​ផ្ដល់ឱ្យ​រាងកាយ​នូវ​ជាតិ​ម៉ាញ៉េ​ស្យូ​ម​ដែល​ជួយ​ទប់ទល់​អាកា​រៈបេះ​ដូង​លោត​ញាប់ ថប់​បារម្ភ និង​គេង​មិន​លក់​ផងដែរ​។​
 
៥. ក្រូច​
 
​ក្រូច​ក៏​ជា​អាហារ​សម្បូរ​ទៅដោយ​កាបូ​អ៊ី​ដ្រា​ត​ផងដែរ​។ ផ្លែឈើ​នេះ​ជា​អាហារ​សុខភាព​ល្អ​មួយ​ដែលមាន​ផ្ទុក​សម្បូរ​ទៅដោយ​វីតាមីន C ដែល​ចាំបាច់​សម្រាប់​សុខភាព​ប្រព័ន្ធ​ភាពស៊ាំ និង​ស្បែក​។ ទោះជា​យ៉ាងណា​ក្រូច​ក៏​ជា​ប្រភព​ដ៏​ប្រសើរ​នៃ​កាល់ស្យូម ប៉ូ​តា​ស្យូ​ម ម៉ាញ៉េ​ស្យូ​ម វីតាមីន A និង​វីតាមីន B6 ផងដែរ​៕
 
​ត្រួតពិនិត្យ​ដោយ www.health.com.kh​

© រក្សាសិទ្ធិដោយ thmeythmey.com