ពីនេះ ពីនោះ
ព័ត៍មានសុខភាព
បើ​ញាំ​តែ​សាច់​សុទ្ធ តើ​អ្វី​នឹង​កើតឡើង​ចំពោះ​សុខភាព​?
10, Apr 2020 , 6:59 pm        
រូបភាព
ដោយ: ថ្មីៗ
​សាច់​ជា​អាហារ​មួយ​ប្រភេទ​ដែលមាន​ផ្ទុក​សម្បូរ​ទៅដោយ​ជាតិ​ប្រូតេអ៊ីន វីតាមីន B ជាតិ​ដែក និង​ស័ង្កសី ព្រមទាំង​សារធាតុចិញ្ចឹម​ផ្សេងទៀត​ដែល​ជួយ​ក្នុងការ​រក្សាបាន​នូវ​សុខភាព​រឹងមាំ​ប្រសើរ​។​ទោះបីជា​សាច់មាន​ផ្ទុក​នូវ​សារធាតុចិញ្ចឹម​ជាច្រើន​ក៏ដោយ ក៏​មិនមែន​មានន័យថា វា​អាច​ផ្គត់ផ្គង់​នូវ​សារធាតុចិញ្ចឹម​គ្រប់​ប្រភេទ​ពេញលេញ​ដែល​រាងកាយ​ត្រូវការ​ចាំបាច់​រៀងរាល់ថ្ងៃ​បានដែរ​។ អ្នក​គួរ​ចាំ​ថា របប​អាហារ​ដែល​ផ្សំ​ឡើង​ពី​ប្រភេទ​នៃ​អាហារ​ខុសៗ​គ្នា​ទើប​អាច​ផ្ដល់នូវ​សារធាតុចិញ្ចឹម​ល្អៗ​ច្រើន​ប្រភេទ​ផ្សេងៗ​គ្នា​។ ហើយ​ថា​តើ​អ្នក​ធ្លាប់​ឆ្ងល់​ទេ​ថា ការទទួល​ទាន​តែ​សាច់​សុទ្ធ​ជា​អាហារ​ប្រចាំថ្ងៃ​នឹង​ផ្ដល់​ផល​ល្អ ឬ​អាក្រក់​ចំពោះ​សុខភាព​?



ថ្ងៃនេះយើង នឹង​បង្ហាញ​អោយដឹងពី​អ្វីដែល​កើតឡើង​នៅពេល​អ្នកទទួល​ទាន​តែ​សាច់​សុទ្ធ​ជា​អាហារ​ប្រចាំថ្ងៃ ៖
 
១. កង្វះ​អាហារូបត្ថម្ភ​
 
​សាច់ គឺ​មិនមាន​ផ្ទុក​នូវ​សារធាតុចិញ្ចឹម​ទាំងអស់​ដែល​រាងកាយ​ត្រូវការ​ចាំបាច់​ដើម្បី​រក្សាបាន​នូវ​រូបរាង និង​សុខភាព​ល្អប្រសើរ​ឡើយ​។ ភាគច្រើន​នៃ​សាច់ គឺមាន​ផ្ទុក​សម្បូរ​តែ​ជាតិ​ប្រូតេអ៊ីន ជាតិ​ដែក ម៉ាញ៉េ​ស្យូ​ម វីតាមីន B និង​វីតាមីន D ប៉ុណ្ណោះ​។ ដូច្នេះហើយ​ទើប​ការទទួល​ទាន​តែ​សាច់​ជា​អាហារ​ប្រចាំថ្ងៃ​នឹងធ្វើ​អោយ​អ្នក​ជួបប្រទះ​នូវ​បញ្ហា​កង្វះ​អាហារូបត្ថម្ភ​។ នៅមាន​បញ្ហា​មួយចំនួន​ផ្សេងទៀត​ដែល​អាច​នឹង​កើតឡើង​ចំពោះ​អ្នក នៅពេល​រាងកាយ​មិន​ទទួលបាន​សារធាតុចិញ្ចឹម​ចាំបាច់​គ្រប់គ្រាន់ ហើយ​ភាគច្រើន​នៃ​បញ្ហា​ទាំងនោះ គឺ​គួរអោយ​ព្រួយបារម្ភ​ណាស់​។​
 
២. ប្រព័ន្ធ​ភាពស៊ាំ​ចុះខ្សោយ​
 
​នោះ​ក៏​ព្រោះតែ​សាច់​គ្មាន​ផ្ទុក​នូវ​វីតាមីន C ដែលជា​សារធាតុចិញ្ចឹម​ដ៏​សំខាន់បំផុត​មួយ​ជួយ​ពង្រឹង​ប្រព័ន្ធ​ភាពស៊ាំ​រាងកាយ​ប្រឆាំងនឹង​មេរោគ​ឆ្លង​ផ្សេងៗ​។​
 
៣. ឡើង​ទម្ងន់​
 
​សាច់​ភាគច្រើន​មាន​ផ្ទុក​សម្បូរ​ទៅដោយ​ជាតិ​កាឡូរី​ខ្ពស់ ហើយ​ប្រសិនបើ​អ្នក​ចូលចិត្ត​ទទួលទាន​សាច់​ខ្លាញ់ និង​មិនសូវ​ជា​ធ្វើ​លំ​ហាត់ប្រាណ​ទៀងទាត់​ទៀត​នោះ​វា​គ្មានអ្វី​គួរអោយភ្ញាក់ផ្អើល​ឡើយ​ដែល​អ្នក​នឹងត្រូវ​កើន​ទម្ងន់​ខ្លាំង​ឆាប់រហ័ស​។​

៤. ទល់លាមក​
 
​ប្រភព​ដ៏​ប្រសើរ​បំផុត​នៃ​ជាតិ​ស​សៃ​ដែល​រាងកាយ​ត្រូវការ​ដើម្បី​រក្សាបាន​នូវ​ចលនា​ពោះវៀន​ល្អប្រសើរ​ជៀសផុត​ពី​បញ្ហា​ទល់លាមក​នោះ គឺ​បន្លែ និង​ផ្លែឈើ​។ សាច់​គ្មាន​ផ្ទុក​ជាតិ​ស​សៃ​ឡើយ​! នេះហើយ​ជា​មូល​ហេតុដែល​អ្នកនឹង​ត្រូវ​ជួបប្រទះ​អាកា​រៈ​ទល់លាមក ប្រសិនបើ​អ្នក​មិន​ទទួលទាន​អ្វី​ផ្សេង​សោះ​ក្រៅពី​សាច់​។​
 
៥. ជំងឺ​បេះដូង​
 
​ការទទួល​ទាន​សាច់​ច្រើន​អាច​បង្កើន​កម្រិត​កូ​ឡេ​ស្តេ​រ៉ូ​ល​មិនល្អ ព្រមទាំង​បញ្ហា​សម្ពាធ​ឈាម​ឡើង​ខ្ពស់​ដែល​សុទ្ធសឹងតែ​ជា​កត្តា​ហានិភ័យ​ចម្បង​បំផុត​នៃ​ជំងឺ​បេះដូង​។​
 
​ប្រយ័ត្ន​! ការ​ញ៊ាំ​តែ​សាច់​សុទ្ធ​មិន​រួមបញ្ចូល​អ្វី​ផ្សេង​ក្នុង​របប​អាហារ​ដូចជា​បន្លែ ផ្លែឈើ គ្រាប់​ធញ្ញជាតិ​ជាដើម គឺ​មិនល្អ​សោះឡើយ​សម្រាប់​សុខភាព​ពិសេស​ប្រសិនបើ​អ្នក​កំពុងមាន​ផ្ទៃពោះ កំឡុងពេល​បំបៅ​ដោះ​កូន ឬ​ស្ថិតក្រោម​ស្ថានភាព​នៃ​ជំងឺ​ណាមួយ​។ ប្រសិនបើ​អ្នក​ចង់​ទទួលទាន​តែ​សាច់ ចូរ​ប្រាកដថា​អ្នក​បាន​ពិគ្រោះ​យោបល់​ជាមួយ​គ្រូពេទ្យ​ជាមុន​៕
 
​ត្រួតពិនិត្យ​ដោយ www.health.com.kh​

© រក្សាសិទ្ធិដោយ thmeythmey.com