ជាតិ
​​​ន​យោ​បាយ​ជាតិ​
នាយករដ្ឋមន្ត្រី ហ៊ុន សែន ប្រាប់​ឱ្យ​គ្រូពេទ្យ​ទាំងអស់ កុំ​គិតលុយ​ធំ​ជាង​អាយុជីវិត​ពលរដ្ឋ​
16, Dec 2019 , 2:00 pm        
រូបភាព
ភ្នំពេញ​៖ ពី​ពិធី​ចែក​សញ្ញាបត្រ​ដល់​និស្សិត​ពេទ្យ​ជាង​២០០០​នាក់ នៅ​ព្រឹក​ថ្ងៃទី​១៦ ធ្នូ​នេះ សម្ដេចនាយក​រដ្ឋមន្ត្រី ហ៊ុន សែន បាន​ផ្ដាំ​ឱ្យ​គ្រូពេទ្យ​ទាំងអស់ គោរព​ក្រមសីលធម៌ និង​វិជ្ជាជីវៈ​គ្រូពេទ្យ​ឱ្យបាន​ខ្ជាប់​ខ្លួន ក្នុងការ​ព្យាបាល​​អ្នកជំងឺ ដោយ​មិនត្រូវ​មើល​ឃើញតែ​លុយ​នោះទេ​។​



«​ទោះបីជា​គ្រូពេទ្យ​ក្នុង​ផ្នែក​រដ្ឋ ឬ​គ្រូពេទ្យ​ក្នុង​វិស័យ​ឯកជន កុំ​យកលុយ​ជាធំ គឺ​ត្រូវយក​ជីវិត​ប្រជាជន​ធ្វើ​ជាធំ​»​។ នេះ​ជាការ​លើកឡើង​របស់​ស​ម្ដេច ហ៊ុន សែន ដែល​ប្រាប់​ឱ្យ​គ្រូពេទ្យ​ព្យាបាល​អ្នកជំងឺ​ដោយ​យកចិត្តទុកដាក់​ខ្ពស់ ទាំង​អ្នកជំងឺ​ជា​អ្នកមាន និង​ជា​ក្រ​។​
 
​សម្រាប់​លោកនាយក​រដ្ឋមន្ត្រី ពលរដ្ឋ​ក្រីក្រ​គួរតែ​ទទួលបាន​ការយកចិត្ត​ទុកដាក់​ព្យាបាល​ខ្ពស់បំផុត ដោយ​មិនត្រូវ​ទុក​ពួកគេ​ចោល​នោះទេ​។ «​រឿង​លុយ រឿង​កាក​ទុក​ក្រោយ ហើយ​ធ្វើ​យ៉ាងម៉េច​ព្យាបាល​ជំងឺ ដោះស្រាយ​បញ្ហា ព្រោះ​ត្រូវការ​ព្យាបាល​ឱ្យ​(​ពលរដ្ឋ​ក្រីក្រ​)​គាត់​សិន ហើយ​កុំ​ឃើញថា គាត់​អត់​មាន​ប្រាក់ បញ្ជូន​គាត់​ទៅ​កន្លែង​ផ្សេង​»​។ នេះ​ជាការ​បញ្ជាក់​របស់​ប្រមុខ​រដ្ឋាភិបាល ដែល​បាន​រម្លឹកថា តួនាទី​គ្រូពេទ្យ គឺ​ជួយសង្គ្រោះ​ជីវិត​មនុស្ស​។​
 
​ថ្លែង​ពី​បញ្ហា​ខាងលើ​នេះហើយ សម្ដេច ហ៊ុន សែន បាន​សង្កត់ធ្ងន់ថា បើសិនជា​គ្រូពេទ្យ​មិន​ផ្លាស់ប្ដូរ​អត្ត​ច​រិ​ក ដែល​ខ្វះ​ក្រមសីលធម៌ និង​គិត​លើ​បញ្ហា​លុយ​ជាធំ​នោះទេ ទោះបីជា​កន្លែង​មន្ទីរពេទ្យ​នោះ បំពាក់​ឧបករណ៍​បរិក្ខា​ពេទ្យ​ទំនើប​ល្អ​ប៉ុណ្ណា ក៏​វា​គ្មាន​ប្រសិទ្ធភាព ក្នុងការ​ជួយសង្គ្រោះ​ពលរដ្ឋ​ដែរ​។​

សូមស្ដាប់សំឡេងនាយករដ្ឋមន្រ្តី៖

 
​លោកនាយក​រដ្ឋមន្ត្រី ដែល​កំពុង​ប្រមូល​ថវិកា​សាងសង់​មន្ទីរពេទ្យ​កាល់ម៉ែត​នាពេល​ថ្មីៗ​នេះ បាន​និយាយ​ដូច្នេះ​ថា​៖«​ការពិតហើយ ភាគច្រើន​(​គ្រូពេទ្យ​) ដែល​បានធ្វើ (​គោរព​វិជ្ជាជីវៈ​គ្រូពេទ្យ​) ។ ប៉ុន្តែ​នៅ​(​ពេទ្យ​)​ចំនួន​តិចតួច​ទេ (​មិន​គោរព​វិជ្ជាជីវៈ​) ដែល​បង្កើតជា​ពាក្យ​ថា ត្រី​មួយ​ត្រក ស្អុយ​មួយ​ស្អុយ​ទាំងអស់​។ ចំណុច​នេះហើយ ដែល​ខ្ញុំ​អំពាវនាវ​ឱ្យ​មន្ត្រី​សុខាភិបាល ឱ្យ​គ្រូពេទ្យ​របស់​យើង យកចិត្តទុកដាក់​ទៅលើ​ពាក្យសម្ដី ឥរិយាបថ ដែល​ប្រព្រឹត្ត​ចំពោះ​អ្នកជំងឺ​។ (​ការព្យាបាល​) គ្មាន​ការបែងចែក​នោះទេ ជីវិត​មនុស្ស​មិន​ថា​អ្នកមាន អ្នកក្រ គឺជា​ជីវិត​មួយ​ដូចគ្នា​។ ហើយ​អ្នកក្រ គឺ​យើង​ត្រូវការ​យកចិត្តទុកដាក់​ថែមទៀត ព្រោះ​ដោយសារតែ​គាត់​ក្រ​ហើយ​បានជា​គាត់​មករក​យើង​»​។​
 
​ត្រង់ចំណុច​នេះ នាយករដ្ឋមន្ត្រី ហ៊ុន សែន បាន​លើកយក​បញ្ហា​ជាក់ស្ដែង​ដែល​សម្ដេច បាន​ជួប​លើ​ករណី​បុរស​ចំណាស់​ម្នាក់​មាន​ជំងឺ​បេះដូង​រីក និង​ស្ត្រី​ម្នាក់​មាន​ជំងឺ​ក្បាលពោះ​រីក​ធំ ដែល​ត្រូវការ​ព្យាបាល​ដែរ តែ​គ្មាន​លទ្ធភាព​គ្រប់គ្រាន់​សម្រាប់​ចំណាយ​ការព្យាបាល​។ បញ្ហា​អ្នក​ទាំងពីរ​នេះ ត្រូវបាន​សម្ដេច ហ៊ុន សែន អះអាងថា ពួកគេ​ទទួលបាន​ការព្យាបាល​ហើយ ក្រោយពី​សម្ដេច​បញ្ជា​ឱ្យ​មន្ទីរពេទ្យ​កាល់ម៉ែត យកចិត្តទុកដាក់​ជួយ​ពួកគេ​ទាំងពីរ​។​
 
​ងាក​មក​និយាយ​ពី​បញ្ហា​មន្ទីរពេទ្យ​ឯកជន​វិញ វា​ក៏មាន​ចំណុច​អវិជ្ជមាន ដែល​ប្រមុខ​រដ្ឋាភិបាល​កត់សម្គាល់​ឃើញ​ផងដែរ​។ ថ្លែង​ចំពោះមុខ​និស្សិត​ពេទ្យ​បញ្ចប់​ការសិក្សា​នោះ សម្ដេច ហ៊ុន សែន បាន​និយាយថា ពេទ្យ​ឯកជន​ខ្លះ ដឹងខ្លួន​គ្មាន​លទ្ធភាព​គ្រប់គ្រាន់ ក្នុងការ​ព្យាបាល​អ្នកជំងឺ​ហើយ ប៉ុន្តែ​នៅតែ​ព្យាយាម​ទុក​អ្នកជំងឺ​នោះ ឱ្យនៅ​សម្រាក​ព្យាបាល​ក្នុង​មន្ទីរពេទ្យ​ខ្លួន ទាំង​ចំណាយ​អស់​ថវិកា​ច្រើន រហូតដល់​ស្ថានភាព​ជំងឺ​ធ្ងន់ធ្ងរ ទើប​បញ្ជូនទៅ​មន្ទីរពេទ្យ​រដ្ឋ​។ បើតាម​សម្ដេច ហ៊ុន សែន អ្នកជំងឺ​ធ្ងន់ធ្ងរ​ដែល​ចេញពី​មន្ទីរពេទ្យ​ឯកជន ទៅ​ពេទ្យ​រដ្ឋ​នេះ ភាគច្រើន​ស្លាប់​តែម្ដង ហើយ​ពេទ្យ​រដ្ឋ​ជា​អ្នក​ប្រឈមមុខ​បញ្ហា​ស្តីបន្ទោស​ទៅវិញ​។​
 
«​សូមឱ្យ​(​មន្ទីរពេទ្យ​ឯកជន​)​មានការ​ទទួលខុសត្រូវ​ពី​ដើម​ដល់​ចប់​។ កុំ​ឱ្យដល់​ថ្នាក់​សង្គ្រោះ​លែង​បាន​ហើយ មន្ទីរពេទ្យ​ឯកជន បញ្ជូន​(​អ្នកជំងឺ​)​ទៅ​មន្ទីរពេទ្យ​រដ្ឋ ដល់​តែ​ងាប់ ងាប់​នៅឯ​មន្ទីរពេទ្យ​រដ្ឋ ។ បើ​និយាយឱ្យចំ មន្ទីរពេទ្យ​ឯកជន​ដណ្ដើម​អ្នកជំងឺ​យកទៅ​មើល ដល់ពេល​សង្គ្រោះ​លែង​បាន បញ្ជូនទៅ​មន្ទីរពេទ្យ​រដ្ឋ ហើយ​ថា ទើប​អាច​រស់ តែ​ពេលទៅដល់​ងាប់​នៅ​មន្ទីរពេទ្យ (​ពលរដ្ឋ​)​ជេរ​រដ្ឋ​បណ្ដោយ​។ ហើយ​ពេទ្យ​ដែល​ធ្ងន់ធ្ងរ​ជាងគេ​គឺ​កាល់ម៉ែត​តែម្ដង ព្រោះ​មន្ទីរពេទ្យ​ឯកជន​ដទៃ ដោះស្រាយ​បញ្ហា​(​អ្នកជំងឺ​)​មិន​ចេញ គេ​ថា​បញ្ជូនទៅ​កាល់ម៉ែត​សង្គ្រោះបាន ដល់​ទៅ​កាល់ម៉ែត​ងាប់​បណ្ដោយ​»​។​នេះ​ជាការ​បញ្ជាក់​របស់​សម្ដេច ហ៊ុន សែន ដែល​បញ្ជា​ឱ្យមាន​ការគ្រប់គ្រង​លើ​គ្លីនិក​ឯកជន​ឱ្យ​ច្បាស់​លើ​បញ្ហា​ព្យាបាល​អ្នកជំងឺ​នេះ ព្រោះ​វា​ជា​មូលហេតុ​ដែលនាំឱ្យ​ពលរដ្ឋ​តែងតែ​បន្ទោស​ដល់​មន្ទីរពេទ្យរ​ដ្ឋ​ដែរ​។​
 
​សម្រាប់​លោកនាយក​រដ្ឋមន្ត្រី ហ៊ុន សែន គ្រូពេទ្យ​ទាំងអស់ ត្រូវ​តាំងខ្លួន​ជា​«​គ្រូពេទ្យ​កោសខ្យល់​»​។ ក្នុងន័យនេះ​ប្រមុខ​រដ្ឋាភិបាល បានឱ្យ​និយមន័យ​ថា «​គ្រូពេទ្យ​កោសខ្យល់​» គឺ​សំដៅ​ទៅលើ​ពេទ្យ ដែល​យកចិត្តទុកដាក់​ដោះស្រាយ​បញ្ហា​ប្រជាពលរដ្ឋ​ឱ្យអស់​លទ្ធភាព ហើយ​មិន​គិតលុយ​ជាធំ​នោះទេ​៕

Tag:
 ​ហ៊ុន សែន​
  គ្រូពេទ្យ​
  សុខាភិបាល​
© រក្សាសិទ្ធិដោយ thmeythmey.com