រថយន្ត
អន្តរជាតិ
Mercedes-Benz ពង្រីក​ប្រតិបត្តិការ​នៅ​ឥណ្ឌូណេស៊ី ខណៈ​ក្រុមហ៊ុន​ជាច្រើន​ដកថយ​
16, Dec 2019 , 7:39 pm        
រូបភាព
ដោយ: ធីតា
​ខណៈដែល​ក្រុមហ៊ុន​យានយន្ត​បរទេស​មួយចំនួន​សម្រេច​ចិត្ត​ចាក​ចេញពី​ឥណ្ឌូណេស៊ី បែរជា Mercedes-Benz របស់​អាល្លឺម៉ង់ បន្ត​ពង្រីក​ប្រតិបត្តិការ​ទីផ្សារ និង​សាខា​ផ្នែក​លក់​របស់ខ្លួន​នៅក្នុង​ប្រទេស​ដ៏​សក្តានុពល​នៅ​អាស៊ីអាគ្នេយ៍​មួយ​នេះ​។

 
«​សម្រាប់ Mercedes-Benz ឥណ្ឌូណេស៊ី គឺជា​ទីផ្សារ​គន្លឹះ​មួយនា​ពេលអនាគត ព្រោះ​ទីនោះ មាន​សក្តានុពល​ដ៏​ធំធេង​»​។ លោក Choi Duk-jun នាយក​ផ្នែក​ចែកចាយ​នៃ​ក្រុមហ៊ុន Mercedes-Benz ប្រចាំ​ឥណ្ឌូណេស៊ី បាន​អះអាង​យ៉ាង​ដូច្នេះ​ទៅកាន់​អ្នកសារព័ត៌មាន​នា​ពិធី​សម្ពោធ​រថយន្ត​ម៉ូ​ដែល SUV ថ្មី​នៅ​រោងចក្រ​ដែល​ស្ថិតនៅ​ក្រុង Bogor​។​
 
​ពិធី​នៃ​ការសម្ពោធ​រថយន្ត GLE និង GLC មានការ​ចូលរួម​ពី​សំណាក់​លោក Hendrik Berkeling ភារធារី​ស្ថានទូត​អាល្លឺម៉ង់​ប្រចាំ​ឥណ្ឌូណេស៊ី និង​លោក Dody Widodo មន្ត្រីជាន់ខ្ពស់​នៃ​ក្រសួងពាណិជ្ជកម្ម​ឥណ្ឌូណេស៊ី​។​
 
​យោងតាម The Jakarta Post ក្រុមហ៊ុន​យានយន្ត​បរទេស​មួយចំនួន បានប្រកាស​កាត់បន្ថយ​សង្វាក់​ផលិតកម្ម​របស់ខ្លួន និង​ឈានទៅដល់​ការបិទ​ទីផ្សារ​ដោយសារតែ​អត្រា​លក់​មានការ​ធ្លាក់ចុះ​។ តែ​ផ្ទុយទៅវិញ លោក Choi បានបង្ហាញ​តួលេខ​ថា Mercedes-Benz លក់​រថយន្ត​បាន​ប្រមាណ​៣៥ ០០០​គ្រឿងក្នុង​១​ឆ្នាំ​នៅ​ឥណ្ឌូណេស៊ី ហើយ​ជឿជាក់ថា ក្រុមហ៊ុន​នឹង​បន្ត​ជោគជ័យ​ដ៏​មហិមា​នា​រយៈពេល​៥០​ឆ្នាំ​ខាងមុខ​។​
 
​ជាមួយនឹង​គម្រោង​បន្ត​ពង្រីក​ទីផ្សារ​នៅ​ឥណ្ឌូណេស៊ី Mercedes-Benz ប្រចាំ​ប្រទេសមួយ​នេះ បាន​បញ្ជូន​បុគ្គលិក​ទៅ​ចូលរួម​វគ្គ​បណ្តុះបណ្តាល​ជា​លក្ខណៈ​អន្តរជាតិ​នៅ​ឥណ្ឌា និង​បណ្តា​ប្រទេស​ដទៃទៀត​ដែលមាន​រយៈពេល​១២​សប្តាហ៍​។​
 
​លោក Hari Arifanto ប្រធាន​ផ្នែក​ទីផ្សារ និង​ទំនាក់ទំនង​ក្រុមហ៊ុន Mercedes-Benz Indonesia បាន​ពន្យល់​បន្ថែមថា ការពង្រីក​ទីផ្សារ​រថយន្ត​អេឡិចត្រូនិក (EV) នៅ​ឥណ្ឌូណេស៊ី ក៏​ដោយសារតែ​ក្រុមហ៊ុន​មាន​ហេដ្ឋារចនាសម្ព័ន្ធ​រួចស្រេច​នៅ​ទីនោះ ជាពិសេស​ស្ថានីយ៍​បញ្ចូល​អគ្គិសនី​ជាដើម​៕
 

© រក្សាសិទ្ធិដោយ thmeythmey.com