រថយន្ត
អន្តរជាតិ
មហាសេដ្ឋី​វៀតណាម បង្ហាញ​មហិច្ឆតា​នាំ​រថយន្ត​វៀតណាម​ចូល​ទីផ្សារ​អាមេរិក​
16, Dec 2019 , 8:19 pm        
រូបភាព
ដោយ: ធីតា
​លោក Pham Nhat Vuong មហាសេដ្ឋី​លំដាប់​កំពូល​នៅ​អាស៊ីអាគ្នេយ៍ បានបង្ហាញ​ពី​មហិច្ឆតា​ដ៏​ធំ​ក្នុង​ការនាំ​រថយន្ត VinFast របស់​វៀតណាម ចូលទៅ​កាន់​ទីផ្សារ​អាមេរិក នា​ឆ្នាំ​២០២១ ខាងមុខ​។ នេះ​បើតាម​ការផ្សាយ​របស់ Bloomberg​។​

 
​ចាប់ផ្តើម​ដំណើរ​អស់​ពេល​ជាង​៦​ខែ​មកហើយ VinFast ចង់បង្ហាញ​ឥទ្ធិពល​របស់ខ្លួន​នៅក្នុង​ទីផ្សារ​យានយន្ត​ប្រចាំ​តំបន់ និង​នៅលើ​ពិភពលោក​។ លោក Pham Nhat Vuong ដែល​ម្ចាស់​ក្រុមហ៊ុន Vingroup ត្រៀម​វិនិយោគ​ប្រាក់​ផ្ទាល់ខ្លួន​ប្រមាណ​២​ពាន់​លាន​ដុល្លារ​អាមេរិក ដើម្បី​នាំ​ផលិតផល​យានយន្ត​អគ្គិសនី​របស់ខ្លួន​ចូលទៅ​កាន់​ទឹកដី​អាមេរិក​។​
 
«​គោលដៅ​របស់​យើង​គឺ​បង្កើត​ឲ្យ​បាន​ម៉ាក [Brand] អន្តរជាតិ​ដ៏​ល្បីល្បាញ​មួយ​»​។ លោក Vuong បាន​អះអាង​យ៉ាង​ដូច្នេះ​ក្នុង​បទ​សម្ភាស​មួយ​នៅ​ទីស្នាក់ការ​ក្រុមហ៊ុន Vingroup JSC នៅ​ក្រុង​ហាណូយ ដោយ​លោក​ទទួលស្គាល់ថា ដំណើរការ​ពិតជា​ពិបាក ប៉ុន្តែ​លោក​មិន​រាថយ​ឡើយ​។​
 
​វ័យ​៥១​ឆ្នាំ លោក Vuong ដែលមាន​កំណើត​នៅ​ខេត្ត​ហៃ​ហ្វុ​ង ប្រទេស​វៀតណាម មានទ្រព្យ​សម្បត្តិ​ប្រមាណ ៩.១​ពាន់​លាន​ដុល្លារ​អាមេរិក​។ នេះ​បើតាម​តាម​ស​ន្ទ​ស្សន៍ Bloomberg Billionaires Index​។ កាលពី​ឆ្នាំមុន លោក​បាន​លក់​ភាគហ៊ុន​មួយចំនួន​នៅ Vingroup សម្រាប់​ការវិនិយោគ​លើ​វិស័យ​យានយន្ត​។ បច្ចុប្បន្ន លោក មាន​ភាគហ៊ុន​៤៩​ភាគរយ​ក្នុង VinFast រីឯ​នៅ Vingroup ដែលជា​ក្រុមហ៊ុនមេ លោក​មាន​៥១​ភាគរយ​។​
 
​ប្រតិបត្តិការ​លើ​ផ្ទៃដី ៣៣៥​ហិកតា​នៅ​ក្រុង​ផៃ​ហ្វុ​ង ក្រុមហ៊ុន VinFast ត្រូវការ​សង្វាក់​ផលិតផល​យ៉ាងហោចណាស់​១០០ ០០០​រថយន្ត​ក្នុង​១​ឆ្នាំ ដើម្បី​ប្រកួតប្រជែង​លើ​ទីផ្សារ​សកល ដោយ​បច្ចុប្បន្ន ក្រុមហ៊ុន​មួយ​នេះ នៅ​តូចចង្អៀត​នៅឡើយ​
 
VinFast ផលិត​រថយន្ត​ប្រភេទ​តួ​ទាប Hatchback, Sedan និង SUV ក្នុងតម្លៃ​ទាប ចន្លោះ​ពី​១៧០០០​ដុល្លារ ដល់​៤៧ ៤០០​ដុល្លារ និង​ឈានដល់ ៦០ ៤០០​ដុល្លារ​អាមេរិក​។ ចាប់ពី​ឆ្នាំ​២០២៥ ក្រុមហ៊ុន​ដាក់​គម្រោង​ផលិត​ឲ្យ​បាន ៥០០ ០០០​គ្រឿងក្នុង​១​ឆ្នាំ​៕
 

© រក្សាសិទ្ធិដោយ thmeythmey.com