អន្តរជាតិ
លោក អ៊ែរដូហ្កាន់ គំរាមបិទមូលដ្ឋានទ័ពអាមេរិកនៅតួកគី ក្រោយវ៉ាស៊ីនតោនគំរាមដាក់ទណ្ឌកម្ម ប្រធានាធិបតីតួកគី តៃយីប អ៊ែរដូហ្កាន់ និងប្រធានាធិបតីអាមេរិក ដូណាល់ ត្រាំ ។ រូបភាព AFP
× ប្រធានាធិបតីតួកគី រ៉េស៊ីប តៃយីប អ៊ែរដូហ្កាន់ នៅថ្ងៃទី១៥ ខែធ្នូ បានគំរាមបិទបន្ទាយទ័ពអាមេរិកពីរកន្លែងនៅតួកគី។ ការគំរាមនេះ ធ្វើឡើងបន្ទាប់ពីទីក្រុងវ៉ាស៊ីនតោនគំរាមដាក់ទណ្ឌកម្មប្រឆាំងទីក្រុងអង់ការ៉ាពាក់ព័ន្ធការទិញប្រព័ន្ធការពារអាកាស S-400 ពីរុស្ស៊ី ដែលក្រុងវ៉ាស៊ីនតោនចាត់ទុកជាការគំរាមកំហែងលើសន្តិសុខណាតូ។ ដោយសាររឿងនេះ ទំនាក់ទំនងរវាងសម្ព័ន្ធមិត្តណាតូទាំងពីរប្រែទៅជាល្អក់កករទៅៗ។
សំណុំរឿងតួកគីទិញខែលការពារ S-400 ពីរុស្ស៊ី នៅតែមិនទាន់ចប់នៅឡើយទេ។ អាមេរិក នៅតែបន្តគំរាមដាក់ទណ្ឌកម្មលើសម្ព័ន្ធមិត្តណាតូមួយនេះដដែល បើទោះជាប្រព័ន្ធការពារមួយនេះ ត្រូវបានដឹកទៅដល់ទឹកដីតួកគី ហើយរដ្ឋាភិបាលតួកគី ក៏ប្រកាសមិនបកក្រោយក៏ដោយចុះ។
ខណៈអាមេរិកចេះតែសង្ក្រឺតធ្មេញមិនឈប់នោះ តួកគីក៏មិនបន្ទន់ឥរិយាបថដែរ។ នៅថ្ងៃទី១៥ ខែធ្នូ ប្រធានាធិបតីតួកគី រ៉េស៊ីប តៃយីប អ៊ែរដូហ្កាន់ ក៏ព្រមានអាមេរិកវិញ តាមរយៈការបិទបន្ទាយទ័ពអាមេរិកពីរកន្លែងក្នុងទឹកដីតួកគី។ ក្នុងកិច្ចសម្ភាសជាមួយប៉ុស្តិ៍ទូរទស្សន៍គាំទ្ររដ្ឋាភិបាល A Haber លោក អ៊ែរដូហ្កាន់ និយាយគំរាមអាមេរិកត្រង់ៗ ថា ប្រសិនបើចាំបាច់ យើងអាចបិទមូលដ្ឋាន Incirlik និងមូលដ្ឋាន Kurecik តែម្ដង។
បន្ទាយទ័ពអាកាស Incirlik ជាមូលដ្ឋានដ៏ធំរបស់យោធាអាមេរិកនៅតួកគី ដែលប្រើប្រាស់ក្នុងប្រតិបត្តិការដែនអាកាសកម្ទេចក្រុមជ្រុលនិយមរដ្ឋឥស្លាមនៅស៊ីរី។ ពីបន្ទាយនេះ យន្តហោះអាមេរិក និងសម្ព័ន្ធមិត្តបានវាយបោសសម្អាតក្រុមជ្រុលនិយមមួយនេះឲ្យបាក់ទ័ពខ្ទេចខ្ទីដូចសព្វថ្ងៃ។ Incirlik ក៏ជាទីតាំងឃ្លាំងផ្ទុកនុយក្លេអ៊ែរអាមេរិកប្រមាណ៩០គ្រាប់ផងដែរ។ ក្រុមចំណែកបន្ទាយ Kurecik ជាទីតាំងប្រព័ន្ធរ៉ាដាដ៏ធំមួយរបស់សម្ព័ន្ធយោធាណាតូ។
មេដឹកនាំតួកគី តែងគំរាមបិទបន្ទាយទ័ពអាមេរិកទាំងពីរ ក្នុងករណីរដ្ឋបាលប្រធានាធិបតី ដូណាល់ ត្រាំ ដាក់ទណ្ឌកម្មដោយសារតែការទិញខែលការពារ S-400 ពីរុស្ស៊ី។ យ៉ាងណាមិញ រឿងដាក់ទណ្ឌកម្មនេះ នៅមិនទាន់លេចជារូបរាងនៅឡើយទេ ខណៈការជជែកពីវិធានការប្រឆាំងតួកគី កើតមានតាំងពីតួកគីប្រកាសទិញ រហូតដល់ខែលការពារ S-400 ត្រូវបានបញ្ជូនដល់ទឹកដីតួកគី ក៏នៅតែមិនទាន់ឃើញមានការដាក់ទណ្ឌកម្មដដែល។
ផែនការទិញប្រព័ន្ធមីស៊ីលរុស្ស៊ីនេះ ជារឿងប្រទាំងប្រទើសបំផុតមួយរវាងតួកគី និងសមាជិកសម្ព័ន្ធយោធាតូផ្សេងទៀត។ ក្រៅពីផលប្រយោជន៍ផ្នែពាណិជ្ជកម្មអាវុធនោះ អាមេរិកជឿថា ប្រព័ន្ធការពារ S-400 របស់រុស្ស៊ី គឺប្រើមិនត្រូវគ្នាជាមួយយន្តហោះ F-35 ដែលតួកគីចង់ទិញពីអាមេរិកដែរនោះ។ សព្វថ្ងៃ អាមេរិកបានផ្អាកគម្រោងលក់យន្តហោះស៊េរីទំនើបនេះសិន ហើយអាចបន្តទៅមុខក្នុងករណីតួកគីលែងទិញ S-400 វិញ៕
Tag:
តួកគី
អាមេរិក
S-400
តៃយីប អ៊ែរដូហ្កាន់
© រក្សាសិទ្ធិដោយ thmeythmey.com