អត្ថបទពាណិជ្ជកម្ម
សាកល​វិទ្យាល័យ​ពុទ្ធិ​សាស្ត្រ បើក​បវេសនកាល​ឆ្នាំ​ថ្មី និង​សម្ពោធ E-Learning Center ដ៏​ទំនើប
16, Dec 2019 , 3:50 pm        
រូបភាព
ឯកឧត្តម សុខ ពុទ្ធីវុធ ប្រធានក្រុមប្រឹក្សាភិបាលសាកលវិទ្យាល័យពុទ្ធិសាស្រ្ត
ឯកឧត្តម សុខ ពុទ្ធីវុធ ប្រធានក្រុមប្រឹក្សាភិបាលសាកលវិទ្យាល័យពុទ្ធិសាស្រ្ត
ដោយ: ថ្មីៗ
​ភ្នំពេញ​៖ នៅ​ថ្ងៃទី​១៦ ខែធ្នូ ឆ្នាំ​២០១៩​នេះ សាកលវិទ្យាល័យ ពុទ្ធិ​សាស្ត្រ បាន​បើក​បវេសនកាល​ឆ្នាំ​ថ្មី​ក្នុង​បរិយាកាស​ដ៏​រីករាយ ដោយមាន​ការចូលរួម​ពី​និស្សិត និង​ថ្នាក់ដឹកនាំ​សាកលវិទ្យាល័យ គ្រប់លំដាប់​ថ្នាក់​។ ទន្ទឹមនឹង​ការបើកប​វេ​សន កាល​ឆ្នាំ​ថ្មី​នេះដែរ សាកលវិទ្យាល័យ ថែមទាំង​បាន​បើកសម្ពោធ​មជ្ឈមណ្ឌល​សិក្សា​អេឡិចត្រូនិក​ដ៏​ថ្មី​សន្លាង​មួយ ដើម្បី​អនុញ្ញាត​ឲ្យ​និស្សិត អាច​សិក្សា និង​ស្រាវជ្រាវ ក្នុង​វិស័យ​សុខាភិបាល ក៏ដូចជា វិស័យ​វិទ្យាសាស្ត្រ​បច្ចេកវិទ្យា បាន​យ៉ាង​ទូលំទូលាយ​ទៀតផង​។ 
 
​លោក សាស្ត្រាចារ្យ អ៊ា​ន ហ្វី​ន​លេ សាកលវិទ្យាធិការ​នៃ​សាកលវិទ្យាល័យ​ពុទ្ធិ​សាស្ត្រ បាន​ថ្លែងថា​៖«​ខ្ញុំ​ពិតជា​មាន​សេចក្តីសោមនស្ស​រីករាយ​ណាស់ ដែល​បាន​ស្វាគមន៍​អ្នក​ទាំងអស់គ្នា ក្នុង​ឆ្នាំ​សិក្សា​ថ្មី នៅ​សាកលវិទ្យាល័យ​ពុទ្ធិ​សាស្ត្រ​។ ឆ្នាំ​សិក្សា​ថ្មី​របស់​និស្សិត​នៃ​សាកលវិទ្យាល័យ ពិតជា​ពេលវេលា​ដ៏​មាន​សារៈសំខាន់​បំផុត ដែល​និស្សិត​ត្រូវ​អភិវឌ្ឍ​ខ្លួន​»​។​


លោក សាស្រ្តាចារ្យ អ៊ាន ហ្វីនលេ សាកលវិទ្យាធិការនៃសាកលវិទ្យាល័យពុទ្ធិសាស្រ្ត
 
​សាកលវិទ្យាល័យ​ពុទ្ធិ​សាស្ត្រ ត្រូវបាន​គេ​ចាត់ទុកថា ជា​សាកលវិទ្យាល័យ​ដ៏​ល្បីឈ្មោះ​មួយ ដែល​ផ្តោត​ការសិក្សា​លើ​វិស័យ​សុខាភិបាល តាមរយៈ​បច្ចេកវិទ្យា​ព័ត៌មាន​ទំនើប ដើម្បី​ពង្រឹងសមត្ថភាព​ធនធាន​មនុស្ស​ក្នុង​ផ្នែក​នេះ ឲ្យ​មាន​កំណើន ស្របតាម​សាកលភាវូបនីយកម្ម​នា​ពេលបច្ចុប្បន្ន និង​លើកកម្ពស់​សមត្ថភាព និង​សីលធម៌​ចំពោះ​និស្សិត​កម្ពុជា​គ្រប់រូប​។ 
 
​បើតាម លោក​សាស្ត្រាចារ្យ អ៊ា​ន ហ្វី​ន​លេ បច្ចុប្បន្ន បុគ្គលិក និង​ថ្នាក់​នាំ​ទាំងអស់ របស់​សាកលវិទ្យាល័យ បាន និង​កំពុងតែ​ប្រឹងប្រែង​យ៉ាងខ្លាំង ដើម្បី​បណ្តុះបណ្តាល និង​គាំទ្រ​គ្រប់បែបយ៉ាង​ដល់​និស្សិត​ដែល​កំពុង​សិក្សា​នៅ​សាកលវិទ្យាល័យ​ពុទ្ធិ​សាស្ត្រ​។ ជាងនេះទៅទៀត ថ្នាក់ដឹកនាំ​សាកលវិទ្យាល័យ នឹង​បន្ត​គាំទ្រ និង​ណែនាំ​និស្សិត ដើម្បី​ឲ្យ​ពួកគេ​ទទួលបាន​ជោគជ័យ នៅក្នុង​ការសិក្សា និង​ការងារ​។ ភាពជោគជ័យ​របស់​និស្សិត គឺជា​ភាពជោគជ័យ​របស់​វិស័យ​សុខាភិបាល និង​ជា​ជោគជ័យ​របស់​បុគ្គលិក និង​ថ្នាកដឹកនាំ​សាកលវិទ្យាល័យ​ពុទ្ធិ​សាស្ត្រ​ដែរ​។ 
 
​ការបើក​បវេសនកាល ដោយមាន​ការចូលរួម​ពី​សំណាក់​និស្សិត​ឆ្នាំ​មូលដ្ឋាន និង​ថ្នាក់ដឹកនាំ​ទាំងអស់ របស់​សាកលវិទ្យាល័យ​ពុទ្ធិ​សាស្ត្រ បានធ្វើ​ឲ្យ​កម្មវិធី​នេះ កាន់តែ​មាន​ភាព​អធិកអធម ស្រប​ពេលដែល​មានការ​បើកសម្ពោធ​មជ្ឈមណ្ឌល​សិក្សា​អេឡិចត្រូនិក (E-Learning Center) ថ្មី​សន្លាង របស់​សាកលវិទ្យាល័យ​ផងដែរ​។ 
 
​លោក សុខ ពុ​ទ្ធី​វុ​ធ ប្រធាន​ក្រុមប្រឹក្សាភិបាល​សាកលវិទ្យាល័យ​ពុទ្ធិ​សាស្ត្រ បាន​ថ្លែងថា សាកលវិទ្យាល័យ​ពុទ្ធិ​សាស្ត្រ បានរៀបចំ E-Learning Center ដើម្បី​ជួយ​សម្រួល​ដល់​និស្សិត ក្នុងការ​ស្រាវជ្រាវ​ព័ត៌មាន ដែលមាន​ប្រភព​ច្បាស់លាស់​សម្រាប់​ជំនាញ​របស់ខ្លួន​។ 
 
​លោក សុខ ពុ​ទ្ធី​វុ​ធ បាន​ពន្យល់​យ៉ាង​ដូច្នេះ​ថា​៖ «E-Learning Center នឹង​ពន្យល់​ពី​ការប្រើប្រាស់​ប្រព័ន្ធ​ព័ត៌មាន ទាក់ទង​នឹង​ប្រធានបទ​ស្រាវជ្រាវ ដែលមាន​ប្រភព​ច្បាស់លាស់​។ យើង​មាន​គ្រូ​រង់ចាំ​ពន្យល់​នៅនឹងកន្លែង ជាមួយនឹង​ប្រភព ដែល​ផ្សារភ្ជាប់​ទៅនឹង​ឯកសារ​ស្រាវជ្រាវ ហើយ​និស្សិត​គ្រប់រូប នឹងត្រូវ​បានផ្តល់​នូវ​គណនី​អេឡិចត្រូនិក ដើម្បី​ប្រើប្រាស់​កុំព្យូទ័រ​ក្នុងការ​ស្រាវជ្រាវ​។ ដូច្នេះ​អ្វីដែល E-Learning Center   បានរៀបចំ​នេះ គឺ​ប្រមូលផ្តុំ​គេហទំព័រ ក៏ដូចជា​ប្រភពព័ត៌មាន​ល្អៗ ដែល​អាច​ឲ្យ​និស្សិត ប្រើប្រាស់ ទៅគ្រប់​ស្ថាប័ន​ដែល​ពាក់ព័ន្ធ​នឹង​ការស្រាវជ្រាវ​របស់​ពួកគេ នៅក្នុង​វិស័យ​សុខាភិបាល និង​វិស័យ​ផ្សេងៗ​ទៀត​»​។ 


 
​បើតាម លោក សុខ ពុ​ទ្ធី​វុ​ធ បច្ចុប្បន្ន ការប្រើប្រាស់​បច្ចេកវិទ្យា​ព័ត៌មាន​របស់​និស្សិត​កម្ពុជា​ភាគច្រើន ទាំង​ការអាន និង​ការស្រាវជ្រាវ នៅមានកម្រិត​នៅឡើយ​។ ការណ៍​នេះ ទើប​សាកលវិទ្យាល័យ​បាន​បង្កើត E-Learning Center នេះ​ឡើង ដើម្បី​ឲ្យ​និស្សិត​បាន​អង្គុយ​អាន និង​សិក្សា​ស្រាវជ្រាវ​ដោយ​ខ្លួនឯងបាន​ត្រឹមត្រូវ ដើម្បី​ពង្រឹងសមត្ថភាព​របស់​ពួកគេ ឲ្យ​ទូលំទូលាយ​ថែមទៀត​។  
 
​គួរបញ្ជាក់​ផងដែរ​ថា រយៈពេល ១២ ឆ្នាំ នៃ​ការបង្កើត​សាកលវិទ្យាល័យ ពុទ្ធិ​សាស្ត្រ តាំងពី​ឆ្នាំ ២០០៧ មក យើង​បាន​វិវត្តន៍​ខ្លួន​ពីមួយថ្ងៃ ទៅមួយថ្ងៃ​ឲ្យ​កាន់តែ​រឹងមាំ នៅក្នុង​ការពង្រឹង​គុណភាព​ទៅលើ​វិស័យ​អប់រំ ទាំង​វិទ្យាសាស្ត្រ​សុខាភិបាល និង​វិទ្យាសាស្ត្រ​បច្ចេកវិទ្យា​។ ក្នុងនោះដែរ​សមិទ្ធផល​ដ៏​ជោគជ័យ ដែល​និស្សិត​របស់​យើង​បានទទួល​កន្លងមក មានដូចជា​និស្សិត​ផ្នែក ទន្តសាស្ត្រ​ជំនា​ន់ទី ១ បានទទួល​លទ្ធផល​ប្រឡង​ថ្នាក់ជាតិ ចំនួន ១០០% និង​និស្សិត​ផ្នែក ឱសថ​សាស្ត្រ បានទទួល​លទ្ធផល​និស្សិត​ដែល​បាន​ជាប់​មាន​ចំនួន ៩៩% នៅក្នុង​ការប្រលង​ចេញ​ថ្នាក់ជាតិ នា​ឆ្នាំ​២០១៨ កន្លងទៅនេះ​។ ទាំងនេះ គឺជា​ការ​ស្តែង​ចេញពី​ការខិតខំ​ប្រឹងប្រែង​អស់ពី​កម្លាំងកាយ​ចិត្ត របស់​និស្សិត បូករួម​ទាំង​ការផ្តល់​នូវ​ការអប់រំ​ដែលមាន​គុណភាព​ខ្ពស់​នៅក្នុង​វិស័យ​សុខាភិបាល និង​វិស័យ​ផ្សេងៗ ដែល​ជំរុញ ឲ្យ​និស្សិត​មាន​មោទកភាព នៅក្នុង​ការបញ្ចប់​ការសិក្សា​ដ៏​ជោគជ័យ​របស់​ពួកគេ ពី​សាកលវិទ្យាល័យ ពុទ្ធិ​សាស្ត្រ​ផ្ទាល់​ផងដែរ​៕










 
(​អត្ថបទ​ពាណិជ្ជកម្ម​)

© រក្សាសិទ្ធិដោយ thmeythmey.com