ជាតិ
​​​ន​យោ​បាយ​ជាតិ​
ការព្យួរ EBA ជិត​មកដល់ អឺរ៉ុប តឿន​កម្ពុជា ឲ្យ​ឆាប់​បើកចំហ​បរិយាកាស​នយោបាយ​ឡើងវិញ​
16, Dec 2019 , 4:19 pm        
រូបភាព
ជំនួបរវាងលោក ប្រាក់ សុខុន និង លោក Josep (រូបពីក្រសួងការបរទេសកម្ពុជា)
ជំនួបរវាងលោក ប្រាក់ សុខុន និង លោក Josep (រូបពីក្រសួងការបរទេសកម្ពុជា)
ដោយ: ថ្មីៗ
​លោក Josep Borrell តំណាង​ជាន់ខ្ពស់​របស់​សហភាព​អឺរ៉ុប ទទួលបន្ទុក​ផ្នែក​គោលនយោបាយ​សន្តិសុខ និង​កិច្ចការបរទេស និង​ជា​អនុប្រធាន​គណៈកម្មការ​អឺរ៉ុប បាន​ជំរុញ​ឲ្យ​ភាគី​កម្ពុជា គិតគូរ​ឡើងវិញ ពី​ការស្តារ​ស្ថានភាព​នយោបាយ​។ លោក លើក​ពី​បញ្ហានយោបាយ​នេះ ក្នុងជំនួប​ជាមួយ​លោក ប្រាក់ សុខុន រដ្ឋមន្ត្រីការបរទេស​កម្ពុជា នៅ​ទីក្រុង​ម៉ា​ឌ្រី​ដ ប្រទេស​អេ​ស្ប៉ា​ញ កាលពី​ថ្ងៃទី​១៥ ខែធ្នូ ឆ្នាំ​២០១៩​។

 
​គេហទំព័រ​របស់​សហ​ភាព​អឺរ៉ុប បាន​ចុះផ្សាយ​ដូច្នេះ​ថា​៖«[លោក Josep] តំណាង​ជាន់ខ្ពស់​របស់​សហភាព​អឺរ៉ុប បាន​រម្លឹក​ជាថ្មី អំពី​សារសំខាន់​របស់​អាជ្ញាធរ​កម្ពុជា ក្នុងការ​ចាត់វិធានកា​រ​ជាបន្ទាន់ ដើម្បី​បើកចំហ​បរិយាកាស​នយោបាយ និងបង្កើត​លក្ខខណ្ឌ​ចាំបាច់ ដល់​គណបក្សប្រឆាំង ដែល​គួរ​ឲ្យ​ទុកចិត្តបាន​និង​មាន​លក្ខណៈ​ប្រជាធិបតេយ្យ ហើយ​ចាប់ផ្តើម​ដំណើរការ​ផ្សះផ្សារ​ជាតិ តាមរយៈ​កិច្ចសន្ទនា​ពិតប្រាកដ​»​។ 
 
​លោក ផៃ ស៊ី​ផាន អ្នកនាំពាក្យ​រដ្ឋាភិបាលកម្ពុជា មិន​បញ្ចេញមតិ​ឡើយ ដោយ​លោក លើកឡើងថា មិន​បានដឹង​សាច់រឿង​នៃ​ជំនួប​រវាង​លោក Josep និង លោក ប្រាក់ សុខុន​។ លោក រុញ​ឲ្យ​ទៅ​សួរ​ក្រសួងការបរទេស តែ​អ្នកនាំពាក្យ​នៃ​ក្រសួង​នេះ ហៅ​ទូរស័ព្ទ​មិន​ចូល​។ 

លោក Josep សរសេរក្នុងបណ្តាញសង្គម Twitter ដូច្នេះថា៖«ខ្ញុំ បានប្រជុំជាមួយលោក ប្រាក់ សុខុន។ ពួកយើង បានជជែកគ្នាពីលទ្ធភាពនៃការដកប្រព័ន្ធអនុគ្រោះព័ន្ធ EBA. កិច្ចប្រឹងប្រែងរបស់កកម្ពុជា គឺនៅតែសំខាន់ ដើម្បីស្តារស្ថានភាពសិទ្ធិមនុស្សនិងលទ្ធិប្រជាធិបតេយ្យ»។ 
 
​លោក Josep រម្លឹក​ពីសារ​នេះ ស្រប​ពេលដែល​ការសម្រេច​របស់​សហភាព​អឺរ៉ុប អំពី​ការព្យួរ​ឬ​មិន​ព្យួរ​ប្រព័ន្ធ​អនុគ្រោះ​ពន្ធ EBA នៅ​កម្ពុជា ជិត​នឹង​ឈាន​មកដល់ ពោលគឺ​នៅសល់​ប្រមាណ​តែ​ពីរ​ខែ​ទៀត​ប៉ុណ្ណោះ (​ខែកុម្ភៈ ឆ្នាំ​២០២០)​។ កាលពី​ថ្ងៃទី​១២ ខែធ្នូ ឆ្នាំ​២០១៩ ក្រសួងការបរទេស​ក​ម្ពុ​ជា បាន​ឆ្លើយតប​នឹង​របាយការណ៍​បឋមរ​បស់​សហភាព​អឺរ៉ុប​។ 
 
​ក្នុងការ​ឆ្លើយតប​នោះ ក្រសួងការបរទេស​ក​ម្ពុ​ជា បានស្នើ​ឲ្យ​សហភាព​អឺរ៉ុប ពិចារណា​ពី​ការប្រឹងប្រែង​របស់​រដ្ឋា​ភិ​បាល​កម្ពុជា ក្នុងការ​អនុវត្ត​អនុសញ្ញា​អន្តរជាតិ​នានា ក្រោម​លក្ខខណ្ឌ​នៃ​ការទទួលបាន EBA​។ ក្រសួងការបរទេស​ក​ម្ពុ​ជា ក៏​សង្ឃឹម​ផងដែរ​ថា សហភាព​អឺរ៉ុប នឹង​ពិចារណា​ពី​ផលប៉ះពាល់​ដល់ក​ម្មកា​រិ​នី​កម្ពុជា​ជិត​មួយ​លាន បើ​ព្យួរ EBA​។ 

អត្ថបទទាក់ទង

 
​សារ​របស់​ក្រសួងការបរទេស​កម្ពុ​ជា ដែល​ឆ្លើយតប​នឹង​សហភាព​អឺ​រុ​ប ហាក់​ផ្ទុយ​នឹង​សម្តេចនាយក​រដ្ឋមន្ត្រី ហ៊ុន សែន​។ ក្នុង​ពិធី​ប្រគល់​សញ្ញាបត្រ​ដល់​និស្សិត​នៃ​សាកលវិទ្យាល័យ​ឯកទេស​កម្ពុជា (CUS ) កាលពី​ថ្ងៃទី​១១ ខែធ្នូ ប្រមុខ​រដ្ឋាភិបាល​កម្ពុ​ជា ប្រកាសថា មិន​ខ្វល់​ពី​ការបាត់ EBA ឡើយ​៕       
 
 

Tag:
 EU
  EBA
© រក្សាសិទ្ធិដោយ thmeythmey.com