ជាតិ
មេឃុំ​កំពង់​ភ្លុក ៖ ក្រោយ​បាន​អំណាច​ពី​ពលរដ្ឋ យើង​ត្រូវ​រៀបចំ​ឃុំ បម្រើសេវា និង​ផលប្រយោជន៍​ជូន​គាត់​
16, Dec 2019 , 9:59 pm        
រូបភាព
​សៀមរាប​៖ ឃុំ​កំពង់​ភ្លុក ជា​ឃុំ​មួយ​ដែលមាន​ភូមិសាស្ត្រ​ជាប់​បឹង​ទន្លេសាប​។ ឃុំ​នេះ បានក្លាយ​ទៅជា​គោលដៅ​ទេសចរណ៍​នៅក្នុង​អំឡុង​ឆ្នាំ​២០១០ ខណៈដែល​ប្រជាពលរដ្ឋ​ជិត ៩០០​គ្រួសារ ក្នុងនោះ​៧០​ភាគរយ មានមុខរ​បរជា​អ្នកនេសាទ និង​២៥​ភាគរយ ជា​អ្នក​បើកកាណូត​ដឹក​ភ្ញៀវទេសចរ​ណ៍។ មេឃុំ​កំពង់​ភ្លុក លោក នឹង នី បាន​អះអាងថា ប្រជាពលរដ្ឋនៅក្នុង​ឃុំ​លោក មិនសូវ​ចំណាកស្រុក​នោះទេ ដោយសារ​ពួកគេ​ទទួលបាន​ផលប្រយោជន៍ និង​សេវាសាធារណៈ​ល្អ ពី​អាជ្ញាធរ​ឃុំ​។​




​ដើម្បី​គ្រប់គ្រង​លំហូរ​ទេសចរ​ និង​បម្រើ​ផលប្រយោជន៍​ដល់​សហគមន៍​នោះ ថ្នាក់ដឹកនាំ​ឃុំ បានរៀបចំ​ផែនការ​ច្បាស់លាស់ ក្នុងការ​ពង្រឹង​ការងារ​សន្តិសុខ និង​ការគ្រប់គ្រង​អនាម័យ និង​បរិស្ថាន​។ ជាពិសេស​ការផ្ដល់សេវា​សាធារណៈ និង​ផល​លាភ​ស្មើគ្នា សម្រាប់​ប្រជាជន​ក្នុង​សហគមន៍​។ នេះ​ជាការ​បញ្ជាក់​របស់លោក នឹង នី មេឃុំ​កំពង់​ភ្លុក ដែល​បានរៀបចំ​កន្លែង​អុំទូក កាណូត​ដឹក​ភ្ញៀវ​ទេសចរ​ និង​ទីតាំង​លក់ដូរ​រួម សម្រាប់​ពលរដ្ឋ​ក្នុង​សហគមន៍​។​
 
​មេឃុំ​រូបនេះ បាន​អះអាង​ដូច្នេះ​ថា​៖«​ក្រោយពី​យើង​បាន​អំណាច​ពី​ពលរដ្ឋ ពីព្រោះ​ពួកគាត់​ជា​អ្នក​លើក​ឱ្យ​យើង​ជា​ប្រធាន​ក្រុមប្រឹក្សាឃុំ យើង​ត្រូវ​បម្រើសេវា​សាធារណៈ​ជូន​ពួកគាត់ និង​រក​ផលប្រយោជន៍​ជូន​ពួកគាត់​»​។ 
 
​ជា​បន្ត​សូម​លោក​-​អ្នកនាង​ស្ដាប់​កិច្ចសម្ភាសន៍​រវាង​លោក រំដួល ចិ​ត្រា អ្នកសារព័ត៌មាន​ថ្មីៗ និង​លោក នឹង នី មេឃុំ​កំពង់​ភ្លុក ស្ថិតនៅ​ស្រុក​ប្រាសាទបាគង ខេត្តសៀមរាប ដូចតទៅ​៖



 
​ឃុំ​កំពង់​ភ្លុក​មាន​ប្រជាពលរដ្ឋ​ចំនួន ៨៦៤​គ្រួសារ ស្មើនឹង​៣៦៤៦​នាក់​។ ស្ថានភាព​រស់នៅ​របស់​ប្រជាពលរដ្ឋ​ក្នុង​ឃុំ​កំពង់​ភ្លុក គឺ​៧០​ភាគរយ​ជា​អ្នកនេសាទ ,២៥​ភាគរយ​ជា​អ្នកបើក​កាណូត​និងទូក​ដឹក​ភ្ញៀវ និង​៥​ភាគរយ​ទៀត ជាជាង​ជួសជុល​កាណូត និង​លក់ដូរ​ប​ន្តិ​ច​បន្តួច​។ តាម​ការបញ្ជាក់​របស់​លោក​មេឃុំ​កំពង់​ភ្លុក ប្រជាពលរដ្ឋ​ក្នុង​ឃុំ​របស់លោក ​កម្រ​មាន​អ្នក​ចំណាកស្រុក​ណាស់ ព្រោះថា​ពួកគេ​មាន​មុខរបរ​ត្រឹមត្រូវ​នៅក្នុង​មូលដ្ឋាន ដែល​អាច​ផ្គត់ផ្គង់​គ្រួ​សារបាន​សមរម្យ​។ 
 
​ភូមិ​កំពង់​ភ្លុក​ បាន​ក្លាយជា​គោលដៅ​ទេសចរណ៍ធម្មជាតិ​សំខាន់ នៅក្នុង​ខេត្តសៀមរាប ដែល​អាចទាក់ទាញ​ភ្ញៀវទេសចរ​ច្រើន​ម៉ឹ​ន​នាក់​ ពីមួយ​ឆ្នាំទៅ​មួយឆ្នាំ​។ តួលេខ​នៅ​ឆ្នាំ​២០១៧​កន្លងទៅ ភ្ញៀវទេសចរ​ជាតិ និង​អន្តរជាតិ ដែល​ចូលមក​កម្សាន្ត​ក្នុងភូមិ​ធម្មជាតិ​មួយ​នេះ សរុប​ទាំងអស់​មាន​ប្រមាណ ៩​ម៉ឺន​នាក់ ក្នុងនោះ​ទេសចរ​អន្ដរ​ជាតិ​មាន​ជាង ៦​ម៉ឺន​នាក់​។ 
 
​សព្វថ្ងៃនេះ សហគមន៍​កាណូត​ដឹក​ភ្ញៀវទេសចរ​មានជ័យ​កំពង់​ភ្លុក មាន​ប្រជាពលរដ្ឋ​សរុប ៨៧​នាក់ ដែល​គិត​ជា​ទូក​ទាំង​តូច​និង​ធំ មាន​ជាង ៦០០​គ្រឿង​។ សម្រាប់​កាណូត​ខ្នាតតូច មានតម្លៃ​២០​ដុល្លារ ចំណែក​ធំ មានតម្លៃ ៣៣​ដុល្លារ​។ ភ្ញៀវទេសចរ អាច​គយគន់​ទេសភាព​នៅតាម​ដង​ទន្លេ និង​ព្រែក ផ្ទះ​ផុត​ទឹក​ដែលមាន​សសរ​ពី​៦​ម៉ែត្រ ទៅ​៨​ម៉ែត្រ ឬ​ខ្ពស់ជាង​នេះ ស្ថានភាព​រស់នៅ​របស់​ពលរដ្ឋ និង​ការកម្សាន្ត​ដោយ​ជិះទូក​នៅតាម​ព្រៃ​លិច​ទឹក​​ជាដើម​៕
 

Tag:
 កំពង់​ភ្លុក​
  ទេសចរណ៍​
  បរិស្ថាន​
  បឹង​ទន្លេសាប​
  សំរាម
© រក្សាសិទ្ធិដោយ thmeythmey.com