ONE Championship
កីឡាជាតិ
ជាតិ
ចាន់ រតនា ថា​ចង់​ឡើង​ប្រកួត និង​បង្វឹក​សិស្ស​ឲ្យ​បាន​ច្រើន​នៅ​ឆ្នាំ ២០២០
17, Dec 2019 , 7:59 am        
រូបភាព
ដោយ​៖ ស៊ី​ធី​

​កំពូល​កីឡាករ​គុន​ចម្រុះ ចាន់ រតនា ដែល​ឈ្នះ​នៅ​សង្វៀន ONE Championship បី​លើក​ជាប់​គ្នា​ជា​ប្រវត្តិសាស្ត្រ​សម្រាប់​កម្ពុជា បាន​បង្ហើប​អំពី​គម្រោង​ចំនួន​ពីរ នៅ​ឆ្នាំ ២០២០​។ ផែនការ​ទី​១ ចង់​ទទួល​ការប្រកួត​បាន​ច្រើនជាង​ឆ្នាំ ២០១៩ នៅ​សង្វៀន ONE Championship និង​ទី​២ ពង្រឹងគុណភាព​ដល់​ការ​បង្វឹក​សម្រាប់​កូនសិស្ស​ឲ្យ​បាន​ខ្លាំងក្លា​។



 
១-​ផែនការ​ទៅ​ប្រកួត​បាន​ច្រើន​នៅ​ឆ្នាំ ២០២០៖
​ចាន់ រតនា បានដាក់​គោលដៅ​ចង់​ប្រកួត​៤​លើក​នៅ​សង្វៀន ONE Championship តាមតែ​អាចធ្វើ​ទៅបាន ព្រោះថា​ឆ្នាំ ២០១៩ កន្លងទៅ​រូបគេ​ប្រកួត​បានតែ ២ លើក​ប៉ុណ្ណោះ​។ ម្ចាស់​ក្លិប​សិល្បៈ​បាន​ថ្លែងថា​៖«​អ្វីដែល​ខ្ញុំ​ចង់បង្ហាញ គឺ ដាក់​គោលដៅ​ប្រកួត​ឲ្យ​បាន ៤​ដង​នៅ​ឆ្នាំ ២០២០​។ នេះ​ជាការ​គិត របស់ខ្ញុំ​បើសិន​មិនមាន​បញ្ហា​រាំងស្ទះ​នោះទេ​។ ប៉ុន្តែ​បំណង​ទាំងនេះ​ត្រូវ​រង់ចាំ​ចម្លើយ​អំពី​អ្នកចាត់ការ​របស់ខ្ញុំ ឬ អ្នក​ផ្គូផ្គង​របស់ខ្ញុំ​ដែរ​»​។ 


 
​បច្ចុប្បន្ននេះ រតនា បានដាក់​ចិត្ត​ដាក់​កាយ​ខំប្រឹងប្រែង​ហ្វឹកហាត់​ខ្លាំង​ជាង​មុន ដោយ​តែ​អាច​ប្រឈម​នឹង​គូប្រជែង​ខ្លាំងៗ​ទៅ​ថ្ងៃ​អនាគត និង​អាចជា​បេក្ខភាព​មួយ​ដណ្ដើម​ខ្សែក្រវាត់​ទៀតផង​។ គួរ​ដឹងថា ចាន់ រតនា ប្រឡូក​លើស​ង្វៀន​គុន​ចម្រុះ​ចំនួន ១០ លើក​ក្នុងនោះ ឈ្នះ ៧ ដង និង ចាញ់ ៣ ដង​បន្ទាប់ពី​កីឡាករ​ជំនាញ​យុទ្ធ​គុនខម​រូបនេះ​ប្រឡូក​លើស​ង្វៀន​គុន​ចម្រុះ​តាំង​ឆ្នាំ​២០១៥​មក​។ ក្នុង​កំណត់ត្រា​ដ៏​អស្ចារ្យ​មិន​ធ្លាប់មាន ម្ចាស់​ក្លិប «​សិល្បៈ​» ឈ្នះ​៣​លើក​ជាប់​គ្នា​នៅ​សង្វៀន ONE ដោយ​វាយ​កីឡាករ​ឥណ្ឌូណេស៊ី ពីររូប Abro Fernandez និង Rudy Agustian ត្រឹម​ទឹក​ទី​២ មុនពេល​ឈ្នះ​ពិន្ទុ ជើង​ខ្លាំង​ជំនាញ​ចំបាប់​គុយបា Gustavo Balart នា​ពាក់​កណ្ដាលខែ សីហា កន្លងទៅ​នៅ​កម្មវិធី ONE:DREAMS OF GOLD នៅ​ប្រទេស​ថៃ​។ 

២-​ដាក់​ផែនការ​ពង្រឹងគុណភាព​នៅ​ក្លិប​៖
​ក្រៅពី​ហ្វឹកហាត់​ខ្លួនឯង​ត្រៀម​ប្រកួត ចាន់ រតនា បាន​យក​ពេល​ប្រចាំថ្ងៃ​ដើម្បី​ពង្រឹង​ក្លិប​របស់ខ្លួន​ទៀតផង និង បន្ត​បេសកកម្ម​នេះ​ឲ្យ​បានល្អ​ថែមទៀត​នៅ​ឆ្នាំ ២០២០ ខាងមុខ​។ ក្លិប​«​សិល្បៈ​» គឺជា​កម្មសិទ្ធិ​របស់ អ្នកលេង​គុន​ចម្រុះ​ល្បីឈ្មោះ ចាន់ រតនា ដែល​បាន​ប្ដូរ​ទៅកាន់​ទីតាំង​ថ្មី​ផ្ទះ​លេខ​១០៩ ផ្លូវ ១៣ BT សង្កាត់​បឹងទំពន់​១​ខណ្ឌមានជ័យ រាជធានី​ភ្នំពេញ (​ទល់មុខ​នឹង Phnom Penh Sports Club ផ្លូវ​២៧១)​កាល​ដើមខែ កញ្ញា​កន្លងទៅ​។​
 
 ចំណែក​ទីតាំង​ជួល​ក្លិប​ចាស់​ស្ថិត​នៅក្បែរ សារមន្ទីរ​ឧក្រិដ្ឋកម្ម​ប្រល័យពូជសាសន៍​ទួលស្លែង​នោះបាន​ផុត​កិច្ចសន្យា​ត្រឹម​ខែ សីហា បន្ទាប់ពី​ដំណើរការ​ឲ្យ​ហ្វឹកហាត់​និង​រស់នៅ​រយៈពេល ៣ ឆ្នាំ​។ ការផ្លាស់ប្ដូរ​ទៅ​ទីតាំង​ថ្មី​នេះ​ត្រូវបាន រតនា បង្ហើប​ថា កូនសិស្ស​មិន​ថមថយ​នោះទេ​ពោល នៅ​ថេរ​ត្រឹម​ចន្លោះ​ពី ៤០ ទៅ ៥០​នាក់​ជាប្រចាំ​ថ្ងៃ​។ កូនសិស្ស​ភាគច្រើន​ជា​អ្នក​មក​ហ្វឹកហាត់​ដើម្បី​សុខភាព​។ 


 
​កីឡាករ​វ័យ​៣៣​ឆ្នាំ និង​ជា​ម្ចាស់​ក្លិប​រូបនេះ​បញ្ជាក់ថា​៖«​ខ្ញុំ​ផ្ដោតលើ​គុណភាព​បន្ថែមទៀត​ដល់​កូនសិស្ស​ដើម្បី​ឲ្យ​ពួកគាត់​ពេញចិត្ត​សេវាកម្ម​របស់​ពួក​ខ្ញុំ​។ ខ្ញុំ​គិតថា​យុវវ័យ​ឥឡូវ​យល់ដឹង​អំពី​សុខភាព​ច្រើន​។ ហើយ​ក្លិប​របស់ខ្ញុំ​ក៏​មិន​ធ្វើ​ឲ្យ​បងប្អូន​ខកបំណង​ដែរ​បើសិន​ចង់​មក​ទទួល​ការហ្វឹកហាត់​គុន​ខ្មែរ​។ បងប្អូន​អាច​យល់ដឹង​អំពី​គុន​ខ្មែរ​ផង​និង​ទទួលបាន​សុខភាព​ផង​។ ហើយ​បង្ហាត់​ដោយ​គ្រូ​ជំនាញៗ​ចំនួន ៤​នាក់​»​។ 
 
​កុំ​ភ្លេច​ទស្សនា កម្មវិធី​បន្ទាប់​របស់​ស្ថាប័ន ONE Championship សូម​ទស្សនា ONE: A NEW TOMORROW នៅ​ថ្ងៃទី ១០ ខែ មករា ចាប់ពី​វេលា​ម៉ោង ៧ ល្ងាច​តទៅ​ដែលមាន​ផ្សាយ​ផ្ទាល់​តាមរយៈ Facebook, Twitter, YouTube,​និង  ONE Super App៕ 
 

© រក្សាសិទ្ធិដោយ thmeythmey.com