ភ្នំពេញ ថ្ងៃទី១៤ ខែធ្នូ ឆ្នាំ២០១៩៖ សិស្សានុសិស្សវ័យក្មេងរបស់កម្ពុជា និងមាតា-បិតារបស់ក្រុមសិស្សទាំងនោះ បានមកជួបជុំគ្នានៅថ្ងៃនេះ នៅអគារ Raintree ដើម្បីចូលរួមក្នុងពិធីបញ្ចប់វគ្គសិក្សាជាផ្លូវការរបស់ពួកគេ និងដើម្បីបង្ហាញពីគម្រោងបច្ចេកវិទ្យារបស់ខ្លួន ក្នុងកម្មវិធីអបអរនូវការបញ្ចប់យ៉ាងជោគជ័យទៅលើកម្មវិធីសិក្សារបៀបបង្កើតកូដ ហៅថា Tiny Coding Cats។
Raintree ដែលជាការិយាល័យអភិវឌ្ឍអ្នកបង្កើតគំនិតច្នៃប្រឌិតដំបូងគេរបស់កម្ពុជា ដែលមានបំណងក្លាយជាកន្លែងបណ្តុះបណ្តាលមួយ សម្រាប់ការកសាងសមត្ថភាពលើវិស័យអប់រំ និងបច្ចេកវិទ្យានោះ បានចាប់ដៃគូជាមួយនឹង Saturday Kids (សិង្ហបុរី) លើការបង្កើតកម្មវិធីសាកល្បងជាច្រើន ដើម្បីផ្តល់ការបណ្តុះបណ្តាលលើជំនាញឌីជីថល សម្រាប់សិស្សានុសិស្សកម្ពុជា។ កម្មវិធីនេះ ត្រូវបានឧបត្ថម្ភគាំទ្រដោយក្រុមហ៊ុន Smart Axiata ក្នុងនាមជាផ្នែកមួយនៃការប្តេជ្ញាចិត្តរបស់ក្រុមហ៊ុននេះ ដើម្បីធ្វើទំនើបកម្មប្រទេសកម្ពុជា តាមរយៈការអប់រំប្រព័ន្ធឌីជីថល។
ក្រោយពីបានចាប់ផ្តើមដំណើរការ កាលពីខែតុលា ឆ្នាំ២០១៩ កម្មវិធី Tiny Coding Cats គឺជាកម្មវិធីបង្រៀនពីជំនាញបង្កើតកូដ រយៈពេល៦សប្តាហ៍មួយ ដែលត្រូវបានបង្កើតឡើង សម្រាប់សិស្សានុសិស្សវ័យក្មេងរបស់កម្ពុជា ដែលមានអាយុចន្លោះពី ៨ ទៅ១២ឆ្នាំ ដើម្បីក្លាយជាអ្នកសិក្សាដែលចង់ចេះចង់ដឹង មានភាពឆ្លាតវៃ និងមានការលើកទឹកចិត្តខ្លួនឯង។ កម្មវិធីសិក្សាមួយនេះ រាប់បញ្ចូលទាំង មូលដ្ឋានគ្រឹះនៃវិទ្យាសាស្ត្រកុំព្យូទ័រជាមូលដ្ឋានផងដែរ ដូចជា Loops (កម្មវិធីសារឡើងវិញ), Cloning (ការចម្លងកម្មវិធី), Broadcast (ការបញ្ជូនសំណុំឯកសារ) និង Sensing (កម្មវិធីដឹងដោយស្វ័យប្រវត្តិ)។ ក្នុងពេលបញ្ចប់មេរៀននីមួយៗសិស្សានុសិស្សទាំងអស់ បានឃើញពីរបៀបដែលគម្រោងរបស់ពួកគេអាចកើតឡើង តាមរយៈការអនុវត្តកម្មវិធីកូដរបស់ពួកគេ។ សិស្សានុសិស្សទាំងអស់ អាចបង្កើតរឿងរ៉ាវផ្សេងៗរបស់ខ្លួនជាគំនូជីវចល និងហ្គេមផ្សេងៗដោយខ្លួនឯង ហើយបន្ទាប់មកស្នាដៃរបស់ពួកគេ អាចនឹងត្រូវចែករំលែកជាមួយសិស្សផ្សេងទៀត ដើម្បីសហការគ្នាទៅលើគម្រោងតែមួយ។
តាមរយៈការប្រើប្រាស់កម្មវិធីភាសា Scratch កម្មវិធីនេះ ត្រូវបានបង្កើតឡើងជាពិសេសសម្រាប់សិស្សានុសិស្សកម្ពុជា ក្នុងការប្រើប្រាស់ទាំងភាសាខ្មែរ និងអង់គ្លេស ជាមធ្យោបាយមួយក្នុងការបង្រៀន ដែលនេះជាកិច្ចខិតខំប្រឹងប្រែងមួយ ក្នុងការជំរុញលើជំនាញដោះស្រាយបញ្ហា និងជំនាញលើការវិភាគ សម្រាប់សតវត្សរ៍ទី២១។
ទាក់ទងនឹងមូលហេតុដែលកម្មវិធីកូដ បង្កើតឲ្យមានផ្លាតហ្វមដ៏ល្អឥតខ្ចោះមួយក្នុ ងការបណ្តុះជំនាញទាំងនេះ កញ្ញា Nora Viblanc ដែលជាគ្រូបង្រៀនម្នាក់ក្នុងកម្មវិធីនេះ បានមានថ្លែងថា៖ «ជារួម កម្មវិធីនេះផ្តោតលើការធ្វើឲ្យមានភាពច្បាស់លាស់ លើការពិចារណា និងការគិតប្រកបដោយភាពត្រឹមត្រូវ។ ដំណើរការនៃកម្មវិធីសិក្សាពីកូដនេះ តម្រូវឲ្យយើងដោះស្រាយបញ្ហាផ្សេងៗ តាមរយៈការបំបែកបញ្ហាប្រឈមដ៏ស្មុគស្មាញទាំងនោះ ឲ្យទៅជាបញ្ហាតូចៗ ដែលអាចគ្រប់គ្រងបាន បន្ទាប់មកចាប់ផ្តើមលុបចោលបញ្ហាទាំងនោះជាជំហានៗ តាមរបៀបជាយុទ្ធសាស្ត្រ ហេតុនេះសិស្សានុសិស្សទាំងអស់ នឹងធ្វើឲ្យជំនាញវិភាគរបស់ពួកគេ កាន់តែល្អប្រសើរឡើង»។
អ្នកស្រី Urvi Doshi នាយកផ្នែកយុទ្ធសាស្ត្រនៅ Saturday Kids បានឲ្យដឹងថា៖«ក្នុងកម្មវិធី Tiny Coding Cats យើងមិនវាស់វែងលើភាពជោគជ័យ តាមរយៈការរាប់ចំនួនអ្នកដែលចេះបង្កើតកម្មវិធី ដែលយើងបណ្តុះបណ្តាលបានឡើយ ប៉ុន្តែយើងផ្អែកទៅលើចំនួនសិស្ស ដែលមានការរំភើប ចង់ចេះចង់ដឹង និងមានការលើកទឹកចិត្តជាងមុន លើការសិក្សារៀនសូត្រ បន្ទាប់ពីទទួលបានបទពិសោធពីថ្នាក់សិក្សារបស់យើង»។
កញ្ញាបានបន្ថែមទៀតថា៖ «យើងឲ្យតម្លៃទៅលើដំណើរការ នៃការសិក្សារៀនសូត្រ ជាងផលិតផលចុងក្រោយ។ ការបរាជ័យ ត្រូវបានចាត់ទុកថា ជាការរៀបចំខ្លួនជាថ្មី។ វាហាក់ដូចជាជីវិតពិតអញ្ចឹង ខណៈដែលយើងទាំងអស់គ្នា កំពុងតែធ្វើរឿងជាច្រើនដោយខ្លួនឯង កំពុងតែបរាជ័យ កំពុងតែដោះស្រាយបញ្ហាដែលបានដំណើរការខុស និងកំពុងតែព្យាយាមម្តងទៀត។ យើងលើកទឹកចិត្តឲ្យកុមារា-កុមារី ជម្នះឧបស័គ្គផ្សេងៗដោយខ្លួនឯង ទទួលយកបទពិសោធផ្សេងៗ និងមានភាពក្លាហានក្នុងការទទួលបរាជ័យ ក្នុងចន្លោះសុវត្ថិភាពមួយ ជាងការបង្កើតគម្រោងដ៏ល្អឥតខ្ចោះជាច្រើន។ វាគឺជាមេរៀនដែលត្រូវបានសិក្សា តាមរយៈបទពិសោធបែបនេះ ដែលនឹងជួយដុសខាត់ពួកគេ ឲ្យទៅជាអ្នកសិក្សាដ៏រឹងមាំក្នុងជីវិត»។
កម្មវិធីនេះ បានស្វាគមន៍សិស្សានុសិស្ស ដែលមានប្រវត្តិរូបផ្សេងៗគ្នា ក្នុងកិច្ចខិតខំប្រឹងប្រែងមួយ ក្នុងការផ្តល់ឱកាសផ្សេងៗ សម្រាប់រាល់ក្រុមគ្រួសារទាំងអស់ ក៏ដូចជាយល់ច្បាស់ ពីសារសំខាន់នៃមុខវិជ្ជាឌីជីថលអន្តរជាតិ ដែលយកទៅបង្រៀនដល់សិស្សានុសិស្សខ្មែរ។
លោក Andrey Kuzin ប្រធានផ្នែកបច្ចេកទេសនៅក្រុមហ៊ុន Smart Axiata បានមានប្រសាសន៍ថា៖ «យើងមើលឃើញពីសារសំខាន់ នៃការបណ្តុះបណ្តាលសិស្សានុសិស្សវ័យក្មេងរបស់កម្ពុជា ក្នុងវ័យកុមារភាព លើមុខវិជ្ជាបង្កើតកូដ និងបង្កើតកម្មវិធី។ យើងជឿជាក់ថា មុខវិជ្ជានេះ អាចជួយបង្កើនការចង់ចេះចង់ដឹង និងការស្រមៃគិតរបស់ពួកគេ ដើម្បីអភិវឌ្ឍការចាប់អារម្មណ៍របស់ពួកគេបន្ថែមទៀត លើការសិក្សារយៈពេលដ៏វែងក្នុងជីវិត ក៏ដូចជាលើកទឹកចិត្តលើការប្រើប្រាស់បច្ចេកវិទ្យាក្នុងវិស័យអប់រំ។ យើងសង្ឃឹមថា កុមារា-កុមារីទាំងនេះ នឹងបន្តអភិវឌ្ឍលើមុខវិជ្ជាដែលពួកគេបានសិក្សារៀនសូត្រ អំឡុងពេលនៃកម្មវិធីនេះ និងអភិវឌ្ឍបន្ថែមទៀត លើទេពកោសល្យឌីជីថល ក៏ដូចជាការបង្កើតកូដដោយខ្លួនឯង នៅពេលដែលពួកគេមានវ័យកាន់តែច្រើន»។
ស្របពេលដែលសេដ្ឋកិច្ចកំពុងតែអភិវឌ្ឍឥតឈប់ឈរ និងភាពមិនច្បាស់ជុំវិញអនាគតនៃវិស័យការងារ កម្ពុជា កំពុងតែត្រូវការធនធានមនុស្សជាលំដាប់។ កញ្ញា Urvi បានបន្ថែមទៀតថា៖ «អ្វីដែលយើងអាចធានាបានគឺថា ការចង់ចេះចង់ដឹង និងការមានពោរពេញដោយចំណេះដឹង នឹងតែងតែជាទ្រព្យសម្បត្តិដ៏មានតម្លៃសម្រាប់កុមារ និងយុវជន ដែលត្រូវតែប្រកាន់ភ្ជាប់ ពីព្រោះទេពកោសល្យទាំងនេះ នឹងជួយឲ្យពួកគេត្រៀមខ្លួនរួចរាល់ក្នុងការសិក្សាលើមុខវិជ្ជាដែលពួកគេនឹងត្រូវតែសិក្សា»។
នេះគឺជាចំណុចដែលធ្វើឲ្យកម្មវិធីនេះ មានសារសំខាន់ជាពិសេស ស្របពេលក្នុងកម្មវិធី Tiny Coding Cats សិស្សានុសិស្សទាំងអស់ មិនត្រឹមតែរៀនពីការកម្មវិធីកូដឡើយ ប៉ុន្តែ ពួកគេក៏បង្កើតកូដដើម្បីរៀន ដើម្បីចង់ចេះចង់ដឹង និងមានភាពឆ្លាតវៃ និងដើម្បីត្រៀមខ្លួនរួចរាល់សម្រាប់បញ្ហាប្រឈមក្នុងជីវិត សម្រាប់សតវត្សរ៍ទី២១៕
(អត្ថបទពាណិជ្ជកម្ម)