ភ្នំពេញ៖ រយៈពេល២ឆ្នាំហើយ ដែលរដ្ឋាភិបាល បានអនុវត្តគោលនយោបាយជួយទ្រទ្រង់ដល់ស្ត្រីមានផ្ទៃពោះ ដែលចំណាយថវិកាជាង១៣លានដុល្លារអាមេរិក។ នេះជាការអះអាងរបស់សម្ដេចនាយករដ្ឋមន្ត្រី ហ៊ុន សែន នៅក្នុងពិធីចែកសញ្ញាបត្រដល់និស្សិតពេទ្យ នៅព្រឹកថ្ងៃទី១៦ ធ្នូ។
នាយករដ្ឋមន្ត្រី ហ៊ុន សែន បាននិយាយថា ក្នុងរយៈពេល២ឆ្នាំនេះ ពោលគិតចាប់ពីឆ្នាំ២០១៨មក គឺមានស្ត្រីពពោះចំនួន១៣,៨៩១នាក់ ដែលបានផ្ដល់កំណើតកូន ១៣ ,៩៥៥នាក់ ។រដ្ឋាភិបាលបានចំណាយថវិកាជាង៥៥ពាន់លានរៀល ដែលស្មើជាង១៣លានដុល្លារ សម្រាប់ជួយទ្រទ្រង់ពួកគេ។
កន្លងមករដ្ឋាភិបាល បានដាក់ចេញគោលនយោបាយផ្ដល់ថវិកា ជួយដល់កម្មកររោងចក្រ និងមន្ត្រីរាជការជាស្ត្រី ដែលមានផ្ទៃពោះ។ សម្រាប់ស្ត្រីបម្រើការងារក្នុងក្របខណ្ឌកងកម្លាំងប្រដាប់អាវុធ និងមន្ត្រីរាជការស៊ីវិល ទទួលបានថវិកា៨០ម៉ឺនរៀល នៅពេលសម្រាលកូន។ ចំណែកកម្មការិនីរោងចក្រ ដែលសម្រាលកូន១នាក់ ទទួលបានថវិកា៤០ម៉ឺនរៀល ,កូនភ្លោះទទួលបានថវិកា៨០ម៉ឺនរៀល និងកូនភ្លោះបី ទទួលបាន១លាន ២សែនរៀល។ បើតាមសម្ដេច ហ៊ុន សែន រដ្ឋាភិបាលត្រៀមថវិកា១០លានដុល្លារក្នុងមួយឆ្នាំ សម្រាប់ទ្រទ្រង់កម្មការិនីមានផ្ទៃពោះនេះ ។
សូមស្ដាប់សំឡេងនាយករដ្ឋមន្ត្រី៖
ទាក់ទងនឹងស្ត្រីមានផ្ទៃពោះដដែលនេះ រដ្ឋាភិបាលក៏បានដាក់ចេញកម្មវិធីឧបត្ថម្ភថវិកាមួយទៀត ដល់ស្រី្តមានផ្ទៃពោះ និងកុមារក្រោម២ឆ្នាំនេះ ដោយផ្ដោតលើការយកចិត្តទុកដាក់ចំពោះស្រី្តមានផ្ទៃពោះ នៃគ្រួសារក្រីក្រ ក្នុងគោលបំណងលើកម្ពស់អាហារូបត្ថម្ភរបស់កុមារ និងជំរុញការលូតលាស់ទាំងកាយសម្បទា និងបញ្ញាស្មារតី ។ គម្រោងនេះ ភ្ជាប់ជាមួយនឹងលក្ខខណ្ឌនៃការទទួលសេវាសុខភាពនៅតាមមូលដ្ឋានសុខាភិបាល។
គម្រោងផ្ដល់ប្រាក់ឧបត្ថម្ភនេះ បានចាប់ផ្ដើមអនុវត្តតាំងពីខែមិថុនា ឆ្នាំ២០១៩មកម្ល៉េះ ។ បើតាមសម្ដេច ហ៊ុន សែន ការផ្ដល់ថវិកាឧបត្ថម្ភនេះ មានការបែងចែកជា៣ដំណាក់កាល រួមមាន៖ ដំណាក់កាលទី១ ស្ត្រីដែលទទួលសេវាពិនិត្យផ្ទៃពោះ ៤ដង មុនពេលសម្រាលកូន ពួកគេនឹងទទួលបានប្រាក់ឧបត្ថម្ភចំនួន ៤ម៉ឺនរៀលក្នុង១ដង។
ចំណែកដំណាក់កាលទី២ ពោលគឺនៅពេលសម្រាលកូនរួច ស្ត្រីទាំងនោះនឹងទទួលបានប្រាក់ឧបត្ថម្ភ២០ម៉ឺនរៀល។ រីឯដំណាក់កាលទី៣នោះ ស្ត្រីដែលសម្រាលកូនហើយ នឹងទទួលបានប្រាក់ឧបត្ថម្ភ៤ម៉ឺនរៀល ក្នុង១ម្ដង នៅពេលទៅពិនិត្យសុខភាព ក្រោយពេលសម្រាល ដែលមានអទិភាពចំនួន៤ដង និងសម្រាប់ការនាំកូនមកចាក់ថ្នាំបង្ការចំនួន៦ដង រហូតដល់អាយុ២ឆ្នាំ។
ស្រី្តមានផ្ទៃពោះ និងកុមារអាយុក្រោម២ឆ្នាំ ដែលមានប័ណ្ណសមធម៌ និងមានកាន់ប័ណ្ណ Post-ID របស់ក្រសួងសុខាភិបាល នឹងទទួលបានប្រាក់ឧបត្ថម្ភជិត៨០ម៉ឺនរៀល ទោះបីស្រី្តនោះជាកម្មករនិយោជិតក្តី។ នេះជាការបញ្ជាក់របស់លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ដែលបានបន្ថែមថា ថវិកាបានចំណាយថវិកាជាង១០ពាន់លានរៀល ដែលស្មើជាង២លានដុល្លារហើយ សម្រាប់ជួយស្ត្រីក្រីក្រមានផ្ទៃពោះនេះ៕