អន្តរជាតិ
ឥណ្ឌូណេស៊ី ប្តឹងអឺរ៉ុបទៅអង្គការពាណិជ្ជកម្មពិភពលោក ជុំវិញបញ្ហាប្រេងដូង រូបភាព៖ Reuters
× ឥណ្ឌូណេស៊ី បានដាក់ពាក្យបណ្តឹងទៅអង្គការពាណិជ្ជកម្មពិភពលោករួចហើយ ដើម្បីប្រឆាំងទៅនឹងការហាមឃាត់របស់សហភាពអឺរ៉ុបជុំវិញការនាំចូលប្រេងដូង។ នេះបើតាមការអះអាងរបស់រដ្ឋមន្ត្រីពាណិជ្ជកម្ម Agus Suparmanto នៅថ្ងៃទី១៥ ខែធ្នូ។
បើសិនគ្មានការប្រែប្រួលទេ អឺរ៉ុប នឹងបញ្ឈប់ការបញ្ជាទិញប្រេងដូងពីឥណ្ឌូណេស៊ីចាប់ពីឆ្នាំ ២០៣០តទៅ។ តាមរយៈការបញ្ឈប់នេះ សហភាពអឺរ៉ុប បានចោទឥណ្ឌូណេស៊ី បានកាប់បំផ្លាញព្រៃឈើជាច្រើនពាន់ហិចតា ដើម្បីយកដីដាំដូងប្រេង។ មុនការហាមឃាត់នេះ អឺរ៉ុបក៏ធ្លាប់បានដាក់សំណើឲ្យឥណ្ឌូណេស៊ី កម្រិតនៃទំហំដីដាំដូងប្រេងផងដែរ ក្នុងគោលបំណងទប់ស្កាត់ការកាប់បំផ្លាញព្រៃឈើកាន់តែខ្លាំងឡើង។
ជាការឆ្លើយតប ភាគីឥណ្ឌូណេស៊ី បានហៅវិធានការរបស់សហភាពអឺរ៉ុបថា «គោលនយោបាយរើសអើង»ដែលប្រឆាំងលើការនាំចេញផលិតផលប្រេងដូងដ៏សំខាន់របស់ខ្លួន។ ពាក់ព័ន្ធនឹងបញ្ហានេះ ឥណ្ឌូណេស៊ីបានដាក់ពាក្យបណ្តឹងរួចហើយទៅអង្គការពាណិជ្ជកម្មពិភពលោក ដើម្បីប្រឆាំងអឺរ៉ុប។
បើតាមសេចក្តីថ្លែងការណ៍នៅថ្ងៃទី១៥ ខែធ្នូ រដ្ឋមន្ត្រីពាណិជ្ជកម្ម Agus Suparmanto គូសបញ្ជាក់ថា៖ «ឥណ្ឌូណេស៊ី បានផ្ញើសំណើសុំពិគ្រោះយោបល់ជាផ្លូវការរួចហើយនៅថ្ងៃទី៩ ខែធ្នូ ទៅអង្គការពាណិជ្ជកម្មពិភពលោក ដែលជាជំហានដំបូងបំផុតនៃការចាប់ផ្តើមនីតិវិធីរឿងក្តី»។ នេះបើតាមការចុះផ្សាយរបស់ទីភ្នាក់ងារព័ត៌មាន AFP។
ក្រៅពីឥណ្ឌូណេស៊ី ដែលជាប្រទេសនាំចេញប្រេងដូងទីមួយនៅលើពិភពលោក ម៉ាឡេស៊ី ដែលជាប្រទេសនាំចេញប្រេងដូងទីពីរក្នុងពិភពលោកដែរនោះ ក៏បានព្រមានដាក់ពាក្យប្តឹងសហភាពអឺរ៉ុប ទៅអង្គការពាណិជ្ជកម្មពិភពលោកផងដែរ។ ដោយករណីរបស់ម៉ាឡេស៊ី ក៏មានលក្ខណៈដូចគ្នាទៅនឹងឥណ្ឌូណេស៊ីផងដែរ។ ពោលគឺ អឺរ៉ុបក៏បានបញ្ឈប់ការបញ្ជាទិញប្រេងដូងពីម៉ាឡេស៊ីផងដែរ ដោយផ្អែកទៅលើមូលហេតុនៃការកាប់បំផ្លាញព្រៃឈើ។
សូមបញ្ជាក់ថា ប្រេងដូង គឺជាប្រភេទប្រេងម្យ៉ាង ដែលត្រូវបានគេយកទៅប្រើប្រាស់យ៉ាងសម្បូរបែប។ ក្នុងនោះ វាគឺជាប្រភេទប្រេង ដែលត្រូវបានគេយកទៅផលិតជាគ្រឿងផ្សំម្ហូបអាហារ រហូតដល់ផលិតផលសំអាងផ្សេងៗ។ បើតាមអ្នកបរិស្ថាននិយម ដូងប្រេង គឺជាមូលហេតុដ៏ចំបងមួយ ដែលបានជំរុញឲ្យមានការកាប់បំផ្លាញព្រៃឈើយ៉ាងខ្លាំង នៅក្នុងតំបន់អាស៊ីអាគ្នេយ៍ ៕
Tag:
ឥណ្ឌូណេស៊ី
សហភាពអ៊ឺរ៉ុប
© រក្សាសិទ្ធិដោយ thmeythmey.com