ជាតិ
បទយកការណ៍ / បទសម្ភាសន៍
យុវតី ជិន ស្រី​អយុធ្យា ចេះ​សរសេរ​អក្សរ​ខ្មែរ​បុរាណ ៣​សម័យកាល
17, Dec 2019 , 8:59 am        
រូបភាព
​ភ្នំពេញ​៖ ក្រៅពី​មាន​ជំនាញ​គំនូរ​បុរាណ យុវតី ជិន ស្រី​អយុធ្យា ចេះ​សរសេរ​អក្សរ​បុរាណ​ខ្មែរ​ដល់​ទៅ ៣​សម័យកាល គឺ សម័យមុន​អង្គរ សម័យអង្គរ និង​ក្រោយ​អង្គរ​។ យុវតី​វ័យ ១៨​ឆ្នាំ​រូបនេះ កំពុង​បន្ត​ការសិក្សា ផ្នែក​រចនា​ក្រាហ្វិក នៅ សាកលវិទ្យាល័យ​ភូមិន្ទ​វិចិត្រសិល្បៈ ក្រោយ​បញ្ចប់​ថ្នាក់​គំនូរ​បុរាណ នៅ​សាលា​មធ្យម​វិចិត្រសិល្បៈ​។  ជា​វិចិត្រករ​គំនូរ​បុរាណ ដ៏​មាន​ទេពកោសល្យ​ម្នាក់ យុវតី​សម្បុរ​ស្រអែម​រូបនេះ ទទួលបាន​ការគាំទ្រ​យ៉ាងច្រើន ក្រោយ​នាង​បាន​ផ្សព្វផ្សាយ​ស្នាដៃ​គំនូរ​បុរាណ ខ្មុក​ស្មាច់ និង​អក្សរ​បុរាណ នៅលើ​បណ្តាញ​សង្គម​ហ្វេ​ស​ប៊ុ​ក​។ ការគាំទ្រ​ដ៏​ច្រើន​នេះ បាន​ជំរុញ​ឲ្យ​អយុធ្យា កាន់តែ​ខិតខំ​ឈ្វេងយល់ និង​ហ្វឹកហាត់សរសេរ​អក្សរ​បុរាណ និង​កំពុង​ចែករំលែក​ចំណេះដឹង​នេះ​ជា​បន្តបន្ទាប់​ដល់​យុវជន​ជំនាន់​ក្រោយ​ទៀតផង​។



 
អត្ថបទទាក់ទង


​សូម​អញ្ជើញ​ទស្សនា​វីដេអូ​ដូចខាងក្រោម​៖
 
 
​មាន​យុវជន​ខ្មែរ​វ័យក្មេង​មិន​ច្រើន​ឡើយ ដែល​អាច​អាន និង​សរសេរ​អក្សរ​ខ្មែរ​បុរាណ​បាន​។ យុវតី ជិន ស្រី​អយុធ្យា ចេះ​សរសេរ​អក្សរ​បុរាណ​ដល់​ទៅ ៣​សម័យកាល គឺ​សម័យមុន​អង្គរ សម័យអង្គរ និង​ក្រោយ​អង្គរ​។ មិនមែនជា​សិស្ស​និស្សិត​ជំនាញ​អក្សរសាស្ត្រ​ខ្មែរ ប៉ុន្តែ យុវតី ស្រី​អយុធ្យា វ័យ​១៨​ឆ្នាំ គឺជា​វិចិត្រករ​គំនូរ​បុរាណ​ដ៏​ចំណាន​ម្នាក់​។ បច្ចុប្បន្ន នាង​កំពុង​បន្ត​ការសិក្សា​ផ្នែក​រចនា​ក្រាហ្វិក នៅ​សាកលវិទ្យាល័យ​ភូមិន្ទ​វិចិត្រ​សិ​ល្បៈ​។​


 
​មាន​អាកប្បកិរិយា​សុភាព ស្ងប់ស្ងាត់ ស្រី​អយុធ្យា ដែលមាន​ឪពុក​ជា​សិល្បករ និង​ជា​អ្នក​ដឹក​ភាពយន្ត​ផង រៀបរាប់​ប្រាប់​សារព័ត៌មាន​ថ្មីៗ​២៥​ថា ការសរសេរ​អក្សរ​ខ្មែរ មាន​ក្បាច់ និង​ម៉ូដ របស់ខ្លួន​ស្រដៀង​នឹង​អក្សរ​បុរាណ​ខ្មែរ​នោះទេ​។ យុវតី ជិន ស្រី​អយុធ្យា លើកឡើង​ដូច្នេះ​ថា​៖«​កាល​ឆ្នាំ​២០១៧ ខ្ញុំ​រៀន​នៅ​សាលាធ​ម្យ​ម អ្នកគ្រូ​ហៅ​មេរៀន​លឿន​ពេក ហើយ​ខ្ញុំ​កត់​មិនទាន់​ទេ​។ ពេល​ហ្នឹង​ខ្ញុំ​សរសេរ​អក្សមា​ន​ក្បាច់ និង​ម៉ូដ​ហើយ​ខ្ញុំ​ថត​ផុស​លើ​បណ្ដាញ​សង្គម មានការ​សរសើរ និង​ចែករំលែក​ច្រើន​។ ខ្ញុំ​ឆ្ងល់ ក៏​ទៅ​សួរ​សិស្ស​ច្បង អក្សរ​ខ្ញុំ​ហ្នឹង​បែបណា បានជា​មានការ​ចាប់អារម្មណ៍​ច្រើន​? សិស្ស​ច្បង​ខ្ញុំ និយាយថា អក្សរ​ប្អូនឯង ដូច​អក្សរ​សម័យបុរាណ និង​កណ្ដាល​»​។​


 
​វិវឌ្ឍន៍​ពី​ការសរសេរ​អក្សរ​លេង និង​ផ្សព្វផ្សាយ​តាម​បណ្តាញ​សង្គម រហូត​អាច​សរសេរ​អក្សរ​ខ្មែរ​បុរាណ​បាន​ចាប់ពី​សតវត្សរ៍​ទី​៦ ដល់សតវត្សរ៍​ទី​១៣  យុវតី​ស្រអែម​ស្រស់​រូបនេះ  ពន្យល់ថា​នាង​ព្យាយាម​សិក្សា​អក្សរ​បុរាណ ព្រោះ​ចង់​បំផុសស្មារតី​យុវជន​ខ្មែរ​ជំនាន់​ក្រោយ ឲ្យ​ស្រឡាញ់​អក្សរ​ខ្មែរ ដ្បិត​នាង​បានឃើញ​យុវ​វជន​ជាច្រើន សរសេរ​ពាក្យ​ខ្មែរ​មិន​ត្រឹមត្រូវ​។ «​គោលបំណង​របស់ខ្ញុំ គឺ​ចង់យក​អ្វីដែល បុរាណ​ចាស់​ពីមុន មក​បំផុស​ឲ្យ​យើងទាំងអស់គ្នា បាន​ស្គាល់​។ ខ្ញុំ​ចូលចិត្ត​ចែករំលែក​។ ប្រសិនបើ​នរណាម្នាក់​ចង់ដឹង ចង់​រៀន​ពី​ការសរសេរ​អក្សរ ខ្ញុំ​អាច​ប្រាប់ និង​បង្រៀន​គាត់​បាន​»​។  យុវតី ជិន ស្រី​អយុធ្យា អះអាង​ដូច្នេះ​។​


 
​ចេះ​សរសរ​អក្សរ​បុរាណ​នៅលើ​ក្រដាស ឬ​ផ្ទាំងគំនូរ​ហើយ ស្រី​អយុធ្យា មានបំណង​រៀនសូត្រ​បន្ថែម​ពី​អក្សរ​បុរាណ និង​របៀប​សរសេរ​លើ​ស្លឹករឹត​បន្ថែមទៀត ព្រោះ​នាង​ចង់ ចារ​អក្សរ​របស់ខ្លួន​នៅលើ​ស្លឹករឹត​។ ទន្ទឹមនឹង​បំណង​នេះ យុវតី ជិន ស្រី​អយុធ្យា ក៏​ស្នើ​ឲ្យ​ក្រសួង​វប្បធម៌ និង​វិចិត្រសិល្បៈ គ្រឹះស្ថានសិក្សា​របស់​រដ្ឋ ឬ​ស្ថាប័ន​ពាក់ព័ន្ធ ដាក់​បង្ហាញ​ប្រភេទ​អក្សរ​បុរាណ ដើម្បី​ឲ្យ​សិស្សានុសិស្ស​បាន​ស្គាល់ និង​យល់​ពី​អក្សរ​បុរាណ​ខ្មែរ ដែល​ដូនតា​បាន​បន្សល់​ទុក​៕

Tag:
 ជិន អយុធ្យា​
  អក្សរ​បុរាណ
© រក្សាសិទ្ធិដោយ thmeythmey.com