ពីនេះ ពីនោះ
ព័ត៍មានសុខភាព
កុំ​រំលង​! ពណ៌​ទឹកនោម​អាច​បង្ហាញ​ឱ្យដឹង​អ្វីខ្លះ​ពី​សុខភាព​?
17, Dec 2019 , 8:59 pm        
រូបភាព
ដោយ: ថ្មីៗ
​ភាគច្រើន​នៃ​ពួកយើង​ប្រហែលជា​មិន​ធ្លាប់​ដឹង​ទេ​ថា​ពណ៌​ទឹកនោម​អាច​ចង្អុលបង្ហាញ​ឱ្យដឹងពី​ស្ថានភាព​នៃ​សុខភាព​។ ថា​តើ​ពណ៌​នៃ​ទឹកនោម​អាច​បង្ហាញ​ឱ្យដឹង​អ្វីខ្លះ​ពី​សុខភាព​របស់​អ្នក​?


 
​ខាងក្រោម​យើង នឹង​បង្ហាញ​ឱ្យដឹងពី​ប្រភេទ​នៃ​ពណ៌​ទឹកនោម ៖
 
១. លឿង​ស្លេក ឬ​លឿង​ស្រាល​

​ចូរ​ព្យាយាម​រក្សា​ឱ្យបាន​នូវ​ទឹកនោម​ពណ៌​បែបនេះ​! នោះ​ក៏​ព្រោះតែ​ទឹកនោម​ពណ៌​លឿង​ស្រាល ឬ​ស្លេក​មានន័យថា​រាងកាយ​រក្សាបាន​នូវ​កម្រិត​ជាតិ​ទឹក​ត្រឹមត្រូវ​គ្រប់គ្រាន់​។​
 
២. ទឹកនោម​ពណ៌​លឿងចាស់​

​ក៏​ជា​ពណ៌​ធម្មតា​នៃ​ទឹកនោម​ផងដែរ​។ ប៉ុន្តែ​ទោះជា​យ៉ាងណា​អ្នក​គួរ​ព្យាយាម​ទទួលទាន​ទឹក​ឱ្យបាន​ច្រើន​បន្តិចទៀត​។ ពណ៌​លឿង​នៃ​ទឹកនោម​មានន័យថា​អ្នក​ទទួលទាន​ទឹកបាន​ទាប​ជាង​កម្រិត​មធ្យម​ប៉ុណ្ណោះ​។​
 
៣. ពណ៌​លឿងទុំ​ដូច​មាស​

​ទឹកនោម​មាន​ពណ៌​បែបនេះ​មានន័យថា​អ្នកទទួល​ទាន​ទឹក​មិនទាន់បាន​គ្រប់គ្រាន់​។ ដូច្នេះ​ចូរ​ព្យាយាម​ទទួលទាន​ទឹក​បន្ថែម​។ ហើយ​ដើម្បី​ជាការ​ប្រសើរ​អ្នក​ក៏​គួរ​រួមបញ្ចូល​បន្លែ​ផ្លែឈើ​ក្នុង​របប​អាហារ​ផងដែរ​ក៏​ព្រោះ​វា​មាន​ផ្ទុក​សម្បូរ​ទៅដោយ​ជាតិ​ទឹក​បន្ថែម​ពីលើ​ជាតិ​សរសៃ វីតាមីន និង​ជាតិ​រ៉ែ​សំខាន់​។​
 
៤. ពណ៌​ត្នោត​

​រាងកាយ​កំពុង​ខ្វះ​ជាតិ​ទឹក​ខ្លាំង​ហើយ​ប្រសិនបើ​ទឹកនោម​ប្រែជា​ពណ៌​ត្នោត​។ ហើយ​វា​ក៏​ជា​រោគសញ្ញា​មួយ​នៃ​បញ្ហា​ថ្លើម ឬ​តម្រងនោម​ផងដែរ​។ ក្នុង​ករណីខ្លះ​ទឹកនោម​ពណ៌​ត្នោត​គ្មានអ្វី​គួរឱ្យ​ព្រួយបារម្ភ​ឡើយ​។ ការទទួល​ទាន​អាហារ ឬ​ថ្នាំ​មួយចំនួន​។​
 
៥. ផ្កាឈូក ឬ​ក្រហម​

​ពេលខ្លះ​ការទទួល​ទាន​អាហារ​ពណ៌​ក្រហម​ច្រើន​អាច​បណ្ដាលឱ្យ​ទឹកនោម​ប្រែជា​ពណ៌​ផ្កាឈូក ឬ​ក្រហម​។ ទោះជា​យ៉ាងណា​ទឹកនោម​មាន​ពណ៌​បែបនេះ​ក៏​ប្រហែល​បណ្ដាលមកពី​មាន​ឈាម​ក្នុង​ទឹកនោម​ដែល​អាច​បង្កឡើង​ដោយ​បញ្ហា​ក្រួស​ក្នុង​តម្រងនោម ឬ​ក្រពេញ​ប្រូ​ស្តា​តរីក​ធំ​ជាដើម​។​
 
៦. ពណ៌​ទឹកក្រូច​

​ការទទួល​ទាន​ឱសថ​មួយចំនួន​អាច​បណ្ដាលឱ្យ​ទឹកនោម​មាន​ពណ៌​ទឹកក្រូច​។ ហើយ​ការ​ទទួលទាន​អាហារ​ជ្រលក់​ពណ៌ ឬ​ភេសជ្ជៈ​មាន​ពណ៌​ទឹកក្រូច​ច្រើន​ក៏​ធ្វើឱ្យ​ទឹកនោម​មាន​ពណ៌​បែបនេះ​ដូចគ្នា​។ ទោះជា​យ៉ាងណា​អ្នកជំនាញ​ផ្នែក​សុខភាព​ជាច្រើន​និយាយថា​ពេលខ្លះ​ទឹកនោម​ពណ៌​ទឹកក្រូច​ជា​រោគសញ្ញា​មួយ​នៃ​បញ្ហា​ថ្លើម ឬ​ប្រមាត់​។​
 
៧. ពណ៌​បៃតង​

​ការទទួល​ទាន​អាហារ​ដែល​ជ្រលក់​ពណ៌​បៃតង ការទទួល​ទាន​ថ្នាំ​មួយចំនួន និង​ការឆ្លង​មេរោគ​ផ្លូវ​បង្ហូរ​នោម​សុទ្ធតែ​អាច​បណ្ដាលឱ្យ​ទឹកនោម​មាន​ពណ៌​បៃតង​។​
 
៨. ពណ៌​ខៀវ​

​អាច​លេចឡើង​ដោយសារ​ការទទួល​ទាន​អាហារ​ជ្រលក់​ពណ៌ ឬ​ភេសជ្ជៈ​ពណ៌​ខៀវ​ច្រើន​។ ទោះជា​យ៉ាងណា​វា​ក៏​អាច​បណ្ដាលមកពី​បញ្ហា​សុខភាព​មួយចំនួន​ផងដែរ​ដូចជា​ជំងឺ​លើស​ជាតិ​កាល់ស្យូម​ក្នុង​ឈាម​។​
 
៩. ពណ៌​ខ្មៅ​

​វា​ពិតជា​គួរឱ្យភ្ញាក់ផ្អើល​ណាស់​ដែល​ទឹកនោម​មាន​ពណ៌​ខ្មៅ​! កត្តា​ជាច្រើន​ដែល​បង្កបញ្ហា​នេះ​រួម​មានការ​ទទួលទាន​ថ្នាំ​មួយចំនួន​មាន​ផ្ទុក​សារធាតុ laxatives និង​ជាតិ​ដែក​ជាដើម​។​
 
១០. គ្មាន​ពណ៌​

​ប្រសិនបើ​ទឹកនោម​របស់​អ្នក​គ្មាន​ពណ៌​អ្វី​សោះ​នោះ​មានន័យថា​អ្នក​កំពុង​ទទួលទាន​ទឹក​ច្រើន​លើស​ពេក​ហើយ​! ទឹកនោម​គ្មាន​ពណ៌​ចង្អុលបង្ហាញ​ឱ្យដឹងថា​តម្រងនោម​កំពុងធ្វើការ​ខុសធម្មតា​ក្នុងការ​បញ្ចេញ​ជាតិ​ទឹក​ដែល​លើស​តម្រូវការ​ចេញពី​រាងកាយ​។ ទឹកនោម​គ្មាន​ពណ៌​ក៏​អាចជា​លទ្ធផល​នៃ​ការ​ទទួលទាន​ថ្នាំ​បញ្ចុះ​ទឹកនោម​ផងដែរ​៕
 
ត្រួតពិនិត្យ​ដោយ www.health.com.kh​​

© រក្សាសិទ្ធិដោយ thmeythmey.com