ប្រធានាធិបតីចិន លោក ស៊ី ជិនភីង បានជួបជាមួយមេដឹកនាំហុងកុងលោកស្រី ការី ឡាំ ក្នុងរដ្ឋធានី ប៉េកាំង នៅថ្ងៃចន្ទ ១៦ ធ្នូ ។ ក្នុងជំនួបដែលលោកស្រី ឡាំ ត្រូវរាយការណ៍ពីស្ថានភាពទូទៅនៅហុងកុង លោក ស៊ី លើកឡើងថា លោកទទួលស្គាល់កិច្ចប្រឹងប្រែងរបស់លោកស្រីក្នុងការដឹកនាំទីក្រុងមជ្ឈមណ្ឌលអាស៊ីមួយនេះ អំឡុងពេលដ៏លំបាកបំផុត។
«សភាពការណ៍ក្នុងទីក្រុង ហុងកុង ក្នុងឆ្នាំ២០១៩ គឺជារឿងដ៏ស្មុគស្មាញ និងលំបាកបំផុត» ចាប់តាំងពីបានប្រគល់ឲ្យចិនវិញក្នុងឆ្នាំ១៩៩៧មក។ លោក ស៊ី ជិនភីង ប្រាប់អ្នកសារព័ត៌មានយ៉ាងខ្លីបែបនេះ មុននឹងកិច្ចប្រជុំបិទទ្វារជាមួយលោកស្រី ឡាំ បញ្ចប់។
ជំនួបនៅថ្ងៃចន្ទដែលជាផ្នែកមួយនៃដំណើរទស្សនកិច្ចការងារប្រចាំឆ្នាំរបស់មេដឹកនាំហុងកុង ដើម្បីរាយការណ៍ពីសភាពការណ៍ហុងកុងដល់ប្រធានាធិបតីចិននេះ កើតឡើងក្រោយពីប៉ូលិសនិងក្រុមបាតុករហុងកុងបានប៉ះទង្គិចគ្នា នៅយប់ថ្ងៃអាទិត្យចុងសប្តាហ៍នេះ ខណៈវិបត្តិនយោបាយរបស់ទីក្រុងហុងកុងដ៏អាក្រក់បំផុតនេះ កំពុងឈានចូលដល់ខែទី៧ហើយនោះ។
សារព័ត៌មានហុងកុង មានការសង្ស័យថា ជំនួបរបស់លោកស្រី ឡាំ ជាមួយលោកប្រធានាធិបតី ស៊ី អាចឈានដល់ដាក់ចេញចំណាត់ការថ្មីដើម្បីដោះស្រាយវិបត្តិនយោបាយនេះ ដែលក្នុងនោះក៏មាន លទ្ធភាពនៃការរុះរើគណៈរដ្ឋមន្ត្រីហុងកុងផងដែរ។ យ៉ាងណាមិញ លោក ស៊ី ពុំបានបញ្ជាក់ច្បាស់រឿងនេះឡើយ ក៏ប៉ុន្តែបានសង្កត់ធ្ងន់ជាថ្មីនូវការគាំទ្ររបស់លោកចំពោះប្រធានប្រតិបត្តិប្រចាំក្រុង ហុងកុង លោកស្រី ការី ឡាំ ទោះជារបាយការណ៍កន្លងទៅ បានផ្សាយថា លោកស្រី ប្រហែលអាចត្រូវផ្លាស់ប្តូរក៏ដោយក្តី។
«យើង នឹងបន្តការគាំទ្រដោយឥតងាករាចំពោះអ្នកក្នុងការដឹកនាំរដ្ឋាភិបាលរដ្ឋបាលពិសេស ដោយអនុលោមតាមច្បាប់»។ លោកស៊ី លើកឡើងបែបនេះនៅចំពោះមុខលោកស្រី ការី ឡាំ។ តាមការចុះផ្សាយរបស់ទីភ្នាក់ងារព័ត៌មាន Reuters មេដឹកនាំចិនរូបនេះ បន្ថែមថា ទីក្រុងប៉េកាំង ប្តេជ្ញាគាំទ្រប៉ូលិសហុងកុងក្នុងការអនុវត្តច្បាប់យ៉ាងតឹងរ៉ឹង ខណៈបង្ហាញក្តីសង្ឃឹមថាឯកភាពនឹងជួយដឹកនាំទីក្រុងនេះវិលត្រលប់មករកផ្លូវត្រូវវិញ។
ជារឿងគួរឲ្យភ្ញាក់ផ្អើល ក្នុងជំនួបនេះ ក៏មានការចូលរួមពីសំណាក់ប្រធានសន្តិសុខជាតិរបស់ចិនផងដែរ នោះគឺលោក Guo Shengkun។ ជាសមាជិកម្នាក់នៃគណៈកម្មាធិការមជ្ឈិមបក្សដែលមានសមាជិក២៥នាក់ និងជាប្រធានគណៈកម្មការកិច្ចការច្បាប់ និងនយោបាយរបស់បក្ស លោក Guo មើលការខុសត្រូវលើកម្លាំងប៉ូលិស ភ្នាក់ងារចារកម្ម អគ្គរដ្ឋអាជ្ញា និងតុលាការ។ បើតាមកាសែតហុងកុង South China Morning Post អ្នកឃ្លាំមើលខ្លះ អះអាងថា វត្តមានរបស់លោក Guo បានឆ្លុះបង្ហាញពីការយកចិត្តទុកដាក់ពីសំណាក់ក្រុងប៉េកាំងខ្លាំងជាងមុនលើការអនុវត្តច្បាប់និងកម្លាំងប៉ូលិសហុងកុង។ ប្រភពមួយផ្សេងទៀត អះអាងថា លោក Guo បានបញ្ជាឲ្យបង្កើតក្រុមការងារឆ្លើយតបរហ័សអន្តរភ្នាក់ងារ ក្នុងទីក្រុង Shenzhen ដើម្បីតាមដានសភាពការណ៍ បាតុកម្មនៅហុងកុង ផងដែរ។
នៅមុនជំនួបជាមួយលោកស៊ី ជិនភីង លោកស្រី ឡាំ បានជួបជាមួយនាយករដ្ឋមន្ត្រីចិន លោក លី ខឹឈាង ដែលបានបញ្ជាក់ថា ទីក្រុង ហុងកុង ពុំទាន់ធ្លាក់ចូលក្នុងស្ថានភាព «ជម្រើសអាក្រក់ពីរ ( Dilemma)» ឡើយ ។ ត្រង់ចំណុចនេះ លោក គូសបញ្ជាក់បែបនេះ៖«រដ្ឋាភិបាលហុងកុង ត្រូវបន្តប្រឹងប្រែង បញ្ចប់អំពើហិង្សា និងបញ្ឈប់ភាពចលាចល ដោយអនុលោមតាមច្បាប់ ព្រមទាំងស្តារសណ្ដាប់ធ្នាប់ឡើងវិញ»។
គួរកត់សម្គាល់ថា បាតុកម្ម បានផ្ទុះឡើងក្នុងទីក្រុងហុងកុង តាំងពីខែមិថុនាមកម្ល៉េះ ដោយកាលនោះ ពលរដ្ឋហុងកុងជាង១លាននាក់បាននាំគ្នាធ្វើសកម្មភាពតវ៉ាតាមដងផ្លូវប្រឆាំងនឹងសំណើច្បាប់មួយដែលនឹងអនុញ្ញាតឲ្យធ្វើបត្យាប័នទៅកាន់ប្រទេសចិន។ ទោះបីជារដ្ឋាភិបាលលោកស្រី ការី ឡាំ នៅទីបំផុតទៅ បានសម្រេចដកហូតសំណើច្បាប់បត្យាប័ននេះ ការទាមទាររបស់បាតុករ បានរីកធំឡើងទៅជាការទាមទារលទ្ធិប្រជាធិបតេយ្យ៕