ជាតិ
សេដ្ឋកិច្ច
ការទូទាត់​ថ្លៃ​សេវា​ប្រមូល​សំរាម នឹងត្រូវ​ធ្វើឡើង​តាម​ប្រព័ន្ធ​អេឡិចត្រូនិក ចាប់ពី​ដើមឆ្នាំ​២០២០
17, Dec 2019 , 11:59 am        
រូបភាព
​ភ្នំពេញ​៖ ថ្លៃ​សេវា​ប្រមូល​សំរាម នឹងត្រូវ​ដកចេញ​ពី​វិក្កយបត្រ​របស់​អគ្គិសនី​កម្ពុជា​(EDC) ចាប់ពី​ថ្ងៃទី​១​មករា ឆ្នាំ​២០២០​តទៅ​។  អំឡុងពេល​អន្តរកាល​នេះ ការទូទាត់​ថ្លៃ​សេវា​ប្រមូល​សំរាម​ប្រចាំខែ នឹងត្រូវ​ធ្វើឡើង​តាម​ប្រព័ន្ធ​ទូទាត់​អេឡិចត្រូនិក ធនាគារ ឬ​តាម​ភ្នាក់ងារ​វេរ​លុយ​នានា​។ នេះ​បើតាម​សេចក្តីណែនាំ​របស់​រដ្ឋបាល​រាជធានី​ភ្នំពេញ​ថ្ងៃទី​១៦ ធ្នូ ឆ្នាំ​២០១៩​។​

 
​រដ្ឋបាល​រាជធានី​ភ្នំពេញ បាន​ផ្លាស់ប្ដូរ​ប្រព័ន្ធគ្រប់គ្រង និង​នីតិវិធី​នៃ​ការបង់ថ្លៃ​សេវា​ប្រមូល​សំរាម និង​សំណល់​រឹង ក្នុងដំណាក់កាល​អន្តរ​កាល ដោយ​អតិថិជន ត្រូវ​បង់ថ្លៃ​សេវា​ប្រមូល​សំរាម​តាម​ប្រព័ន្ធ​អេឡិចត្រូនិក​(​ទូរស័ព្ទដៃ​)  ឬ​បញ្ជរ​ទូទាត់​នៅ​ធនាគារ ឬ​តាម​ភ្នាក់ងារ​វេរ​លុយ​។ 
 
​ជាមួយគ្នា​ដែរ ក្នុងអំឡុង​ពេលនេះ រដ្ឋាភិបាល អនុញ្ញាត​ឲ្យ​ក្រុមហ៊ុន ស៊ីន ទ្រី បន្ត​សិទ្ធិ​ប្រតិបត្តិ​ការសំអាត ប្រមូល និង​ដឹកជញ្ជូន​សំរាម និង​សំណល់​រឹង​បណ្តោះអាសន្ន ប៉ុន្តែ​គ្មាន​សិទ្ធិ​ប្រមូល​ថ្លៃ​សេវា​សំអាត ប្រមូល និង​ដឹកជញ្ជូន​សំរាម និង​សំណល់​រឹង​នោះទេ​។ ទន្ទឹមនឹងនេះ រដ្ឋាភិបាល សម្រេច​រក្សា​តម្លៃ​សេវា​បច្ចុប្បន្ន​បណ្តោះអាសន្ន​សិន និង​ប្រើប្រាស់​អត្រា​តម្លៃ​ប្រមូល​សំរាម​ដែល​បង់​រួច កាលពី​ខែតុលា ឆ្នាំ​២០១៩ ជា​មូលដ្ឋាន​ប្រើប្រាស់​ក្នុងពេល​អន្តរកាល​នេះ ដែល​រដ្ឋាករ​ស្វ័យ​ត​គ្រប់គ្រង​សំរាម និង​សំណល់​រឹង​រាជធានី​ភ្នំពេញ ជា​អ្នក​ដែលមាន​ភារកិច្ច​ទទួល​បន្ទុក​លើ​ការគ្រប់គ្រង​ការផ្តល់សេវា​ប្រមូល​សំរាម និង​សំណល់​រឹង​។​
 
​បើតាម​តាម​សេចក្តីណែនាំ​របស់​រដ្ឋបាល​រាជធានី​ភ្នំពេញ​ដដែល ចាប់ពី​ថ្ងៃទី​១ មករា ឆ្នាំ​២០២០ អតិថិជន​ត្រូវ​បង់ថ្លៃ​សេវា​ប្រចាំខែ ចាប់ពី​ថ្ងៃទី​១ ដល់​ថ្ងៃទី​១៥ នៃ​ខែ​បន្ទាប់ តាម​មធ្យោបាយ​អេឡិចត្រូនិក ឬ​បញ្ជរ​ទូទាត់​នៅ​ធនាគារ ឬ​ភ្នាក់ងារ​ទូទាត់​ផ្សេងៗ​ទៀត​។ អតិថិជន​ក៏​អាច​ជ្រើសរើស​បង់ថ្លៃ​សេវា​សម្រាប់​ច្រើន​ខែ​ទុកជាមុន​បាន​ផងដែរ ដោយ​ប្រព័ន្ធ​ទូទាត់​នឹង​កាត់កង និង​បង្ហាញ​សមតុល្យ​ទឹកប្រាក់​នៅសល់​ជា​ស្វ័យប្រវត្តិ​ជា​រៀងរាល់ខែ​។ ក្នុងករណី​ខកខាន មិនបាន​បង់​ទូទាត់​ក្រោយ​រយៈពេល​១៥​ថ្ងៃ នៃ​ដំណាច់ខែ​នីមួយៗ នឹងត្រូវ​ចាត់ទុកជា​បំណុល​។​
 
​សូមបញ្ជាក់ថា ពលរដ្ឋ​ដែល​ធ្លាប់​បង់ថ្លៃ​សេវាកម្ម​ប្រមូល​សំរាម​តាម​វិក្កយបត្រ​អគ្គិសនី ត្រូវ​គិត​អត្រា​តម្លៃ​ដែល​បាន​បង់​កាលពី​ខែតុលា ឆ្នាំ​២០១៩ និង​លេខ​សម្គាល់​(ID) ក្នុង​វិក្កយបត្រ​អគ្គិសនី​។ ចំណែក​ពលរដ្ឋ​ដែល​ត្រូវ​បង់ថ្លៃ​សេវា​ឲ្យ​ក្រុមហ៊ុន​ស៊ីន​ទ្រី ត្រូវ​បញ្ឈប់​ការបង់ ដោយ​បង្វែរ​ការបង់ថ្លៃ​សេវាកម្ម​ទៅ​រដ្ឋាករ​ស្វ​យ័​ត្រ​គ្រប់គ្រង​សំរាម​រាជធានី​ភ្នំពេញ តាម​ប្រព័ន្ធ​អេឡិចត្រូនិក​ឬ​ធនាគារ​។ ដោយឡែក ពលរដ្ឋ​ដែល​មិន​ធា្ល​ប់​បង់ថ្លៃ​សេវាកម្ម ត្រូវយក​លេខ​សម្គាល់​ក្នុង​វិក្កយបត្រ​អគ្គិសនី បង់​តាម​ប្រព័ន្ធ​អេឡិចត្រូនិក ឬ​ធនាគារ​៕ 

Tag:
 សំរាម​
  សេវា​ប្រមូល​សំរាម​
 ​ប្រព័ន្ធ​ទូទាត់​
 ​ហិរញ្ញវត្ថុ​
© រក្សាសិទ្ធិដោយ thmeythmey.com