កីឡាអន្តរជាតិ
អន្តរជាតិ
ចិន​ថា Ozil ដឹង​ព័ត៌មាន​ក្លែងក្លាយ ទើប​រិះគន់​ចិន ជុំវិញ​ការបង្ក្រាប​ជនជាតិភាគតិច​វី​ហ្គ័​រ
17, Dec 2019 , 12:59 pm        
រូបភាព
​អ្នកនាំពាក្យ​ក្រសួងការបរទេស​ចិន​លោក Geng Shuang បាន​ឆ្លើយតប​ទៅកាន់ Mesut Ozil ដែល​រិះគន់​ចិន​ជុំវិញ​ការបង្ក្រាប​ជនជាតិ​មូស្លីម​ភាគតិច​វី​ហ្គ័​រ​នៅ​ខេត្ត​ស៊ីន​ជាំ​ង​ថា​ខ្សែបម្រើ Arsenal រូបនេះ​ទទួលបាន​ព័ត៌មាន​ក្លែងក្លាយ (Fake News) ប៉ុណ្ណោះ​។ លោក Geng ថែមទាំង​ចង់​បបួល Ozil ទៅ​មើល​ស្ថានភាព​ដ៏​រីករាយ​ពិតប្រាកដ​របស់​ប្រជាជន និង​ជនជាតិភាគតិច​ក្នុង​ខេត្ត​ស៊ីន​ជាំ​ង​សព្វថ្ងៃ​ទៀតផង​។​


Ozil ដែលមាន​ដើមកំណើត​តួ​ក​គី និង​ជា​អ្នក​កាន់សាសនា​អ៊ីស្លាម​ផង បាន​ថ្កោលទោស​ការបង្ក្រាប​របស់​ចិន ទៅលើ​ជនជាតិភាគតិច​វី​ហ្គ័​រ និង​ជនជាតិភាគតិច​ដទៃទៀត ក្នុង​ខេត្ត​ស៊ីន​ជាំ​ង ប្រទេស​ចិន​។ បុរស​វ័យ​៣១​ឆ្នាំ ដែល​បាន​ហៅ​ជនជាតិភាគតិច​វី​ហ្គ័​រ ថា​ជា​អ្នក​ចម្បាំង​ក្រោយ​ពួកគេ​ប្រឆាំងនឹង​ការ​ធ្វើទុក្ខបុកម្នេញ​ពី​សំណាក់​ចិន​នោះ បាន​បង្ហោះ​សារ​ក្នុង​បណ្តាញ​សង្គម Twitter របស់ខ្លួន នៅ​ថ្ងៃទី​១៣ ខែធ្នូ ដោយបាន​រិះគន់​ចិន និង​ប្រទេស​មូស្លីម​ផ្សេងទៀត ដែល​មិន​ហ៊ាន​ហាមាត់ ប្រឆាំងនឹង​ការរំលោភបំពាន​នេះ​។​
 
​យ៉ាងណាក៏ដោយ ការលើកឡើង​របស់ Ozil បែបនេះ បានធ្វើ​ឲ្យ​ភាគី​ចិន​មិន​សប្បាយចិត្ត​ឡើយ ហើយ​ទូរទស្សន៍​រដ្ឋ​ចិន CCTV ក៏បាន​បិទ​ការចាក់​បញ្ចាំង​ការប្រកួត​រវាង​ក្រុម Arsenal និង Manchester City នា​ជំនួប​ប្រកួត​ក្នុង​ក្របខណ្ឌ Premier League សប្តាហ៍​ទី​១៧ នៅ​យប់​ថ្ងៃទី​១៥ ខែធ្នូ​ទៀតផង​។ 
 
​លោក Geng Shuang អ្នកនាំពាក្យ​ក្រសួងការបរទេស​ចិន​បាន​អះអាង ថា​ខ្សែបម្រើ​សញ្ជាតិ​អាល្លឺម៉ង់​រូបនេះ​ទទួល​ឥទ្ធិពល​និង​ព័ត៌មាន​មិន​ពិត ហើយ​ចង់​អញ្ជើញ Ozil ទៅ​ទស្សនា​តំបន់​ស៊ីន​ជាំ​ង ដើម្បី​មើល​ពិ​ស្ថានភាព​របស់​ប្រជាជន​និង​ជនជាតិភាគតិច​ទាំងនោះ​ដោយ​ខ្លួនឯង​។​


អ្នកនាំពាក្យក្រសួងការបរទេសចិនលោក Geng Shuang
 
«​យើង​សូម​ស្វាគមន៍ Ozil ទៅ​ទស្សនា​ស៊ីន​ជាំ​ង​ហើយ​មើល​កន្លែង​នោះ​ដោយផ្ទាល់​ភ្នែក​។ ដរាបណា​គាត់​មិនមាន​ស្មារតី​លំអៀង និង​ទទួលបាន​ព័ត៌មាន​ពិត​គាត់​នឹង​ឃើញ​ស៊ីន​ជាំ​ង​ខុសពី​អ្វីដែល​គាត់​បានគិត​។ ខ្ញុំ​ចង់​ប្រា​ប់លោក Ozil ថា​ស៊ីន​ជាំ​ង​មាន​ស្ថេរភាព​នយោបាយ កំណើនសេដ្ឋកិច្ច ជនជាតិដើម​ភាគតិច​ដែលមាន​សាមគ្គីភាព និង​ភាពសុខដុមរមនា​ក្នុងសង្គម ហើយ​ប្រជាជន​នៅ​ទីនោះ​កំពុង​រស់នៅក្នុង​ជីវិត​ដែល​សប្បាយរីករាយ​»​។ នេះ​ជាការ​បញ្ជាក់​របស់​អ្នកនាំពាក្យ​ក្រសួងការបរទេស​ចិន​។​
 
​ព័ត៌មាន​មិន​ពិត​ដែល Ozil ទទួលបាន​នោះ ទំនងជា​លោក Geng ចង់​សំដៅលើ​ការចុះផ្សាយ​របស់​សារព័ត៌មាន​មួយចំនួន រួមទាំង​ក្រុម​សិទ្ធិមនុស្ស​ផង​។ ជុំវិញ​ករណីនេះ ក្រុម​សិ​ទិ្ធ​មនុស្ស​បានបង្ហាញ​តួលេខ​ថា​មាន​ជនជាតិភាគតិច​វី​ហ្គ័​រ និង​ប្រជាជន​ជា​ជនជាតិភាគតិច​មូស្លីម ជាង​មួយ​លាន​នាក់​ផ្សេងទៀត ត្រូវបាន​ឃុំខ្លួន​ក្នុង​ជំរំ​ដោយមាន​ការគ្រប់គ្រង​យ៉ាង​តឹងរុឹង​ពី​សំណាក់​ចិន​។​
 
​យ៉ាងណា ចិន​នៅតែ​បន្ត​បដិសេធ​ជារឿយៗ ចំពោះ​ការធ្វើ​បាប​ជនជាតិភាគតិច​វី​ហ្គ័​រ​នៅក្នុង​ប្រទេស​ខ្លួន ដោយ​និយាយថា​ពួកគេ​កំពុង​ទទួល​ការអប់រំ​នៅក្នុង​«​មជ្ឈមណ្ឌល​បណ្តុះបណ្តាល​វិជ្ជាជីវៈ​» ដើម្បី​ប្រយុទ្ធ​ប្រឆាំងនឹង​ភាពជ្រុលនិយម​ខាង​សាសនា​។​
 
​ជុំវិញ​ការឃុំខ្លួន​នេះ លោក Geng បាន​ប្រាប់​ទៅ​ខ្សែបម្រើ​ក្រុម​កាំភ្លើង​ធំ​វិញ តាមរយៈ​អ្នកកាសែត​ថា​៖«​អ្វីដែល​គាត់​មិនដឹង​គឺថា​រដ្ឋាភិបាល​ចិន​ការពារ​សិទ្ធិសេរីភាព​ខាង​ជំនឿ​សាសនា​របស់​ពួកគេ​ដោយ​ស្របតាម​ច្បាប់​។ វិធានការ​របស់​រដ្ឋា​ភិ​បាល​ចិន​បែបនេះ ជាការ​ប្រយុទ្ធ​ប្រឆាំងនឹង​អំពើ​ភេរវកម្ម និង​រក្សា​ស្ថិរភាព​នៅ​ស៊ីន​ជាំ​ង ហើយក៏​ត្រូវបាន​គាំទ្រ​ដោយ​ប្រជាជន​ក្នុង​តំបន់​របស់​ជនជាតិភាគតិច​ផ្សេងៗ​ផងដែរ​។ ដោយសារ​វិធានការ​ទាំ​ង​នេះហើយ ទើប​ស៊ីន​ជាំ​ង​មិនបាន​ឆ្លងកាត់​ការវាយប្រហារ​ភេរវកម្ម​ណាមួយ​ឡើយ​ក្នុង​រយៈពេល​បី​ឆ្នាំ​ជាប់ៗ​គ្នា​នេះ​។​
​នៅពេល​អ្នកកាសែត​សួរថា ហេតុអ្វី​ជំនួប Arsenal និង Man City ត្រូវ​បិទ​ការចាក់​បញ្ចាំង​លើ​ទូរទស្សន៍​រដ្ឋ​ចិន​? តើ​លោក​រំពឹងថា​រឿងនេះ​អាច​នឹង​កើតឡើង​ម្តងទៀត​ជាមួយ​ក្លិប​នេះ ឬ​លី​គ​ក្នុង​ក្របខណ្ឌ  Premier League ជា​លើក​ទី​២​ទេ​?
 
​លោក Shuang អ្នកនាំពាក្យ​ក្រសួងការបរទេស​ចិន​មិន​ឆ្លើយ​នឹង​សំនួរ​នេះ​ទេ​៕

Tag:
 ចិន​
  វី​ហ្គ័​រ​
  Mesut Ozil
© រក្សាសិទ្ធិដោយ thmeythmey.com