អន្តរជាតិ
អតីត​នាយករដ្ឋមន្ត្រី យី​ង​ឡាក់ ចោទ​ក្រុង​បាងកក​អនុវត្ត «​បទដ្ឋាន​ពីរ​ជាន់​» លើ​ករណី​រឹបអូស​ទ្រព្យសម្បត្តិ​
17, Dec 2019 , 2:33 pm        
រូបភាព
រូបភាព Screen Shot ពីហ្វេសប៊ុកផ្លូវការរបស់លោកស្រី យឺងឡាក់ ស៊ីណាវ៉ាត់
រូបភាព Screen Shot ពីហ្វេសប៊ុកផ្លូវការរបស់លោកស្រី យឺងឡាក់ ស៊ីណាវ៉ាត់
ដោយ:
​អតីត​នាយករដ្ឋមន្ត្រី​ថៃ លោកស្រី យី​ង​ឡាក់ ស៊ីណា​វ៉ា​ត់ បាន​ត្អូញត្អែរ​ជុំវិញ​ការអនុវត្ត «​បទដ្ឋាន​ពីរ​ជាន់​» ជុំវិញ​ការ​រឹបអូស​ទ្រព្យសម្បត្តិ​លោកស្រី​ពី​សំណាក់​រដ្ឋាភិបាល​ដែល​លោកស្រី អះអាងថា នៅ​ពីក្រោយ​ដោយ​ក្រុម​យោធា​។

 
​លើ​ទំព័រ​ហ្វេ​ស​ប៊ុ​កនៅ​ថ្ងៃ​ចន្ទ ១៦ ធ្នូ លោកស្រី យី​ង​ឡាក់ ស៊ីណា​វ៉ា​ត់ បានសរសេរថា លោកស្រី​មិន​សប្បាយចិត្ត​ខណៈ​លោកស្រី​ត្រូវ​ឃ្លាតឆ្ងាយ​ពី​កូនប្រុស គ្រួសារ និង​អ្នកគាំទ្រ ក៏ដូចជា ទ្រព្យសម្បត្តិ​ដែល​លោកស្រី​រកបាន មុនពេល​ក្លាយជា​នាយករដ្ឋមន្ត្រី​។ 
 
«​ផ្ទះ​របស់ខ្ញុំ ត្រូវបាន​រឹបអូស​ដោយ​រដ្ឋាភិបាល​បច្ចុប្បន្ន ខណៈ​ទ្រព្យសម្បត្តិ​នានា​ត្រូវបាន​យកទៅលក់​ដោយ​នាយកដ្ឋាន​អនុវត្ត​ច្បាប់​ថៃ​»​។ លោកស្រី យី​ង​ឡាក់ លើកឡើង​បែបនេះ ដោយ​បន្ថែមថា លោកស្រី​ធ្លាប់បាន​ប្រើ​នីតិវិធី​ច្បាប់​ទាំងអស់​ដើម្បី​ទាមទារ​ទ្រព្យសម្បត្តិ​ទាំងនោះ​មកវិញ ក៏ប៉ុន្តែ​ពុំ​អាច​បញ្ឈប់​មន្ត្រី​ទាំងនោះ​ពី​ការអនុវត្ត​កាតព្វកិច្ច​ពួកគេ​ដោយ​មិន​ខ្វាយខ្វល់​ពី​ច្បាប់ ក្រោម​មាត្រា ៤៤ នៃ​រដ្ឋធម្មនុញ្ញ​បណ្ដោះអាសន្ន ឆ្នាំ​២០១៤​។ 
 
​តាម​សំណេរ​ជា​ភាសា​ថៃ​ដដែល លោកស្រី សង្កត់ធ្ងន់ថា លោកនាយករដ្ឋមន្ត្រីថៃ​ប្រា​យុទ្ធ ចន្ទ​អូ​ចា បាន​ប្រើប្រាស់​មាត្រា​នេះ ចាប់តាំងពី​លោក​បាន​ចូល​ក្តោប​ក្តាប់​អំណាច ហើយ​រុញច្រាន​ប្រទេស​ថៃ​ឲ្យ​ធ្លាក់ចូល​ក្នុងការ​ដឹកនាំ​បែប​សឹក​។ «​រហូតមកដល់​ពេលនេះ មាត្រា​នេះ​មាន​ប្រសិទ្ធភាព ហើយ​ក្រុមមន្ត្រី​ទាំងនោះ ពុំ​ខ្វល់​ទេ​ថា ពួកគេ​មិនអាច​លក់​ទ្រព្យសម្បត្តិ​ខ្ញុំ​បានឡើយ លុះត្រាតែ​ខ្ញុំ​ត្រូវបាន​តុលាការ​កាត់​ថា​ជា​អ្នកចាញ់​ក្តី​»​។ 
 
​លោកស្រី យី​ង​ឡាក់ អះអាង​ទៀតថា ការបាត់បង់​អំណាច​របស់​លោកស្រី គឺ​ខុសប្លែក​ពី​បណ្តា​មេ​ដឹក​ថៃ​ដទៃទៀត​ក្នុង​ប្រវត្តិសាស្ត្រ ហើយ​ការដាក់​អភ័យឯកសិទ្ធិ​របស់​មា​ត្រា​នេះ​ឲ្យ​មានអំណាច​លើសពី​សាលក្រម​របស់​តុលាការ​នោះ គឺជា​រឿង​ខុសច្បាប់​។ សម្រាប់​លោកស្រី ការប្រើប្រាស់​មាត្រា​នេះ​លើសពី​អំណាច​អធិបតេយ្យ​គឺជា​បំផ្លិចបំផ្លាញ​សេរីភាព​មូលដ្ឋាន​របស់​ប្រជាជន​។​
 
 «​ខ្ញុំ​បាន​ព្យាយាម​ទាមទារ​រាល់​ទ្រព្យសម្បត្តិ​ទាំងអស់​ដែល​ក្នុងនោះ បានប្រគល់​ឲ្យ​ដោយ​ឪពុកម្តាយ​ខ្ញុំ ក៏ប៉ុន្តែ ខ្ញុំ​មិនមាន​លទ្ធភាព​ការពារ​សម្បី​តែមួយ​ក្នុងចំណោម​ពួកវា​»​។ លោកស្រី និយាយ​បែបនេះ​ដោយ​បន្ថែមថា រាល់​ពេលដែល​លោកស្រី​បានដឹង​ដំណឹង​ថា ទ្រព្យសម្បត្តិ​លោកស្រី ត្រូវបាន​យកទៅលក់​បាត់​នោះ លោកស្រី​រំជួលចិត្ត​យ៉ាងខ្លាំង​។ ជា​សារ​ចុងក្រោយ លោកស្រី​អតីត​នាយករដ្ឋមន្ត្រី​វ័យ​៥២​ឆ្នាំ​រូបនេះ បាន​លើកឡើងថា លោកស្រី នឹងមិន​ជាប់ផុង​ក្នុង​អតីតកាល​ឡើយ ព្រោះថា​មាន​មនុស្ស​ជាច្រើន​នាក់​កំពុង​ផ្ញើ​ក្តីសង្ឃឹម​ពួកគេ​លើ​ខ្លួន​លោកស្រី​។ 
 
​គួរ​រម្លឹក​ផងដែរ​ថា ក្នុង​ឆ្នាំ​២០១៧ លោកស្រី យី​ង​ឡាក់ និង​បក្ខពួក​ផ្សេងទៀត ត្រូវបាន​ចោទប្រកាន់​ពីបទ​បរាជ័យ​ក្នុងការ​អនុវត្ត​កាតព្វកិច្ច​ពួកគេ ដែល​ឈានដល់​មាន​អំពើពុករលួយ និង​ការខូចខាត​ហិរញ្ញវត្ថុ​រដ្ឋ​យ៉ាងច្រើន​សម្បើម ខណៈ​អនុវត្ត​ផែនការ​ស្រូវ​អង្ករ ដែល​លោកស្រី​បាន​សន្យារ​អំឡុងពេល​ឃោសនាបោះឆ្នោត​។ 
 
​មាត្រា ៤៤ ត្រូវបាន​រដ្ឋាភិបាល​លោក​ប្រា​យុទ្ធ​យកទៅ​ប្រើប្រាស់ ហើយ​លោកស្រី យី​ង​ឡាក់ ត្រូវបាន​រកឃើញថា​ទទួលខុសត្រូវ​ចំពោះ​ការខូចខាត​ដែល​ប៉ះពាល់​ដល់​កញ្ចប់​ថវិកា​រដ្ឋ ពី​ការអនុវត្ត​ផែនការ​ស្រូវ​អង្ករ​។ ទ្រព្យសម្បត្តិ​លោកស្រី ត្រូវបាន​បង្កក ឬ​រឹបអូស ដោយ​នាយកដ្ឋាន​អនុវត្ត​ច្បាប់​ថៃ ។ ក្រោយមក​លោកស្រី បាន​រត់​ភៀសខ្លួន​ចេញពី​ប្រទេស​ថៃ ក្នុង​ខែសីហា ឆ្នាំ​២០១៧ ប៉ុន្មាន​ថ្ងៃមុន​តុលាការ​កំពូល​ថៃ រៀបចំ​ចេញ​សាលក្រម​ក្នុង​សំណុំរឿង​ប្រឆាំង​លោកស្រី​។ ហើយ​ក្នុង​ខែកញ្ញា ឆ្នាំ​២០១៩ របាយការណ៍​ជាច្រើន ចុះផ្សាយ​ថា រដ្ឋាភិបាល​នៃ​ប្រទេស​ស៊ែ​ប៊ី​បានប្រកាសថា លោកស្រី យី​ង​ឡាក់ ត្រូវ​បានផ្តល់​សញ្ជាតិ​ស៊ែ​ប៊ី និង​លិខិតឆ្លងដែន​ក្នុង​ខែកញ្ញា ៕

Tag:
 ថៃ​
  លោកស្រី យី​ង​ឡាក់ ស៊ីណា​វ៉ា​ត់​
 ​ប្រា​យុទ្ធ ចន្ទ​អូ​ចា​
  បទដ្ឋាន​ពីរ​ជាន់
© រក្សាសិទ្ធិដោយ thmeythmey.com