អន្តរជាតិ
សមាជិកព្រឹទ្ធសភាអាមេរិកពិភាក្សាអំពីទំនាក់ទំនងយោគយល់គ្នា និងអំពីដំណើរការសន្តិភាពនៅអាហ្វហ្គានីស្ថាន រូបឯកសារ៖ លោក Lindsey Graham ធ្វើសន្និសីទកាសែតមួយនៅស្ថានទូតអាមេរិកក្នុងក្រុងអ៊ីស្លាម៉ាបាដ ប្រទេសប៉ាគីស្ថាន កាលពីថ្ងៃទី២០ ខែមករា ឆ្នាំ២០១៩។
× សមាជិកព្រឹទ្ធសភាសហរដ្ឋអាមេរិកលោក Lindsey Graham បានជួបជាមួយក្រុមមន្ត្រីនានានៅក្នុងប្រទេសប៉ាគីស្ថានកាលពីថ្ងៃចន្ទ ដើម្បីពិភាក្សាអំពីទំនាក់ទំនងទ្វេភាគីទូលំទូលាយមួយ ដោយផ្តោតជាពិសេសទៅលើកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ច និងកិច្ចប្រឹងប្រែងកសាងសន្តិភាពនៅក្នុងប្រទេសអាហ្វហ្គានីស្ថាន។ នេះបើយោងតាមមន្ត្រី។
ការិយាល័យលោកនាយករដ្ឋមន្ត្រីនៃប្រទេសប៉ាគីស្ថានបានប្រកាសថា នៅក្នុងជំនួបរវាងលោក Graham និងលោក Imran Khan នាយករដ្ឋមន្ត្រីប៉ាគីស្ថាន លោក Graham បានថ្លែងថា ប្រធានាធិបតីអាមេរិកលោក Donald Trump កោតសរសើរយ៉ាងខ្លាំងដល់ការបន្តជួយគាំទ្ររបស់ប៉ាគីស្ថានចំពោះដំណើរការសន្តិភាពនៅក្នុងប្រទេសអាហ្វហ្គានីស្ថាន។
ក្រុមន្ត្រីក៏បានដកស្រង់សម្តីរបស់សមាជិកព្រឹទ្ធសភាសហរដ្ឋអាមេរិករូបនេះ ដែលបានសរសើរប្រទេសប៉ាគីស្ថាន ដែលបានសង់របងព្រំដែនដើម្បីពង្រឹងសន្តិសុខនៅតាមព្រំដែនជាមួយនឹងប្រទេសអាហ្វហ្គានីស្ថាន។
ស្របពេលដែលប៉ាគីស្ថានកំពុងផ្តោតខ្លាំងលើសារៈសំខាន់នៃសន្តិភាពនិងស្ថិរភាពក្នុងប្រទេសអាហ្វហ្គានីស្ថាន លោក Khan បានបញ្ជាក់ឡើងវិញថា ប៉ាគីស្ថាននឹងបន្តដើរតួនាទីជាអ្នកសម្របសម្រួលនៅក្នុងដំណើរការសន្តិភាពនិងការស្តារហេដ្ឋារចនាសម្ព័ន្ធឡើងវិញនៅក្នុងប្រទេសអាហ្វហ្គានីស្ថាន។
លោក Graham ក៏ធ្លាប់បានធ្វើទស្សនកិច្ចនៅក្នុងប្រទេសប៉ាគីស្ថានកាលពីខែកុម្ភៈ ដែលទស្សនកិច្ចនោះគឺជាការត្រួសត្រាយផ្លូវដល់កិច្ចប្រជុំរវាងលោក Khan និងលោក Trump នៅសេតវិមានកាលពីខែកក្កដាកន្លងទៅ៕
© រក្សាសិទ្ធិដោយ thmeythmey.com