អន្តរជាតិ
ចិន​និង​រុស្ស៊ី ស្នើ​ព្យួរ​ទណ្ឌកម្ម​ខ្លះ​លើ​កូរ៉េខាងជើង តែ​អាមេរិក​ថា ពេលវេលា​មិន​សក្តិសម​
17, Dec 2019 , 7:39 pm        
រូបភាព
អគ្គរដ្ឋទូតរុស្ស៊ីប្រចាំអង្គការសហប្រជាជាតិ Vassily Nebenzia ។ រូបភាព AFP
អគ្គរដ្ឋទូតរុស្ស៊ីប្រចាំអង្គការសហប្រជាជាតិ Vassily Nebenzia ។ រូបភាព AFP
​ចិន និង​រុស្ស៊ី នៅ​ថ្ងៃទី ១៦ ខែធ្នូ គ្រោង​លើកសំណើ​ឲ្យ​មាន​ការព្យួរ​ទណ្ឌកម្ម​មួយចំនួន​របស់​អង្គការសហប្រជាជាតិ​ដែល​ដាក់​លើ​កូរ៉េខាងជើង​។ អ្នកជិតខាង​កូរ៉េខាងជើង​ទាំងពីរ​យល់ថា ចំណាត់ការ​បែបនេះ នឹង​ជួយ​ដល់​កិច្ចសន្ទនា​រវាង​កូរ៉េខាងជើង និង​អាមេរិក​ដែល​ជាប់គាំង​។ យ៉ាងណាមិញ អាមេរិក មិន​ព្រម​តាម​សំណើ​នេះ​ទេ ដោយ​លើកឡើងថា ពេលវេលា​មិន​សក្តិសម​ព្រោះ​កូរ៉េខាងជើង​មិនទាន់​ធ្វើ​អ្វី​ជា​ដុំកំភួន​រឿង​រំសាយ​នុយក្លេអ៊ែរ​នៅឡើយ​ទេ​។​

 
​សមាជិក​អចិន្ត្រៃយ៍​ពីរ​ប្រទេស​របស់​ក្រុមប្រឹក្សាសន្តិសុខ​អង្គការសហប្រជាជាតិ គឺ​ចិន និង​រុស្ស៊ី បាន​សរសេរ​សេចក្ដីព្រាង​ដំណោះស្រាយ​មួយ​ដែល​ស្នើ​អង្គការសហប្រជាជាតិ​លើកលែង​ទណ្ឌកម្ម​លើ​កូរ៉េខាងជើង​លើ​វិស័យ​មួយចំនួន​ដូចជា​ការនាំចេញ​រូបសំណាក​, ផលិតផល​នេសាទ និង​ក្រណាត់​។ នេះ​បើតាម​ការផ្សាយ​របស់​ទីភ្នាក់ងារ​ព័ត៌មាន Reuters ។​
 
​ក្នុង​សេចក្ដីព្រាង​ដដែល មហាអំណាច​ទាំងពីរ ក៏​ស្នើ​ឲ្យ​មានការ​លើកលែង​បម្រាម​លើ​ពលករ​កូរ៉េខាងជើង​ធ្វើការ​នៅ​បរទេស និង​ការបញ្ចប់​សុពលភាព​ទណ្ឌកម្ម​ឆ្នាំ​២០១៧ ដែល​តម្រូវ​ឲ្យ​ប្រ​ទស​នានា​បញ្ជូន​ពលករ​កូរ៉េខាងជើង​ត្រឡប់​ទៅ​ស្រុកកំណើត​វិញ​។ បច្ចុប្បន្ន ពលករ​កូរ៉េខាងជើង​រាប់ពាន់នាក់ កំពុងធ្វើការ​នៅ​ចិន និង​រុស្ស៊ី​។ ឯកសារ​នេះ ក៏​ចង់​ឲ្យ​មាន​ការដក​គម្រោង​កិច្ចសហប្រតិបត្តិការ​ផ្លូវដែក និង​ផ្លូវថ្នល់​អន្តរ​កូរ៉េ​ចេញពី​ការដាក់ទណ្ឌកម្ម​ផងដែរ​។ 
 
​ជាងនេះទៅទៀត សេចក្ដីព្រាង​ដំណោះស្រាយ​ខាងលើ ក៏​ស្នើ​ឲ្យ​រៀបចំ​ជំនួប​៦​ភាគី​ឡើងវិញ ឬក៏​បង្កើត​យន្តការ​ពហុភាគី​ដែល​ស្រដៀង​នឹង​តុ​ចរចា​នេះ​។ កិច្ចចរចា​៦​ភាគី​មាន​អាមេរិក ចិន រុស្ស៊ី​, ជប៉ុន​, កូរ៉េខាងត្បូង និង​កូរ៉េខាងជើង បាន​ជាប់គាំង​តាំងពី​ឆ្នាំ​២០០៩ ក្រោយ​ទីក្រុង​ព្យុងយ៉ាង​សាកល្បង​នុយក្លេអ៊ែរ​។ 
 
​យ៉ាងណាមិញ គេ​មិនទាន់​ដឹងថា សេចក្ដីព្រាង​របស់​ចិន និង​រុស្ស៊ី​នេះ នឹងត្រូវ​ដាក់​ឲ្យ​ក្រុមប្រឹក្សាសន្តិសុខ​នៅពេលណា​ឡើយ ឬក៏​អាច​នឹង​បញ្ចូល​ជា​របៀបវារៈ​ឬ​អត់​ដែរ​។ អគ្គរដ្ឋទូត​រុស្ស៊ី Vassily Nebenzia និយាយថា រុស្ស៊ី​មិនទាន់​ប្រញាប់​រឿង​អនុម័ត​ដំណោះស្រាយ​នេះ​ទេ ហើយ​ថា រុស្ស៊ី​នឹង​ជួប​ជជែក​ជាមួយ​សមាជិក​ក្រុមប្រឹក្សា​ដទៃទៀត​លើ​សេចក្ដីព្រាង​ដែល​សំដៅ​ដោះស្រាយ​បញ្ហា​មនុស្សធម៌​នៅ​កូរ៉េខាងជើង​មួយ​នេះ​។​
 
​លោក Nebenzia បន្តថា សេចក្ដីព្រាង​ដំណោះស្រាយ​នេះ មាន​គោលដៅ​ជំរុញ​ឲ្យ​មានការ​ចរចា​រវាង​អាមេរិក និង​កូរ៉េខាងជើង​។ យ៉ាងណាក្ដី មន្ត្រី​ក្រសួងការបរទេស​អាមេរិក​ម្នាក់​និយាយថា ពេលនេះ មិនមែនជា​ពេលដែល​ក្រុមប្រឹក្សាសន្តិសុខ​ពិចារណា​ពី​ការលើកលែង​ទណ្ឌកម្ម​ឡើយ ព្រោះ​ប្រទេស​នេះ​នៅតែ​គំរាមកំហែង​ធ្វើ​សកម្មភាព​បង្កហេតុ បដិសេធ​ជំនួប​ចរចា​ដើម្បី​រំសាយ​នុយក្លេអ៊ែរ និង​បន្ត​រក្សា​អាវុធ​ហាមឃាត់ ក៏ដូចជា​កម្មវិធី​មី​ស៊ី​ល​បាលី​ស្ទិ​ក​៕ 

Tag:
 ចិន​
  រុស្ស៊ី​
  អាមេរិក​
  កូរ៉េខាងជើង​
© រក្សាសិទ្ធិដោយ thmeythmey.com